ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ

កំពត ៖ ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារ និងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ ខណៈ​​តម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀ​ល។

 ធនាគារជាតិនៃកម្ពុជា កាលពីសប្តាហ៍មុន បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលនៅខេត្តកំពត ដើម្បីចូលរួមអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ – ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២) និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

ពិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត។  ពិធីនេះបានធ្វើឡើងចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច ដោយមានកម្មវិធីសំខាន់ៗដូចជា៖ ការយកក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ប្តូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការទស្សនាពិពរណ៍​បង្ហាញពី​​សាវតារ​​ស្តីពី​ការ​វិវឌ្ឍ​នៃប្រព័ន្ធ​រូបិយវត្ថុ​​ខ្មែរ​​តាំង​ពី​សតវត្សរ៍ទី១ នៃ​​​សម័យ​ហ្វូណន​រហូត​ដល់​​បច្ចុប្បន្ន ទស្សនាការប្រគុំតន្រ្តី និងឆ្លើយសំណួរល្បងប្រាជ្ញាដើម្បីយករង្វាន់ជាដើម។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ចរាចរណ៍ប្រាក់រៀលបានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជាដំណាក់កាលដាក់ឱ្យចរាចរជាផ្លូវការជាលើកដំបូង ការលុបបំបាត់ចរាចរណ៍ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជាដើរថយក្រោយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ចនិងសង្គមជាតិ និងការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា៖

“រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា​ពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូ​ល​រួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈ​​ដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការនិងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀ​ល”

យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណា​យប្រចាំថ្ងៃ។ សម្រាប់ខេត្តកំពត ទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ ៨០% នៃការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយនៅឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០% ធៀបនឹងឆ្នាំ២០១៧ រីឯការចំណាយជាប្រាក់រៀលវិញ​បានកើន ៤៧%។

លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការចាយវាយប្រាក់រៀលនៅខេត្តកំពតពីសំណាក់ប្រជាពលរដ្ឋ មានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ បើទោះបីជាខេត្តកំពតជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេស។ លោកជំទាវ បានក្រើនរំឭកដល់ប្រជាពលរដ្ឋនិងក្រុមហ៊ុន​​-សហគ្រាស ដែលមានវត្តមាននៅក្នុងខេត្តកំពត ឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀលជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែច្រើនឡើងថែមទៀត។

លោកជំទាវបានថ្លែងថា៖

“សេដ្ឋកិច្ចតំបន់ ឬខេត្តកំពតនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេប្រសិនបើមិនមានរូបិយវត្ថុជាតិដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក”

គួររំលេចថា នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ លោកជំទាវ បណ្ឌិត ជា សិរី បានបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេ​ដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិ​ប​ណ្ឌិ​តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជននិងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀលនិងអនាគតនៃសេដ្ឋកិច្ចកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....