ភ្នំពេញ៖ កម្ពុជា បាន និងកំពុងអភិវឌ្ឍ «សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី» ទំហំ ៦០០ ហិកតា លើកដំបូងបង្អស់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ ដោយគម្រោងនេះបង្កើតឡើងដើម្បីប្រមូលផ្តុំរោងចក្រ សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ឃ្លាំងស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងបង្កើនតម្លៃបន្ថែមដល់ទីផ្សារ។
បន្ថែមពីលើសួនឧស្សាហកម្មស្វាយចន្ទី ខេត្តកំពង់ធំ ក៏ទទួលបានគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះខ្នាតធំ ទំហំ ៣០០ហិកតា ដែលកំពុងសិក្សារួមគ្នាដោយរដ្ឋបាលខេត្ត និងក្រុមហ៊ុន Royal Group Phnom Penh SEZ ក្នុងគោលបំណងទាក់ទាញការវិនិយោគផ្ទាល់ បង្កើតការងារជូនប្រជាពលរដ្ឋ និងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច។
ពាក់ព័ន្ធនឹងគម្រោងសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនេះ លោក លី ហ្គាលី នាយកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពង់ធំ បានប្រាប់ AMS Economy ថា គម្រោងនេះបានដំណើរការហើយ ដោយបច្ចុប្បន្ននេះ បានរៀបចំធ្វើការឈូសឆាយសម្អាតដីទំហំ ១៥០ ហិកតា សម្រាប់ជំហានដំបូង ។ គម្រោងសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនេះនឹងផ្ដល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតឱកាសការងារឱ្យប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ ជាពិសេស ស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ ក្រុងស្ទឹងសែន ដែលប្រជាពលរដ្ឋអាចធ្វើការងារនៅក្នុងតំបន់នោះ។ ទីតាំងគម្រោងគឺនៅកៀកនឹងផ្លូវជាតិលេខ៦២ និងកៀកផ្លូវជាតិលេខ៦A ដែលផ្តល់ភាពងាយស្រួលក្នុងការរកកម្លាំងពលកម្ម ងាយស្រួលក្នុងការធ្វើដំណើរពីស្រុកនីមួយៗមកធ្វើការ និងចំណាយពេលប្រហែលជា ១៥ នាទី ទៅ ២០ នាទីប៉ុណ្នោះ គឺអាចធ្វើដំណើរមកដល់។

លោកបានបញ្ជាក់ថា៖
«គម្រោងនៅក្នុងទីតាំងសួនកសិ-ឧស្សាហកម្មចន្ទី គឺរដ្ឋាភិបាលបានផ្តល់ QIP (គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវបានចុះបញ្ជីជាផ្លូវការ និងទទួលបាន វិញ្ញាបនបត្រចុះបញ្ជីស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការវិនិយោគ)។ មានន័យថា រាជរដ្ឋាភិបាលចេញ QIP ឱ្យទៅក្រុមហ៊ុន ហើយក្រុមហ៊ុនដែលទទួលបានសិទ្ធិចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹង ទទួលបានភាពងាយស្រួលក្នុងការដឹកជញ្ជូនចេញទៅតាមផ្លូវគោក និងផ្លូវទឹក ។ រាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់ការលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការបញ្ចុះថ្លៃអគ្គិសនីផងដែរ»។
យោងតាមច្បាប់ស្តីពីវិនិយោគ (ឆ្នាំ២០២១) ការទទួលបានស្ថានភាពជា QIP គឺជាមធ្យោបាយចម្បងសម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីទទួលបាននូវការលើកទឹកចិត្តផ្នែកពន្ធដារដ៏ច្រើនសន្ធឹកសន្ធាប់ និងការការពារនានាពីរាជរដ្ឋាភិបាល។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ AMS Economy ថា នៅពេលដែលសួនឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំលេចចេញជារូបរាង វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច ព្រោះតាមរយៈសួនឧស្សាហកម្មនេះវានឹងផ្ដល់តម្លៃបន្ថែមជូនដល់កសិករ និងបង្កើតការងារដល់ពលរដ្ឋនៅក្នុងសហគមន៍។ លើសពីនេះ ក្រុមហ៊ុនដែលវិនិយោគនៅក្នុងសួនឧស្សាហកម្មនេះ ក៏នឹងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ផងដែរ ហើយតាមរយៈសួនឧស្សាហកម្មនេះដែរ វានឹងជួយកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស និងបង្កើនផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក។
លោកបានបន្តថា ៖
«ការបង្កើតកសិ-ឧស្សាហកម្មចន្ទី ជាដំណឹងល្អសម្រាប់កសិករក្នុងវិស័យនេះ។ ឆ្នាំ២០២៦ នេះ ពិតជាឆ្នាំមាសសម្រាប់ពួកគាត់ ដោយសារទាំងទិន្នផលកើនឡើងដល់ ២៥% ហើយតម្លៃទៀតសោតក៏មានស្ថិរភាពល្អ ដែលធ្វើឱ្យជីវភាពរស់នៅ និងការវិនិយោគលើដំណាំនេះទទួលបានផលចំណេញខ្ពស់គួរជាទីគាប់ចិត្ត។ ដោយឡែក គម្រោងតំបន់សេដ្ឋកិច្ចពិសេសស្វាយចន្ទីកំពង់ធំ ត្រូវឆ្លងកាត់ដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ទម្លាប់ និងការទាក់ទាញវិនិយោគិនបរទេស ដែលអាចប្រើពេលយូរ»។
កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង យល់ឃើញថា៖ ការមានសួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី គឺជារឿងល្អសម្រាប់ការអភិវឌ្ឍវិស័យចន្ទី និងបង្កើតការងារជូនដល់ពលរដ្ឋ។
កញ្ជាក់ថា ៖
«វាប្រៀបដូចអេកូស៊ីស្ទិម ទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុក ហើយនៅពេលដែលមានសួនឧស្សាហកម្មស្វាយចន្ទីរួម នឹងមានភាពងាយស្រួល ពីព្រោះនៅក្នុងសួន យើងអាចធ្វើអ្វីៗបានទាំងអស់ មិនថាកែច្នៃ ឬក៏កែច្នៃផលិតផលអ្វីផ្សេងៗទៀតចេញពីស្វាយចន្ទី»។
យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញគ្រាប់ឆៅក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ ទៅកាន់ប្រទេសវៀតណាម មានចំនួនដល់ទៅ ៩៧ ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១,៦៩១ លានដុល្លារ។ នេះជាតួលេខដ៏ធំធេង ដែលបញ្ជាក់ពីសក្តានុពលខ្ពស់របស់កម្ពុជាក្នុងការផលិតគ្រាប់ស្វាយចន្ទីឆៅ។ សូមជម្រាបថា នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ២០២៤។
ជាមួយគ្នានេះ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ ខេត្តកំពង៉ធំ បានទទទួលគម្រោងធំមួយទៀត គឺបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ (Kampong Thom Special Economic Zone – KTSEZ) ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា (Joint Venture Agreement) ជាមួយរដ្ឋបាលខេត្តកំពង់ធំ។
គម្រោងនេះមានគោលបំណងអភិវឌ្ឍតំបន់កសិ-ឧស្សាហកម្មកែច្នៃ តាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» (Farm-to-Factory Agro-Processing Zone) ដែលនឹងលើកកម្ពស់ឧស្សាហកម្មជំនួសការនាំចូល និងឧស្សាហកម្មដែលផ្តោតលើការនាំចេញ ដោយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងឧស្សាហូបនីយកម្មជនបទ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករតាមរយៈកិច្ចអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល។
ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំនេះ គឺស្របទៅតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម ការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងការអភិវឌ្ឍតំបន់ប្រកបដោយតុល្យភាព។ គម្រោងនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ក្នុងការពង្រឹងវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា បង្កើតឱកាសការងារនៅតំបន់ជនបទ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជាទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍ថា៖ គម្រោងនេះ គឺជាការបោះជំហានចូលទៅក្នុងវិស័យថ្មីមួយសម្រាប់ក្រុមហ៊ុនណហើយវា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ជនបទ ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ដែលក្រុមហ៊ុនបានកសាងអស់រយៈពេលជាង ២ទសវត្សរ៍កន្លងមក។ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ក្រុមហ៊ុនមានគោលបំណងបង្កើតឱកាសការងារប្រកបដោយចីរភាព ផ្តល់ប្រភពចំណូលមានស្ថិរភាពដល់សហគមន៍ជនបទ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។
ដោយផ្អែកលើបទពិសោធន៍ជាង ២ទសវត្សរ៍ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានគោលបំណងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ឱ្យក្លាយជាតំបន់កសិ-ឧស្សាហកម្មកែច្នៃតាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» ឈានមុខគេ រួមចំណែកពង្រឹងខ្សែសង្វាក់តម្លៃកសិកម្ម ទាក់ទាញការវិនិយោគប្រកបដោយគុណភាព និងបង្កើតឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាកសិករ និងសហគមន៍ជនបទនៅកម្ពុជា។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា៖ ខេត្តកំពង់ធំ មានសក្តានុពលធំជាងគេគឺវិស័យកសិកម្ម ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅជាង៦០ម៉ឺនហិកតា រួមមានដូចជា ដំណាំស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្វាយ ទុរេន និងដំណាំផ្សេងៗទៀត លើសពីនេះ កំពង់ធំ ក៏ជាទីតាំងដែលសមស្របសម្រាប់ការធ្វើវារីវប្បកម្ម ហើយម្យ៉ាងវិញទៀត គឺជាចំណុចកណ្ដាលនៃប្រទេស ដែលមានលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ងាយស្រួលប្រមូលផលិតផលកសិកម្មមកពីបណ្តាខេត្តផ្សេងៗ និងខេត្តជុំវិញ ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content