ភ្នំពេញ៖ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ជាគោលនយោបាយថ្មី ដែលធ្វើបច្ចុប្បន្នភាពជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន ឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីពេលកន្លងទៅបានឱ្យដឹងថា ដើម្បីសម្រេចគោលបំណងនេះ សេចក្តីព្រាងគោលនយោបាយខាងលើនេះត្រូវបញ្ចូលនូវទិដ្ឋភាព ថ្មី ចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយ ឆ្នាំ២០១៧ រួមមាន ៖
១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និងវិស័យឯកជន
២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល
៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច
៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង

គួររំលឹកថា៖ កាលពីដើមសប្តាហ៍នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិតអគ្គទេសាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
ទន្ទឹមនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និងជួល) គោលនយោបាយថ្មីនេះ ក៏បានកំណត់ ផែនការសកម្មភាពក្នុងរយៈពេលខ្លី មធ្យម និងវែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ។
ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងកែសម្រួលលើចំណុចគន្លឹះមួយចំនួន ដោយស្នើឱ្យ ក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេចន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យនេះ។
ក្រោយប្រមូលធាតុចូល និងកែសម្រួលបានគ្រប់ជ្រុងជ្រោយ គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ នឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខ ៕







វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content