បរទេស៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។
យ៉ាងណាមិញ វាមិនទាន់ជាព័ត៌មានជាផ្លូវការនៅឡើយ ប៉ុន្តែមានប្រភពបង្ហើបពីផែនការសម្ងាត់មួយនេះរបស់ Deepseek។ ការបង្កើតឈីបផ្ទាល់ខ្លួនរបស់ DeepSeek ដើរតាមគន្លងក្រុមហ៊ុនធំៗដទៃទៀតដូចជា OpenAI ដែលទើបប្រកាសចេញឈីបផ្ទាល់ខ្លួនឈ្មោះថា Jalapeno កាលពីខែមុន និង ក្រុមហ៊ុន Anthropic ដែលចង់គ្រប់គ្រងលើផ្នែក Hardware ផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការចំណាយលើការទិញឈីបពី Nvidia។
បន្ទះឈីបដែល DeepSeek កំពុងផលិតនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់វគ្គ Inference គឺជាដំណាក់កាលដែល AI ដំណើរការគណនាដើម្បីឆ្លើយតប ឬបង្កើតលទ្ធផលជូនអ្នកប្រើប្រាស់។ គម្រោងនេះបានចាប់ផ្តើមប្រហែលមួយឆ្នាំមុន ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាស្វែងរកដៃគូសហការខាងក្រៅដូចជា ក្រុមហ៊ុនរចនាឈីប រោងចក្រផលិតឈីប និងក្រុមហ៊ុនផលិតឈីបអង្គចងចាំ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនកំពុងជ្រើសរើសវិស្វកររចនាឈីបជាច្រើននាក់ដោយសម្ងាត់ ដោយមិនមានការបង្ហោះប្រកាសរើសបុគ្គលិកជាសាធារណៈឡើយ។
ស្របពេលជាមួយគ្នានេះ DeepSeek ក៏បានកែប្រែយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់ខ្លួន ដោយបើកផ្លូវទទួលទុនវិនិយោគពីខាងក្រៅជាលើកដំបូង ក្នុងទំហំទឹកប្រាក់រហូតដល់ ៧ ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃក្រុមហ៊ុនហក់ឡើងចន្លោះពី ៥២ ទៅ ៥៩ ពាន់លានដុល្លារ។
មូលហេតុដែលជំរុញឱ្យ Deepseek ផលិតបន្ទះឈីបផ្ទាល់ខ្លួន គឺដោយសារសម្ពាធភូមិសាស្ត្រនយោបាយ និង ទណ្ឌកម្មពីសហរដ្ឋអាម៉េរិករារាំងក្រុមហ៊ុនចិនពីការទិញបន្ទះឈីបកម្រិតខ្ពស់បំផុតរបស់ Nvidia។
ជាការឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងដាក់សម្ពាធឱ្យក្រុមហ៊ុនក្នុងស្រុកបង្កើតបច្ចេកវិទ្យាដោយខ្លួនឯងដើម្បីជំនួសរបស់បរទេស។ កន្លងមក ម៉ូដែលបញ្ញាសិប្បនិម្មិតផ្នែកតក្កវិទ្យា DeepSeek-R1 ត្រូវបានបង្វឹក និង ដំណើរការដោយឈីបល្បឿនទាប Nvidia H800 ប៉ុណ្ណោះ។
ក្នុងអំឡុងពេលនោះ DeepSeek-R1 មានសមត្ថភាពខ្ពស់ ប៉ុន្តែចំណាយថ្លៃដើមទាបខ្លាំងក្នុងការបង្វឹក និងដំណើរការ បើធៀបនឹង AI របស់អាម៉េរិក។ វាបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល និងធ្វើឱ្យតម្លៃភាគហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិនិយោគិនបារម្ភថា AI របស់ចិនអាចមានប្រៀបជាង និងចំណាយតិចជាង។
ជាលទ្ធផល អាម៉េរិកបានហាមឃាត់ការនាំចេញឈីប Nvidia H800 ចុងឆ្នាំ ២០២៣។ បន្ទាប់មក DeepSeek ក៏ងាកទៅពឹងផ្អែកលើឈីប Ascend របស់ក្រុមហ៊ុន Huawei វិញសម្រាប់ម៉ូដែលបញ្ញាសិប្បនិម្មិតចុងក្រោយបង្អស់របស់ខ្លួន V4 និង V4-Flash។
ការហាមឃាត់របស់អាម៉េរិកបានជួយឱ្យក្រុមហ៊ុន Huawei អាចក្តោបក្តាប់ចំណែកទីផ្សារ AI របស់ចិនប្រហែលពាក់កណ្តាលនៃតម្លៃទីផ្សារសរុប ៥០ ពាន់លានដុល្លារ បើទោះបីជាឈីបរបស់ក្រុមហ៊ុនចិនមួយនេះដំណើរយឺតជាង Nvidia ក៏ដោយ។
ទោះជាយ៉ាងណាក្តី អំណាចរបស់ Huawei កំពុងរងការគំរាមកំហែង ដោយសារក្រុមហ៊ុនធំៗរបស់ចិនផ្សេងទៀតដូចជា Alibaba និង Baidu កំពុងអភិវឌ្ឍឈីបផ្ទាល់ខ្លួនដែរ ហើយពេលនេះមាន DeepSeek ចូលរួមថែមមួយទៀត។
អ្នកវិភាគមើលឃើញថា ការបង្កើតឈីបបញ្ញាសិប្បនិម្មិត AI ឱ្យមានប្រសិទ្ធភាពត្រូវចំណាយពេលច្រើនឆ្នាំ និងដើមទុនច្រើនសន្ធឹកសន្ធាប់។
មិនត្រឹមតែប៉ុណ្ណោះ ឧបសគ្គធំជាងគេសម្រាប់ DeepSeek គឺទណ្ឌកម្មរបស់អាម៉េរិកហាមឃាត់មិនឱ្យក្រុមហ៊ុនចិនទទួលបានសេវាកម្មពីរោងចក្រផលិតឈីបកម្រិតខ្ពស់នៅបរទេស និងការកាត់ផ្តាច់លទ្ធភាពទទួលបានបច្ចេកវិទ្យាអង្គចងចាំល្បឿនលឿន (HBM) ដែលជាសមាសភាគដ៏សំខាន់សម្រាប់ដំណើរការឈីប AI Inference៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content