ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្រូវការពងទានៅកម្ពុជាកំពុងកើនឡើងក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារការប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ និងធ្វើនំប្រពៃណី ខណៈពងទាប្រមាណ ៤ លានគ្រាប់ត្រូវបានផ្គត់ផ្គង់ចូលទីផ្សារក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះ ហានិភ័យទឹកជំនន់អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ និងជំរុញឱ្យតម្លៃពងទាកើនឡើងបន្ថែមទៀត។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ស៊ុតមាន់ និងស៊ុតទាមានតម្រូវការខ្ពស់ជាងថ្ងៃធម្មតា។ លោកបញ្ជាក់ថា ពងទាទទួលបានការពេញនិយមខ្លាំង និងមានតម្លៃខ្ពស់ជាងពងមាន់បន្តិច ដោយសារត្រូវបានប្រើប្រាស់ច្រើនក្នុងការចម្អិនម្ហូបអាហារ និងធ្វើនំ បង្អែមផ្សេងៗ។
លោកបានឱ្យដឹងថា ការបញ្ជាទិញក្នុងបរិមាណច្រើនក្នុងពេលតែមួយបានធ្វើឱ្យតម្លៃពងទានៅតាមតំបន់មួយចំនួនប្រែប្រួលឡើងបន្តិចបន្តួច។ លោកបន្ថែមថា តម្រូវការកើនឡើងក្នុងអំឡុងពេលបុណ្យនេះអាចធ្វើឱ្យតម្លៃបន្តឡើងថ្លៃ ប្រសិនបើការផ្គត់ផ្គង់មិនអាចឆ្លើយតបបានគ្រប់គ្រាន់ ដោយសារហានិភ័យទឹកជំនន់អាចរំខានដល់ការប្រមូល និងផ្គត់ផ្គង់ពងទា។
តាមលោក ស្រ៊ុន ពៅ បច្ចុប្បន្ន ពងទាមានតម្លៃលក់ដុំប្រមាណ ៤៥០ ទៅ ៥០០ រៀលក្នុងមួយគ្រាប់ និងតម្លៃលក់រាយប្រមាណ ៦០០ ទៅ ៧០០ រៀលក្នុងមួយគ្រាប់។
ផ្អែកតាមការសង្កេតទីផ្សារ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពងទាស្រស់ ពងទាប្រៃ និងពងទាកូនសុទ្ធតែមានតម្រូវការខ្ពស់។ គ្រួសារខ្មែរជាច្រើននិយមទិញពងទាស្រស់សម្រាប់ចម្អិនម្ហូប ដូចជា ខសាច់ជ្រូកពងទា និងពងទាចៀន ដើម្បីរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងរាប់បាតនៅវត្ត។
ចំណែកពងទាប្រៃត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់ធ្វើនំអន្សមជ្រូក នំកាតំ និងនំប្រពៃណីផ្សេងៗទៀត។ រីឯពងទាកូននៅតែជាអាហារសម្រន់ពេញនិយមសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ និងអ្នកធ្វើដំណើរទៅលេងស្រុកកំណើត។
ចំពោះការចិញ្ចឹមទាយកពង អ្នកស្រី ហម ឡេក កសិកររស់នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចិញ្ចឹមទាពងប្រមាណ ២.០០០ ក្បាល បានឱ្យដឹងថា របរនេះអាចរកចំណូលបានពី ៣០ ម៉ឺនទៅ ៣៥ ម៉ឺនរៀលក្នុងមួយថ្ងៃ តាមរយៈការប្រមូលពងទា ទាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងថ្ងៃធម្មតា។
ដោយឡែក លោក នាង និស្ស័យ កសិកររស់នៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលចិញ្ចឹមទា ២.៧០០ ក្បាល បានឱ្យដឹងថា លោកអាចប្រមូលពងទាបានប្រមាណ ២.៤០០ គ្រាប់ក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃពី ៣៥០ ទៅ ៤០០ រៀលក្នុងមួយគ្រាប់ ទាំងនៅថ្ងៃធម្មតា និងក្នុងរដូវបុណ្យ។
ការកើនឡើងនៃតម្រូវការពងទាក្នុងរដូវបុណ្យប្រពៃណីនេះ ផ្តល់ឱកាសដល់កសិករចិញ្ចឹមទា និងអាជីវករលក់ដុំ-រាយក្នុងការបង្កើនការលក់។ ជាមួយគ្នានេះ ការបញ្ជាទិញផលិតផលក្នុងស្រុកក៏ជួយគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម និងបង្កើតចំណូលសម្រាប់គ្រួសារកសិករនៅតាមជនបទផងដែរ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content