បរទេស ៖ មហាយក្សចិន បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណងរបស់ប្រទេសម៉ាឡេស៊ីក្នុងការចូលជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេសសេដ្ឋកិច្ច BRICS នេះបើយោងតាមការរាយការណ៍ពី Asia News Network។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Dr Ahmad Zahid Hamidi បានលើកឡើងថា ការគាំទ្រនេះត្រូវបានអះអាងសារជាថ្មីនៅក្នុងជំនួបទ្វេភាគីរវាងរូបលោក និងឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បន្ទាប់ពីជំនួបនោះ លោកបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីថា ៖ បើទោះបីជាប្រធានាធិបតី ចិន លោក Xi Jinping សម្តែងការគាំទ្ររួចទៅហើយក្ដី ប៉ុន្តែកិច្ចពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិន គាំទ្រ ម៉ាឡេស៊ី យ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS។
លោក Ahmad Zahid គូសបញ្ជាក់ថា ការគាំទ្ររបស់ចិនមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលម៉ាឡេស៊ីកំពុងស្វែងរកសំឡេងគាំទ្រពីបណ្តាប្រទេសជាសមាជិក BRICS ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិនៅក្នុងប្លុកសេដ្ឋកិច្ចមួយនេះ។ ទន្ទឹមនឹងនេះ ចិនក៏សង្ឃឹមផងដែរថា ម៉ាឡេស៊ី នឹងបន្តដើរតួនាទីជាស្ពានចម្លង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ ទន្ទឹមនឹងនេះ លោក Ahmad Zahid បានបង្ហើបដែរថា ជំនួបជាមួយឧបនាយករដ្ឋមន្ត្រីចិន បានពិភាក្សាលើវិស័យកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន រួមមាន ការផ្ទេរបច្ចេកវិទ្យា ការចែករំលែកចំណេះដឹង និងការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនានា ដែលមានផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗសម្រាប់ម៉ាឡេស៊ី។
គួរបញ្ជាក់ដែរថា កន្លងមក ប្រធានាធិបតីចិន លោក Xi តែងបង្ហាញកិច្ចគាំទ្រយ៉ាងពេញទំហឹងក្នុងការរុញច្រានដំណើរការរបស់ម៉ាឡេស៊ីឱ្យចូលជាសមាជិកពេញសិទ្ធិរបស់ BRICS ឲ្យបានកាន់តែឆាប់រហ័ស។ ដោយឡែក ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៦ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងចិន បានឡើងរហូតដល់ ៤៥៦,៦៨ ពាន់លានរីងហ្គីត (ជិត ១២០ ពាន់លានដុល្លារ) កើនប្រមាណ ៣៥,១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content