សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។

ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ និងអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយផលិតផលទេសចរណ៍កីឡា និងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ក្នុងតំបន់អង្គរ គឺជាកម្មវិធីអមដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ និងជាស្ពានតភ្ជាប់បេះដូងអ្នកចូលរួមជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ព្រមទាំងបង្កើតបទពិសោធន៍ទេសចរណ៍ថ្មីៗដែលមិនអាចបំភ្លេចបាន នៅលើទឹកដីអង្គរដ៏អច្ឆរិយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី យុវជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមស្គាល់ និងស្រលាញ់ទឹកដី ព្រមទាំងរួមគ្នាថែរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ក្នុងរដូវកាលបៃតង គឺជាឱកាសសម្រាប់បង្ហាញពីសម្រស់ធម្មជាតិ និងបរិយាកាសបៃតងនៅក្នុងតំបន់អង្គរ ព្រមទាំងជំរុញឱ្យភ្ញៀវទេសចរធ្វើដំណើរប្រកបដោយភាពសកម្ម ដើម្បីទស្សនា និងស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរ។
ដោយឡែក ឯកឧត្តម វ៉ា ហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ បានឱ្យដឹងថា ព្រឹត្តិការណ៍ជិះកង់នេះ ត្រូវបានដាក់បញ្ចូលក្នុងប្រតិទិនរបស់ក្រសួងទេសចរណ៍ ដើម្បីរៀបចំជារៀងរាល់ឆ្នាំនៅពេលមានសមរាត្រី។
ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍ជិះកង់លើកទី១នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួម ហើយអាចក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដែលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានបន្ថែមថា ព្រឹត្តិការណ៍ជិះកង់ក៏ជាមធ្យោបាយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយផ្លូវជិះបានឆ្លងកាត់ និងរំលេចឱ្យឃើញប្រាសាទបុរាណ ព្រមទាំងព្រៃធម្មជាតិជាច្រើនដែលស្ថិតនៅក្នុងតំបន់ក្រុងអង្គរបុរាណ។
ឯកឧត្តម បានបញ្ជាក់ថា ផលិតផលទេសចរណ៍ដែលត្រូវបានបង្ហាញតាមរយៈព្រឹត្តិការណ៍នេះ អាចក្លាយជាចំណុចទាក់ទាញបន្ថែមសម្រាប់ខេត្តសៀមរាប និងជួយបង្កើនឱកាសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្នាក់នៅ និងដើរកម្សាន្តក្នុងខេត្តបានកាន់តែយូរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នេះមានចម្ងាយផ្លូវប្រមាណ ១២គីឡូម៉ែត្រ និងមានអ្នកចូលរួមសរុបប្រមាណ ១ ៣០០នាក់ រួមមានអ្នកមកពីវិស័យឯកជន អ្នកផលិតមាតិកា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ មានភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសបារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ជប៉ុន និងចិនផងដែរ៕ រូបភាព៖ ជីម ភារ៉ា / អត្ថបទ៖ ជាវ ចន្ធូ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content