បរទេស៖ ក្រុមប្រទេសផលិតប្រេង និងសម្ព័ន្ធមិត្ត OPEC+ បានព្រមព្រៀងគ្នារក្សាគោលដៅផលិតកម្មប្រេងឱ្យនៅដដែលសម្រាប់ខែវិច្ឆិកា ខណៈទីផ្សារប្រេងនៅតែប្រឈមនឹងភាពតានតឹង និងភាពមិនប្រាកដប្រជា ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង។ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន CNBC។
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ០,៣៤ ភាគរយ មកត្រឹម ១០១,៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦៨ ភាគរយ មកត្រឹម ៩០,៤៩ ដុល្លារក្នុងមួយបារ៉ែល។
ចំពោះទីផ្សារកម្ពុជា តម្លៃប្រេងក្នុងស្រុកមិនឡើងចុះស្របតាមតម្លៃប្រេងឆៅអន្តរជាតិភ្លាមៗនោះទេ ព្រោះកម្ពុជាមិនបាននាំចូលប្រេងឆៅសុទ្ធមកប្រើប្រាស់ដោយផ្ទាល់ឡើយ ប៉ុន្តែនាំចូលផលិតផលប្រេងដែលបានចម្រាញ់រួច ដូចជា សាំង និងម៉ាស៊ូត។
លើសពីនេះ ស្ថានីយប្រេងក្នុងស្រុកតែងមានស្តុកប្រេងដែលបានទិញទុកមុន ដូច្នេះតម្លៃលក់រាយត្រូវរង់ចាំការបោសសម្អាតស្តុកចាស់ និងគិតគូរពីថ្លៃដើមដឹកជញ្ជូនបន្ថែម ដែលធ្វើឱ្យតម្លៃប្រេងក្នុងស្រុកមានស្ថេរភាពជាងការប្រែប្រួលនៅទីផ្សារពិភពលោក។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យកន្លងទៅ OPEC+ បានព្រមព្រៀងរក្សាកម្រិតផលិតកម្មប្រេងសម្រាប់ខែវិច្ឆិកាឱ្យនៅដដែល ខណៈការកែសម្រួលគោលនយោបាយទិន្នផលប្រេងបន្ថែមទៀត អាចនឹងមិនកើតមានរហូតដល់ឆ្នាំ ២០២៧។ ការសម្រេចចិត្តនេះធ្វើឡើងចំពេលសង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កផលរំខានដល់ការនាំចេញប្រេងនៅតំបន់ឈូងសមុទ្រ ដោយធ្វើឱ្យការនាំចេញប្រែប្រួលនៅចន្លោះ ៦០ ភាគរយ ទៅ ៨០ ភាគរយ នៃកម្រិតធម្មតាប៉ុណ្ណោះ។
ទោះបីជា OPEC+ បានកំណត់ដំឡើងគោលដៅផលិតកម្មប្រេងក្នុងឆ្នាំ ២០២៦ ក៏ដោយ ការកើនឡើងជាក់ស្តែងមិនបានកើតឡើងពេញលេញទេ ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា។ ជាក់ស្តែង កាលពីខែសីហាកន្លងទៅ សមាជិកស្នូលរបស់ OPEC+ បានបូមប្រេងចំនួន ២៥ លានបារ៉ែលក្នុងមួយថ្ងៃ កើនឡើង ៦៣០.០០០ បារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងខែកក្កដា ប៉ុន្តែចំនួននេះនៅតែទាបជាងកម្រិតមុនពេលមានសង្គ្រាមប្រមាណ ៥ លានបារ៉ែលក្នុងមួយថ្ងៃ។
សង្គ្រាមក៏បានធ្វើឱ្យការប៉ាន់ប្រមាណសមត្ថភាពផលិតកម្មសម្រាប់ឆ្នាំ ២០២៧ ធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា។ សមាជិកស្នូលទាំង ៧ របស់ OPEC+ រួមមាន អារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី អ៊ីរ៉ាក់ គូវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន និងអូម៉ង់។
លោក Giovanni Staunovo អ្នកវិភាគមកពីធនាគារ UBS បានលើកឡើងថា OPEC+ បានរក្សាកម្រិតផលិតកម្មរបស់ខ្លួនឱ្យនៅដដែល ដែលស្របទៅនឹងការរំពឹងទុករបស់ទីផ្សារ។ បើទោះបីជាលំហូរដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz មានការកើនឡើងវិញក៏ដោយ ក៏កម្រិតទិន្នផលរបស់ប្រទេសនៅតំបន់ឈូងសមុទ្រនៅតែស្ថិតក្រោមកូតាដែលបានកំណត់។ ដូច្នេះ ទីផ្សារប្រេងនៅតែបន្តស្ថិតក្នុងស្ថានភាពតឹងតែង។
ទន្ទឹមនឹងនេះ ការធ្លាក់ចុះនៃតម្លៃប្រេងក៏ត្រូវបានជំរុញដោយការយល់ព្រមរបស់មេដឹកនាំអឺរ៉ុបក្នុងការបញ្ចេញប្រេងម៉ាស៊ូតពីស្តុកបម្រុង តាមសំណើរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump។
ជាលទ្ធផល មេដឹកនាំនៃក្រុមប្រទេស G7 បានប្រកាសថានឹងបញ្ចេញប្រេងបម្រុងចំនួន ១០០ លានបារ៉ែល ក្នុងរយៈពេល ៤ ខែខាងមុខ ដោយផ្តោតលើការបញ្ចេញប្រេងម៉ាស៊ូតក្នុងបរិមាណច្រើននៅក្នុងរយៈពេល ២០ ថ្ងៃដំបូង។ ក្រុម G7 រួមមាន បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងអាម៉េរិក៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content