ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុបចំនួន ១៧.៧៧៦ លានយ៉េន (ប្រមាណ១១៩ លានដុល្លារអាម៉េរិក) ដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២) បន្ទាប់ពីកិច្ចចុះហត្ថលេខាលើលិខិតប្ដូរសាររួមគ្នានៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយបញ្ហាផ្ទុកទូកុងតឺន័រនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា តាមរយៈកិច្ចអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ក៏ដូចជា ពង្រឹងប្រព័ន្ធឡូជីស្ទីក (Logistics) និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឱ្យកាន់តែមានភាពប្រកួតប្រជែង និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់លើកិច្ចការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុន។
តាមរយៈជំនួយឥណទានសម្បទាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្ម និងពង្រីកវិសាលភាពដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំហំពាណិជ្ជកម្មអន្តរជាតិ ។ ជំនួយនេះផងដែរក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនាមជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។

សូមជ្រាបថា គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ ត្រូវបានបែងចែកជា ៣ ដំណាក់កាលធំៗ ចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០។
ដំណាក់កាលទី១ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការរួចរាល់ហើយ ដោយបច្ចុប្បន្នសម្រេចបានវឌ្ឍនភាពការងារជាង ៦០% ហើយគ្រោងនឹងបញ្ចប់ រួមទាំងបើកឱ្យដំណើរការនៅឆ្នាំ២០២៧ ឬ ឆ្នាំ២០២៨ ខាងមុខនេះ។ (ចំណតនេះមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ)។ ដំណាក់កាលទី២ និងទី៣ កញ្ចប់ឥណទានថ្មីចំនួន ១៧,៧៧៦ លានយ៉េន (ប្រមាណ ១១៩ លានដុល្លារ) ដែលទើបនឹងចុះហត្ថលេខានេះ គឺដើម្បីជំរុញ និងបន្តនិរន្តរភាពការងារសាងសង់បន្តបន្ទាប់ ដើម្បីសម្រេចឱ្យបានតាមផែនការមេ ដែលត្រូវបញ្ចប់រួចរាល់ទាំងស្រុងនៅឆ្នាំ២០៣០៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content