បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

​ភ្នំពេញ​៖​ ​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​។

​លោក​ ​ជា ​គឹម​ស៊ា នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ ​និង​ប្រឹក្សា​យោបល់​របស់​ក្រុមហ៊ុន​ ​APS ​Cambodia ​បាន​ប្រាប់​ AMS នារសៀល​ថ្ងៃ​ទី​២១​ ​ខែ​កញ្ញា​ ​ថា​ ​វិស័យ​អភិវឌ្ឍន៍​អចលន​ទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​ការ​អភិវឌ្ឍ​ ​ហើយ​ចំនួន​គម្រោង​បុរី​ដែល​បាន​សាងសង់​រួច​ត្រូវ​បាន​រំពឹង​ថា​នឹង​ឈាន​ដល់​ ៥​៦៥​ ​គម្រោង​នៅ​ចុង​ឆ្នាំ​នេះ​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹមត្រីមាស​ទី​៣ ​ឆ្នាំ​២០២៦ ​APS ​Cambodia ​បាន​កត់សម្គាល់​ឃើញ​គម្រោង​បុរី​ចំនួន​ ២៤ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​។ ​ក្នុង​ចំណោម​នេះ​ មាន​ ១១ ​គម្រោង​ជា​ប្រភេទ​កម្រិត​មធ្យម​ ៩​ ​គម្រោង​ជា​ប្រភេទ​កម្រិត​ខ្ពស់​ ​និង​ ៤​ ​គម្រោង​ជា​លំនៅឋាន​តម្លៃ​សមរម្យ​។

​លោក​ ​ជា​ ​គឹម​ស៊ា ​បាន​ថ្លែង​ថា​៖​ ​«​ក្នុង​ចំណោម​គម្រោង​ទាំង​២៤ ​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​នោះ​ ​១១ ​គឺជា​គម្រោង​កម្រិត​មធ្យម​ ៩​ ​គឺជា​គម្រោង​កម្រិត​ខ្ពស់​ ​ដែល​ភាគ​ច្រើន​ស្ថិត​នៅក្នុង​ខណ្ឌ​មាន​ជ័យ​ ​និង​ខណ្ឌ​ដង្កោ​។ ​ហើយ​ ៤​ ​គម្រោង​ទៀត​ ​គឺជា​គម្រោង​ដែល​មាន​តម្លៃ​សមរម្យ​ ​ហើយ​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ​គឺ​តំបន់​ស្រុក​កណ្តាល​ស្ទឹង​ ​និង​ក្រុង​តា​ខ្មៅ​»​។

​លោក​ ​ជា​ ​គឹម​ស៊ា ​បាន​ឱ្យ​ដឹង​ថា​ ​APS ​Cambodia ​មើល​ឃើញ​ថា​ ​គម្រោង​បុរី​តម្លៃ​សមរម្យ​ ​និង​កម្រិត​មធ្យម ​នៅតែ​តំណាង​ឱ្យ​ទីផ្សារ​ដែល​មាន​វិសាលភាព​ធំទូលាយ ​ខណៈ​អចលន​ទ្រព្យ​កម្រិត​ខ្ពស់​បម្រើ​ដល់​ក្រុម​អ្នក​ទិញ​ដែល​មាន​ចំនួន​តិច​ជាង​។

​លោក​បាន​បន្ថែម​ថា​ ​សកម្មភាព​លក់​អចលន​ទ្រព្យ​កម្រិត​ខ្ពស់​ ​អាច​មិន​ឆ្លុះបញ្ចាំង​ទាំងស្រុង​ពី​ស្ថានភាព​ទូទៅ​នៃ​ទីផ្សារ​លំនៅឋាន​នោះ​ទេ​ ​ដោយសារ​តម្រូវការ​របស់​ក្រុម​អ្នក​ទិញ​មាន​ភាព​ខុសគ្នា​តាម​កម្រិត​តម្លៃ​។

​លោក​ ​ជា ​គឹម​ស៊ា ​បាន​ថ្លែង​ថា​៖​ «​ជា​ទូទៅ​ អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​សមរម្យ​នៅតែ​មាន​អត្រា​លក់​ចេញ​បាន​លឿន​ជាង​អចលន​ទ្រព្យ​កម្រិត​មធ្យម ​និង​កម្រិត​ខ្ពស់​ ​ដោយសារ​វា​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ក្រុម​អ្នក​ទិញ​ដែល​មាន​ចំនួន​ច្រើន​ជាង​ ​ដែល​រួមមាន​ទាំង​អ្នក​ទិញ​ដើម្បី​ស្នាក់នៅ​ផ្ទាល់ ​និង​អ្នក​ដែល​មាន​លទ្ធភាព​ហិរញ្ញវត្ថុ​ក្នុង​កម្រិត​កំណត់​»​។

​ជាមួយនឹង​ស្ថានភាព​លក់​យឺត ​អ្នក​អភិវឌ្ឍន៍​បាន​បង្កើន​ការ​ផ្តល់​ជូន​បញ្ចុះ​តម្លៃ​ ​និង​កម្មវិធី​ផ្សព្វផ្សាយ ​ដើម្បី​ជំរុញ​ការ​លក់​។ ​លោក​ ​ជា​ ​គឹម​ស៊ា ​បាន​កត់សម្គាល់​ថា​ ការ​បញ្ចុះ​តម្លៃ​សម្រាប់​អចលន​ទ្រព្យ​ប្រភេទ​ផ្ទះ ​ត្រូវ​បាន​ឃើញ​មាន​ជា​ទូទៅ​ប្រមាណ​ ​១០​ ​ភាគរយ​ ​ប៉ុន្តែ​កម្រិត​ជាក់ស្តែង​អាច​ប្រែប្រួល​តាម​គម្រោង​ ​និង​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​។

​លោក​ក៏​បាន​បញ្ជាក់​ថា​ ​អ្នក​អភិវឌ្ឍន៍​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ក្នុង​ការ​រៀបចំ​កញ្ចប់​កម្មវិធី​ផ្សព្វផ្សាយ​លក់ ​ដើម្បី​ទាក់ទាញ​អ្នក​ទិញ​ក្នុង​ទីផ្សារ​ដែល​កំពុង​ប្រឈម​ការ​លំបាក​។​

​ទោះជា​យ៉ាងណា ​លោក​ ​ជា ​គឹម​ស៊ា ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​បញ្ចុះ​តម្លៃ​តែ​មួយ​មុខ​មិន​មែន​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ជំរុញ​ការ​លក់​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​កម្រិត​មធ្យម​នោះ​ទេ​។ ​លក្ខខណ្ឌ​បង់ប្រាក់​ដែល​មាន​ភាព​បត់បែន ​និង​ទាក់ទាញ​ ​ហើយ​ស្រប​ទៅនឹង​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ទិញ​ ​មាន​សារៈសំខាន់​ជាង​ក្នុង​ការ​ជំរុញ​ការ​សម្រេចចិត្ត​ទិញ​។

​លោក​ ប៉ូ ​អ៊ាវ​គង់​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Advance ​Real ​Estate ​Co Ltd ​បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​បុរី​កំពុង​មាន​ការ​ផ្លាស់ប្តូរ​ ​ប៉ុន្តែ​ក៏​នៅ​មាន​ភាព​ជាប់គាំង​មួយ​ចំនួន​ ​ដោយ​ការ​លក់​គម្រោង​ដំណើរការ​យឺត​។​ ​ស្ថានភាព​នេះ​បាន​ធ្វើឱ្យ​យុទ្ធសាស្ត្រ​បញ្ចុះ​តម្លៃ​ក្លាយជា​វិធីសាស្ត្រ​មួយ​ដែល​អ្នក​អភិវឌ្ឍន៍​ត្រូវ​អនុវត្ត​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​។

​លោក​បាន​បែងចែក​ទីផ្សារ​បុរី​ជា​បី​កម្រិត​តាម​តម្លៃ​។ អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​ជា​ទូទៅ​ត្រូវ​បាន​ចាត់ទុកជា​លំនៅឋាន​តម្លៃ​សមរម្យ​ ​ខណៈ​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ​១០០​,​០០០ ​ដុល្លារ ​ដល់​ ៣០០​,​០០០ ​ដុល្លារ ​ស្ថិត​ក្នុង​កម្រិត​មធ្យម​។ ​ចំណែក​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ចាប់​ពី​ ​៣០០​,​០០០ ​ដុល្លារ​ឡើង​ទៅ​ ​រហូតដល់​រាប់​លាន​ដុល្លារ ​ស្ថិត​ក្នុង​ទីផ្សារ​កម្រិត​ខ្ពស់​។

​លោក​ ប៉ូ ​អ៊ាវ​គង់ ​បាន​ថ្លែង​ថា​៖​ «​ប្រសិនបើ​យើង​បែងចែក​តាម​កម្រិត​តម្លៃ​ទាំងនេះ​ ​យើង​ឃើញ​ថា​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​នៅក្នុង​ទីផ្សារ​»​។

​យ៉ាងណា​ក៏ដោយ​ ​លោក​បាន​លើកឡើង​ថា​ ​លក្ខណៈ​នៃ​គម្រោង​ដែល​ទីផ្សារ​ត្រូវការ​នៅ​មិន​ទាន់​ឆ្លើយតប​ទាំងស្រុង​ទៅ​នឹង​អ្វី​ដែល​អ្នក​អភិវឌ្ឍន៍​កំពុង​ផ្តល់​ជូន​នៅឡើយ​ទេ​។ ​លោក​បញ្ជាក់​ថា​ ​លំនៅឋាន​តម្លៃ​សមរម្យ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ​ ​តម្រូវ​ឱ្យ​មាន​ការ​គ្រប់គ្រង​ចំណាយ​សាងសង់​ក្នុង​កម្រិត​ទាប​បំផុត​។

​លោក​ ប៉ូ ​អ៊ាវ​គង់ ​បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​បុរី​នៅតែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ​ដោយ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​ជួប​ការ​លំបាក​ក្នុង​ការ​លក់​គម្រោង​របស់​ខ្លួន​។ ​លោក​បាន​លើកឡើង​ថា​ ​កម្ពុជា​កំពុង​ទទួល​រង​សម្ពាធ​ពី​កត្តា​ខាង​ក្នុង​ ​និង​ខាង​ក្រៅ ​ដែល​បាន​ធ្វើឱ្យ​ការ​ចំណាយ​របស់​ប្រជាជន​មាន​ការ​ផ្លាស់ប្តូរ​។

​លោក​បាន​ពន្យល់​ថា​ ​ការ​ថយចុះ​នៃ​ប្រាក់​សន្សំ​បាន​ធ្វើឱ្យ​មនុស្ស​មួយចំនួន​ផ្អាក​គម្រោង​ទិញ​អចលន​ទ្រព្យ​របស់​ខ្លួន​។​ ​ទោះ​យ៉ាងណា ​លោក​នៅតែ​មើល​ឃើញ​ឱកាស​សម្រាប់​អ្នក​ដែល​មាន​បំណង​ទិញ​ផ្ទះ ​ដោយសារ​មាន​ការ​ផ្តល់​ជូន​ពិសេស ​និង​ការ​បញ្ចុះ​តម្លៃ​ពី​អ្នក​អភិវឌ្ឍន៍​។

​លោក​ ប៉ូ ​អ៊ាវ​គង់ ​ក៏​បាន​បញ្ជាក់​ថា​ ​ប្រសិនបើ​តម្លៃ​ដី​ ​ថ្លៃ​ពលកម្ម ​និង​តម្លៃ​សម្ភារ​សំណង់​មាន​ការ​ថយចុះ​ ​នោះ​នឹង​ជួយ​កែលម្អ​លក្ខខណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​សម្រួល​ដល់​អ្នក​អភិវឌ្ឍន៍​ក្នុង​ការ​ជំរុញ​ទីផ្សារ​ប្រភេទ​នេះ​។

​លោក​ ​ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​ពន្យល់​ថា​ ​វិស័យ​អចលន​ទ្រព្យ​ជា​វិស័យ​មួយ​ដែល​ពឹងផ្អែក​លើ​វិស័យ​ជា​ច្រើន​ទៀត​ ​ដែល​រួមគ្នា​បង្កើត​កម្លាំង​ទិញ​ ​ដើម្បីឱ្យ​ប្រតិបត្តិការ​ទីផ្សារ​អាច​ដំណើរការ​។

​លោក​បាន​បញ្ជាក់​ថា​ ទីផ្សារ​បុរី​ ​និង​អចលន​ទ្រព្យ​អាស្រ័យ​លើ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​ ​តំបន់ ​និង​ពិភពលោក​។ ​នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​មាន​ការ​ផ្លាស់ប្តូរ​ ​តម្លៃ​អចលន​ទ្រព្យ​ក៏​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ទាំងនោះ​។

​លោក​ ​ហុង វណ្ណៈ ​ក៏​បាន​លើកឡើង​ថា​ ​ការ​លក់​ ​និង​ការ​បញ្ចុះ​តម្លៃ​អចលន​ទ្រព្យ​អាស្រ័យ​លើ​ទីតាំង ​លក្ខណៈ​ភូមិសាស្ត្រ​ ​និង​តម្លៃ​ទីផ្សារ​ដែល​ម្ចាស់​គម្រោង​កំណត់ ​ដោយ​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​សកលលោក​។

​លោក​បាន​បន្ថែម​ថា​ ​ក្នុង​ដំណាក់កាល​ទិញ​លក់​បច្ចុប្បន្ន​ អតិថិជន​មិន​មាន​ភាព​ច្របូកច្របល់​ខ្លាំង​នោះ​ទេ ​ដោយ​អ្នក​អភិវឌ្ឍន៍​បុរី​បាន​ផ្តល់​ជូន​ជម្រើស​ផ្សេង​ៗ រួម​មាន​ការ​បញ្ចុះ​តម្លៃ​ ​កម្មវិធី​ពិសេស ​និង​ការ​ផ្តល់​ជូន​មួយចំនួន​ដែល​អាច​ចរចា​បាន​។

តាម​ទិន្នន័យ​របស់​ APS ​Cambodia ​ចំនួន​គម្រោង​បុរី​ដែល​បាន​សាងសង់​រួច​ត្រូវ​បាន​រំពឹង​ថា​នឹង​ឈាន​ដល់​ ​៥​៦៥​ ​គម្រោង​ ​ស្មើនឹង​ ​១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២៦ ​ដោយ​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​កម្រិត​មធ្យម​នៅតែ​ជា​ផ្នែក​សំខាន់​នៃ​ទីផ្សារ​សម្រាប់​អ្នក​ទិញ​ផ្ទះ​នៅ​កម្ពុជា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា