ភ្នំពេញ៖ កម្ពុជាបានចុះបញ្ជីទទួលស្គាល់ និងការពារសិទ្ធិលើពូជស្វាយចន្ទីក្នុងស្រុកចំនួន ៤ ប្រភេទ ដើម្បីការពារពូជពីការលួចចម្លង ការដូរឈ្មោះ និងការយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ព្រមទាំងពង្រឹងការទទួលស្គាល់គុណភាព និងប្រភពដើមរបស់ពូជកម្ពុជានៅទីផ្សារអន្តរជាតិ។
ពូជស្វាយចន្ទីទាំង ៤ ប្រភេទ ដែលត្រូវបានចុះបញ្ជី រួមមាន M23, M10, H09 និង IM-4។ ក្នុងនោះ ពូជ M23 មានប្រជាប្រិយភាពខ្ពស់ ផ្តល់ទិន្នផលល្អ គ្រាប់ធំ និងសមស្របសម្រាប់ទីផ្សារកែច្នៃ។ ពូជ M10 មានភាពស៊ាំ និងធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្តល់ទិន្នផលស្ថិតស្ថេរ ខណៈ H09 ផ្តល់គ្រាប់មានគុណភាពល្អ និងសមស្របនឹងតំបន់ដាំដុះជាច្រើនក្នុងប្រទេស។ ចំណែក IM-4 ជាពូជកាត់ដែលត្រូវបានអភិវឌ្ឍសមត្ថភាពផលិតកម្មឱ្យកាន់តែប្រសើរ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃទី១៩ ខែសីហា ថា ការចុះបញ្ជីនេះនឹងជួយការពារពូជស្វាយចន្ទីដ៏ល្បីល្បាញរបស់កម្ពុជា មិនឱ្យមានការលួចចម្លង ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
លោកបានបញ្ជាក់ថា៖ «ពូជទាំង ៤ប្រភេទត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រសួងកសិកម្ម ហើយមានការទទួលស្គាល់ក្នុងលក្ខណៈអន្តរជាតិផងដែរ។ ការចុះបញ្ជីនេះត្រូវបានធ្វើឡើងដោយផ្អែកលើលក្ខណៈហ្សែនរបស់ពូជ ដូច្នេះការក្លែងបន្លំ ឬការដូរឈ្មោះពូជមានការលំបាក»។
លោក អួន ស៊ីឡុត បានពន្យល់ថា តាមរយៈពូជ M23, M10, H09 និង IM-4 កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីដែលមានទំហំ W160, W180, W210 និង W240 ជាចម្បង ខណៈពូជដូនតាមួយចំនួនអាចផលិតបាន W320 និង W420 ប៉ុន្តែមានទំហំគ្រាប់តូចជាង។
លោកបានលើកឡើងថា ពូជ M23 អាចផលិតបានគ្រាប់ W180 ដែលជាគ្រាប់ធំ និងមានតម្រូវការទីផ្សារ។ ទោះជាយ៉ាងណា W180 មិនមែនមានតែនៅកម្ពុជានោះទេ ដោយប្រទេសតង់ហ្សានីក៏អាចផលិតគ្រាប់មានទំហំធំប្រភេទនេះដែរ ប៉ុន្តែពូជមានភាពខុសគ្នា។
លោកបានបន្ថែមថា ប្រទេសនៅអាហ្វ្រិកខាងលិច ដូចជា បេណាំង ហ្គាណា នីហ្សេរីយ៉ា កូតឌីវ័រ និងប៊ូគីណាហ្វាសូ ភាគច្រើនផលិតគ្រាប់ស្វាយចន្ទីមានទំហំតូច ដែលអាចចេញជា W320 និងសមស្របសម្រាប់ទីផ្សារអឺរ៉ុប។ លោកបានអះអាងថា លក្ខខណ្ឌអាកាសធាតុរបស់ប្រទេសទាំងនេះមានភាពប្រហាក់ប្រហែលកម្ពុជា ប៉ុន្តែស្ថានភាពដី និងសារធាតុចិញ្ចឹមក្នុងដីរបស់កម្ពុជាមានអំណោយផលសម្រាប់គុណភាពគ្រាប់ស្វាយចន្ទី។
សម្រាប់ប្រទេសវៀតណាម លោកបាននិយាយថា ភាគច្រើនដាំពូជគ្រាប់តូច ដូចជា PN1 និង MH5 ដែលអាចផលិតបាន W320 ខណៈមិនសូវដាំពូជ M23 របស់កម្ពុជានោះទេ។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា៖ «ការចុះបញ្ជីត្រឹមត្រូវនៅក្រសួងកសិកម្ម មានសារៈសំខាន់ក្នុងការបញ្ជាក់ថា ពូជទាំង ៤ប្រភេទជាពូជរបស់កម្ពុជា និងអាចជាមូលដ្ឋានសម្រាប់ការការពារសិទ្ធិ ប្រសិនបើមានប្រទេសផ្សេងយកពូជទាំងនេះទៅប្រើប្រាស់ ឬបន្លំប្រភពដើម»។
លោកបានលើកឧទាហរណ៍ថា កម្ពុជាធ្លាប់មានបទពិសោធន៍ពាក់ព័ន្ធនឹងការដាំពូជទុរេន និងស្រូវពីប្រទេសផ្សេង ដែលប្រទេសដើមបានចុះបញ្ជី ហើយអាចទាមទារលិខិតបកស្រាយនៅពេលមានការប្រើប្រាស់មិនត្រឹមត្រូវ។ ដូចគ្នានេះ កម្ពុជាក៏អាចប្រើសិទ្ធិរបស់ខ្លួនបាន ប្រសិនបើមានការយកពូជដែលបានចុះបញ្ជីរបស់កម្ពុជាទៅបន្លំ ឬដូរឈ្មោះ។
ទោះជាយ៉ាងណា លោកបានសម្តែងការព្រួយបារម្ភចំពោះពូជស្វាយចន្ទីមួយចំនួនដែលមិនទាន់បានចុះបញ្ជី រួមមាន Hay 24, M1, San-1 និង M-7។ លោកបានឱ្យដឹងថា កន្លងមក អ្នកជំនាញម្នាក់នៅប្រទេសជិតខាងបានយកពូជ IM-4 ទៅដូរឈ្មោះជា AB29 ប៉ុន្តែកម្ពុជាបានតវ៉ា និងទទួលបានពូជរបស់ខ្លួនត្រឡប់មកវិញ។
លោកបញ្ជាក់ថា ក្តីបារម្ភសំខាន់គឺពូជស្វាយចន្ទីដែលមិនទាន់ចុះបញ្ជី អាចត្រូវបានអ្នកដទៃយកទៅប្រើប្រាស់ ឬដូរឈ្មោះជាពូជរបស់ខ្លួន។
ការជំរុញឱ្យការពារសិទ្ធិលើពូជស្វាយចន្ទី ក៏ត្រូវបានលើកឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ។ សម្តេចធិបតីបានជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធខ្នះខ្នែងចុះបញ្ជីកម្មសិទ្ធិបញ្ញាលើពូជ និងផលិតផលសក្ដានុពលរបស់ជាតិ ជាពិសេសដំណាំយុទ្ធសាស្ត្រ «ស្វាយចន្ទី»។
សម្តេចធិបតីក៏បានបង្ហាញការព្រួយបារម្ភថា ការរីកចម្រើននៃបច្ចេកវិទ្យាអាចធ្វើឱ្យមានការលួចចម្លងពូជ ឬយកពូជដំណាំរបស់កម្ពុជាទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបជាង ៥៨ម៉ឺនហិកតា។ ខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ រួមមាន កំពង់ធំ ១៤៧ ៧០៣ហិកតា ក្រចេះ ១០២ ៥២០ហិកតា រតនគិរី ៩៧ ២៥៨ហិកតា កំពង់ចាម ៤៦ ៥៨២ហិកតា ស្ទឹងត្រែង ៤៤ ២៥០ហិកតា ត្បូងឃ្មុំ ៣៦ ៤០៣ហិកតា សៀមរាប ៣៥ ៩១៤ហិកតា ព្រះវិហារ ២៨ ៩៦៥ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ហិកតា។
តាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ១ ០៣០ ០០០តោន ដែលមានតម្លៃប្រមាណ ១ ៧៥១លានដុល្លារ។ តួលេខនេះកើនឡើង ២៨,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content