ភ្នំពេញ ៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ដែលគិតត្រឹមត្រីមាសដំបូងក្នុងឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីសរុបចំនួន ១៦ ២១០ គ្រឿង បានចុះបញ្ជីប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានទោចក្រយានយន្តចំនួន ៣ ៨៣២គ្រឿង ត្រីចក្រយានយន្តចំនួន ៧២២គ្រឿង និងរថយន្តចំនួន ១១ ៦៥៦ គ្រឿង។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន បានឱ្យដឹងថា កំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីខាងលើនេះកើនឡើងស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារសកល និងក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ ដោយសារសង្ក្រាមរវាងអ៊ីស្រាអែល អាមេរិក ជាមួយអ៊ីរ៉ង់។
គេនៅចាំបានថា មុនពេលផ្ទុះសង្គ្រាមនៅមជ្ឈិមបូរព៌ា តម្លៃប្រេងសាំងនៅលើទីផ្សារក្នុងប្រទេសជាមធ្យមមានតម្លៃ ៣ ៨៥០រៀលក្នុងមួយលីត្រ និងក្រោយផ្ទុះសង្គ្រាមតម្លៃប្រេងសាំងបានឡើងថ្លៃដល់ ៥៤០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងដល់ ៧ ១០០រៀលក្នុងមួយលីត្រ។

សូមជម្រាបថា គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី «២០២៤-២០៣០» រាជរដ្ឋបាភិបាលបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន ៧៧០ ០០០ គ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលបែងចែកជា ទី១. រថយន្ត ៣០ ០០០ គ្រឿង, ទី២. ម៉ូតូ ៧២០ ០០០គ្រឿង, ទី៣. ត្រីចក្រយានយន្ត ២០ ០០០ គ្រឿង។
ជាមួយគ្នានេះ ដើម្បីសម្រេចគោលនយោបាយខាងលើបាន កាលពីខែមីនា ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានបញ្ចេញថវិកាជាតិប្រមាណ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស។ ទន្ទឹមនេះក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏បានប្រកាសពីគម្រោងសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនីចំនួន ១០០ទីតាំង នៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយលើការនាំចូលរថយន្តអគ្គិសនី ដោយក្នុងនោះសម្រេចបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% សម្រាប់រថយន្តលក្ខណៈគ្រួសារ ប្រភេទសាំងលាយអគ្គិសនី (PHEV) និងបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% សម្រាប់រថយន្តលក្ខណៈគ្រួសារប្រភេទអគ្គិសនីសុទ្ធ (EV) ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content