សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍ផ្សព្វផ្សាយរបស់កាសែតរុស្ស៊ី RT។
សំណើនេះត្រូវបានលើកឡើងកំឡុងពេលកិច្ចចរចានៅឯទីក្រុងម៉ៃអាមី ទឹកដីអាម៉េរិក រវាងទីប្រឹក្សារបស់ប្រធានាធិបតីDonald Trump គឺលោក Steve Witkoff និងកូនប្រសារលោក Jared Kushnerព្រមទាំងមន្ត្រីមកពីអ៊ុយក្រែន បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអង្គការណាតូ។ ទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាអំពីយន្តការនានាក្នុងការដោះលែងមូលនិធិដែលត្រូវបង្កកជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ ប៉ុន្តែសេចក្តីលម្អិតចុងក្រោយមិនទាន់ត្រូវបែងចែកបានដាច់ស្រេចនៅឡើយទេ។
ទោះជាយ៉ាងណា គំនិតផ្តួចផ្តើមនេះបានធ្វើឱ្យភាគីអឺរ៉ុបដែលជាអ្នកគាំទ្រអ៊ុយក្រែននិងរដ្ឋាភិបាលទីក្រុងគៀវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពួកគេបានច្រានចោលសំណើនេះភ្លាមៗ និងបដិសេធមិនព្រមបោះបង់ការគ្រប់គ្រងលើមូលនិធិរុស្ស៊ី ដែលទីក្រុងមូស្គូធ្លាប់បានចាត់ទុកជាការលួចបន្លំនោះទេ។
មន្ត្រីជាន់ខ្ពស់អឺរ៉ុបបានបញ្ជាក់យ៉ាងដាច់អហង្ការថា ទ្រព្យសម្បត្តិទាំងនោះត្រូវតែបន្តបង្កកនៅក្នុងទ្វីបអឺរ៉ុបដដែល ខណៈដែលប្រទេសបែលហ្ស៊ិក ដែលជាកន្លែងរក្សាទុកទ្រព្យសម្បត្តិភាគច្រើនតាមរយៈគ្រឹះស្ថាន Euroclear បានសម្តែងក្តីបារម្ភជាខ្លាំងអំពីហានិភ័យផ្លូវច្បាប់។
ចំណែកឯភាគីរុស្ស៊ី មន្ត្រីក្រសួងការបរទេស និងអ្នកនាំពាក្យវិមានក្រឹមឡាំង លោកDmitry Peskov បានប្រកាសថា ទីក្រុងមូស្គូមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយជុំវិញគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកនេះនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីថា រុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយផ្លូវច្បាប់ រួមទាំងការប្តឹងផ្តល់ជាអន្តរជាតិ ដើម្បីទាមទារយកទ្រព្យសម្បត្តិដែលត្រូវបានបង្កកទាំងនោះត្រឡប់មកវិញ។
គួរឲ្យដឹងដែរថាការស្នើដោះបម្រាមនេះកើតឡើងស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញបញ្ហាថាមពល និងយុទ្ធសាស្ត្រសង្គ្រាម។
រំលឹកដែរថាបណ្តាប្រទេសលោកខាងលិចបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ៣០០ ពាន់លានដុល្លារបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយភាគច្រើនត្រូវបានរក្សាទុកនៅឯកន្លែងដាក់ប្រាក់មូលបត្រ Euroclear ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល។ យ៉ាងណាក្តី ទីក្រុងមូស្គូបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះហើយចោទប្រកាន់ខ្លាំងៗថាជាសកម្មភាពចោរកម្មដោយលោកខាងលិច៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content