បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា និងជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃ នៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។
កិច្ចប្រជុំកំពូល BRICS ដែលប្រារព្ធឡើងនៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយដែលគេកំពុងតាមដានយ៉ាងដិតដល់ ជាពិសេស គឺជំនួបពិភាក្សារវាងប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ ជំនួបរវាងមេដឹកនាំទាំងពីរអាចនឹងជួយកែសម្រួលទំនាក់ទំនងឡើងវិញរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាស៊ី បន្ទាប់ពីមានជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃក្នុងឆ្នាំ២០២០ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិនមកកាន់ប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០១៩ ក្រោយការប៉ះទង្គិចគ្នាដោយហិង្សានៅតាមព្រំដែនក្នុងឆ្នាំ២០២០។

យ៉ាងណាក៏ដោយ បើទោះបីជាទំនាក់ទំនងទ្វេភាគីចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញ ដូចជា ការបើកដំណើរការជើងហោះហើរត្រង់ និងការធ្វើពាណិជ្ជកម្មតាមព្រំដែនឡើងវិញក្តី ប៉ុន្តែបញ្ហាជម្លោះព្រំដែនហិម៉ាឡៃជាច្រើនទសវត្សរ៍មកហើយនោះនៅតែអូសបន្លាយ ដែលជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាក់ស្ដែង ថ្មីៗនេះ ថ្វីត្បិតតែមានវឌ្ឍនភាពពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌា ប៉ុន្តែភាពមិនទុកចិត្តគ្នាវានៅតែមាន ជាពិសេស បន្ទាប់ពីមានរបាយការណ៍ថា ភាគីចិនបានរារាំងការល្បាតរបស់កងទ័ពឥណ្ឌានៅតំបន់ Arunachal Pradesh កាលពីខែសីហាកន្លងទៅថ្មីៗនេះ។
ទន្ទឹមនឹងនេះ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ស្ថិតក្នុងរបៀបវារៈសំខាន់ផងដែរ ដោយសារឥណ្ឌាកំពុងមានឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន ដែលកើនឡើងដល់ ១១២,១៦ ពាន់លានដុល្លារក្នុងចំណោមទំហំពាណិជ្ជកម្មសរុប ១៥១,១ ពាន់លានដុល្លារ។ ឥណ្ឌាពឹងផ្អែកខ្លាំងលើការនាំចូលទំនិញពីចិន ជាពិសេសលើវិស័យថាមពលបៃតង និងថ្មពិល ដែលធ្វើឱ្យឥណ្ឌាមានភាពងាយរងគ្រោះ។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាក៏រឹតបន្តឹងលើមុខទំនិញនាំចូលមួយចំនួនដើម្បីការពារផលិតផលក្នុងស្រុកផងដែរ ខណៈដែលប្រទេសទាំងពីរកំពុងប្រកួតប្រជែងគ្នាក្នុងវិស័យបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
អ្នកវិភាគបានកត់សម្គាល់ថា ការពង្រឹងទំនាក់ទំនងជាមួយចិនបានកើតឡើងចំពេលដែលទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងអាម៉េរិកកំពុងមានភាពតានតឹងជុំវិញបញ្ហាពន្ធគយ ដែលជំរុញឱ្យឥណ្ឌាត្រូវធ្វើពិពិធកម្មទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃទៀត។ យ៉ាងណាមិញ អ្នកជំនាញមិនរំពឹងថា វេទិកា BRICS អាចដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយស្មុគស្មាញទាំងស្រុងនោះទេ ដោយសារគោលដៅចម្បងរបស់ក្រុមនេះ គឺការកែទម្រង់អភិបាលកិច្ច និងហិរញ្ញវត្ថុសកលប៉ុណ្ណោះ៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content