បរទេស៖ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៩,៥ ភាគរយនៅឆ្នាំ ២០២៦ និង ១១ ភាគរយនៅឆ្នាំ ២០២៧ ដោយសារការរីកចម្រើននៃវិស័យផលិតកម្ម ការកើនឡើងនៃការវិនិយោគពីបរទេស និងតម្រូវការក្នុងស្រុកដ៏ខ្លាំងក្លា។
ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,៤ ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ និងខ្ពស់ជាងការព្យាករណ៍ ៧ ភាគរយ។
ជារួម ក្នុងឆមាសទី១ ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមមានកំណើន ៨,២ ភាគរយ ដោយវិស័យឧស្សាហកម្ម និងសំណង់ជាកម្លាំងចលករស្នូលនៃកំណើន ព្រមទាំងការងើបឡើងវិញនៃសកម្មភាពផលិតកម្ម និងតម្រូវការក្នុងស្រុក។
លោក Standre Bezuidenhout មកពីក្រុមហ៊ុនច្បាប់អន្តរជាតិ DFDL លើកឡើងថា វៀតណាមបានចាប់យកឱកាសពីការប្រែប្រួលភូមិសាស្ត្រនយោបាយ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីទាក់ទាញការវិនិយោគ ដោយបន្តពង្រឹងតួនាទីរបស់ខ្លួនជាគោលដៅដែលគួរឱ្យទុកចិត្តសម្រាប់វិនិយោគិន។
កំណើនសេដ្ឋកិច្ចក៏ត្រូវបានជំរុញដោយពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការនាំចេញរបស់វៀតណាមឈានដល់ ២៦៦,៥២ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ កើនឡើង ២១ ភាគរយធៀបនឹងឆ្នាំមុន ខណៈការវិនិយោគបរទេសកើនឡើង ៦១ ភាគរយ ដល់ ៣៤,៦៥ ពាន់លានដុល្លារ។
ធនាគារអន្តរជាតិ Standard Chartered ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៩,៥ ភាគរយនៅឆ្នាំ ២០២៦ និង ១១ ភាគរយនៅឆ្នាំ ២០២៧។ អត្រាអតិផរណារបស់វៀតណាមក៏ត្រូវបានព្យាករណ៍ថានឹងថយចុះមកត្រឹម ៤,៤ ភាគរយ ដោយសារគោលនយោបាយរូបិយវត្ថុអាចបន្តគាំទ្រដល់កំណើន និងអាចគ្រប់គ្រងអតិផរណាបាន។
សេដ្ឋកិច្ចវៀតណាមបានបង្ហាញភាពធន់យ៉ាងខ្លាំងក្នុងឆមាសទី១ ឆ្នាំនេះ ដោយត្រូវបានជំរុញដោយវិស័យផលិតកម្ម សេវាកម្ម និងការវិនិយោគ ព្រមទាំងការគាំទ្រពីគោលនយោបាយនានាដែលផ្តោតលើការពង្រីកសេដ្ឋកិច្ច។
ស្របពេលសេដ្ឋកិច្ចសកលកំពុងមានភាពមិនប្រាកដប្រជា សេដ្ឋកិច្ចវៀតណាមនៅតែមានជំហររឹងមាំ ដោយសារតម្រូវការក្នុងស្រុកដ៏ខ្លាំងក្លា ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផលិតកម្ម ដែលនឹងជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេស៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content