រាជធានីភ្នំពេញ៖ ពិធីចុះហត្ថលេខាលើគម្រោងហិរញ្ញប្បទានកសិកម្ម ដើម្បីវិបុលភាពទីជនបទប្រកបដោយបរិយាបន្ន ដែលគាំទ្រដោយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះថា យុវជន និងកសិករស្ដ្រីកម្ពុជា មិនឈររង់ចាំឱ្យអនាគតរត់មករកនោះទេ គឺពួកគាត់កំពុងរត់ទៅរកអនាគត ដោយពួកគាត់ខិតខំរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ នវានុវត្តន៍ និងកសិធុរកិច្ចថ្មីៗ។ ទន្ទឹមគ្នានេះ ពួកគាត់ក៏ត្រូវការធាតុចូលមួយចំនួនទៀតដែរ ជាក់ស្ដែង កញ្ចប់ហិរញ្ញប្បទាន គឺជាធាតុចូលដ៏សំខាន់មួយ ដើម្បីរុញឱ្យសកម្មភាពកសិកម្មឆ្លាតវៃរបស់ពួកគាត់កាន់តែរឹងមាំ អាចតភ្ជាប់ផលិតផលកសិកម្មទៅកាន់ទីផ្សារថ្មីៗដែលមានតម្លៃសមរម្យ។

លោកស្រី Vladanka បានបញ្ជាក់ថា ការផ្ដល់ហិរញ្ញប្បទាននៅថ្ងៃនេះ គឺជាផ្នែកមួយនៃការគិតគូរដល់កសិកររបស់អង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធ។ ការបង្កើតគម្រោងផ្ដល់ហិរញ្ញប្បទានថ្មីនេះ ដោយភាគីពាក់ព័ន្ធ និងរូបលោកស្រីផ្ទាល់នៅតែសង្កេតឃើញថា កសិករខ្មែរនៅតែលក់ផលិតផលដែលជាវត្ថុធាតុដើមកសិកម្មមិនទាន់កែច្នៃ ឬសម្ងួត ដើម្បីលៃឱ្យត្រូវពេលវេលាក្នុងតម្លៃមួយមិនស្ថិតថែរ ពោលគឺប្រមូលផលបានពេលណា លក់ពេលនោះតែម្ដង។
ជុំវិញបញ្ហានេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឌិត ទីណា បានអំពាវនាវឱ្យកសិករ ត្រូវចេះចាប់យកឱកាសធ្វើធុរកិច្ចកសិកម្ម បង្កើនតម្លៃបន្ថែម តាមរយៈការពង្រីកសកម្មភាពកសិកម្មឆ្លាតវៃ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានបានត្រឹមត្រូវអាចជួយឱ្យកសិករគេចផុតពីបំណុលលើសលប់ ក្លាយទៅជាកសិករឆ្លាតវៃ ជោគជ័យក្នុងមុខរបរកសិកម្មរបស់ខ្លួន។

ឯកឧត្ដមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងបរិបទប្រកួតប្រជែងទីផ្សារសេរី ការប្រែប្រួលអាកាសធាតុ ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបៗ សហគមន៍កសិកម្ម គឺជាគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់ក្នុងវិស័យកសិកម្ម។ ប៉ុន្ដែការធ្វើកសិកម្មលក្ខណៈគ្រួសារ មិនអាចឆ្លើយតបពេញលេញទៅនឹងតម្រូវការទីផ្សារបានឡើយ ដែលទាមទារឱ្យមានការចងក្រងគ្នាជាសហគមន៍មានភាពរឹងមាំ មានសមត្ថភាពពេញលេញ និងមានតម្លៃចរចានៅលើទីផ្សារ។
សហគមន៍កសិកម្មនីមួយៗ ត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ព្រោះសហគមន៍ខ្លះរីកចម្រើនខ្លាំងលើការគ្រប់គ្រងផ្នែករដ្ឋបាល ខ្លះជោគជ័យខាងចិញ្ចឹមសត្វ ឬដាំដុះ និងខ្លះទៀតជោគជ័យខាងទំនាក់ទំនងទីផ្សារ។ ដូច្នេះ ការបង្កើតជាកម្លាំងរួមមួយដោយប្រើហិរញ្ញប្បទានពីអង្គការសហប្រជាជាតិនៅពេលនេះ ជាផ្នែកមួយជួយឱ្យសហគមន៍កសិកម្មតាមខេត្ដគោលដៅទាំងអស់រឹងមាំ រីកចម្រើន ហើយអាចពង្រីកគម្រោងទៅកាន់ខេត្ដផ្សេងៗទៀតបាន។
សូមជម្រាបជូនថា គម្រោងផ្ដល់ហិរញ្ញប្បទាននេះ នឹងអនុវត្ដនៅតាមខេត្ដគោលដៅធំៗចំនួន ៧ រួមមាន ៖ ខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ និងខេត្ដឧត្ដរមានជ័យ។ ក្នុងនោះមានសមាជិកសហគមន៍ទទួលផលដោយផ្ទាល់ពីគម្រោងនេះចំនួន ៧០០នាក់ ដែលភាគច្រើនជាកសិករស្ដ្រី៕






វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content