ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានប្រាប់ថា ការវិលត្រឡប់នៃជើងហោះហើរនេះនឹងជួយពង្រឹងការតភ្ជាប់រវាងកម្ពុជា និងឥណ្ឌា ព្រមទាំងគាំទ្រដល់វិស័យទេសចរណ៍នៅសៀមរាប។
លោកមានប្រសាសន៍ថា ផែនការរបស់ IndiGo ក្នុងការចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញនៅខែតុលា គឺជាដំណឹងវិជ្ជមានសម្រាប់ការបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ និងជួយសម្រួលដល់អ្នកដំណើរដែលចង់ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ និងតំបន់អង្គរ។
ជើងហោះហើរ កុលកាតា-សៀមរាប បានចាប់ផ្តើមដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានផ្អាកជាបណ្ដោះអាសន្នក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ ដែលលោក ចាន់សេរីវុត្ថា បានពន្យល់ថា ពាក់ព័ន្ធនឹងការកែសម្រួលបណ្តាញហោះហើររបស់ក្រុមហ៊ុន ស្របពេលតម្រូវការតាមរដូវកាលមានកម្រិតទាប និងការចំណាយប្រតិបត្តិការមានសម្ពាធ។
លោកបានបន្ថែមថា កាលពីមុន ក្រុមហ៊ុនបានផ្អាកជើងហោះហើរមកសៀមរាប ដោយសារប្រាក់ចំណេញមានកម្រិតទាប ចំពេលតម្លៃប្រេងឥន្ធនៈ និងចំណាយប្រតិបត្តិការកើនឡើង ដែលពាក់ព័ន្ធនឹងជម្លោះបន្តនៅតំបន់មជ្ឈិមបូព៌ា។
តាមលោក ចាន់សេរីវុត្ថា ការបើកជើងហោះហើរឡើងវិញអាចជួយបង្កើនចំនួនអ្នកធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ វាក៏អាចផ្តល់ភាពងាយស្រួលដល់សិស្ស គ្រួសារ អ្នកធ្វើដំណើរដើម្បីគោរពសាសនា អ្នកធ្វើដំណើរអាជីវកម្ម និងភ្ញៀវទេសចរដែលចាប់អារម្មណ៍លើបេតិកភណ្ឌ។
លោករំពឹងថា ការតភ្ជាប់ឡើងវិញតាមផ្លូវអាកាសនេះក៏អាចបង្កើតឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំកញ្ចប់ទេសចរណ៍ថ្មីៗ និងការពង្រីកការតភ្ជាប់ទៅកាន់គោលដៅផ្សេងទៀតតាមរយៈទីក្រុង Kolkata។ ទោះជាយ៉ាងណា កាលវិភាគជើងហោះហើរជាក់លាក់នៅមិនទាន់ត្រូវបានបញ្ជាក់ដោយ IndiGo នៅឡើយទេ។
ការវិលត្រឡប់របស់ IndiGo កើតឡើងនៅពេលវិស័យទេសចរណ៍សៀមរាបកំពុងប្រឈមនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។
លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់ AMS ថា ក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០២៦ ខេត្តទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២,១៥៦,៣១៦នាក់ ធ្លាក់ចុះប្រមាណ ៣០.៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ក្នុងខែសីហា ឆ្នាំ២០២៦ សៀមរាបទទួលបានជើងហោះហើរចូលសរុប ៥៦៤ជើង ដែលដឹកអ្នកដំណើរ ៤២,១៦៥នាក់។ ក្នុងចំណោមនេះ ជើងហោះហើរអន្តរជាតិមាន ៤១៧ជើង ជាមួយអ្នកដំណើរ ៣៧,៣២៨នាក់ ខណៈជើងហោះហើរក្នុងស្រុកមាន ១៤៧ជើង និងអ្នកដំណើរ ៤,៨៣៧នាក់។
បច្ចុប្បន្ន សៀមរាបមានជើងហោះហើរចូលប្រមាណ ១៧-១៩ជើងក្នុងមួយថ្ងៃ និងទទួលបានអ្នកដំណើរប្រមាណ ១,១០០-១,៣០០នាក់ក្នុងមួយថ្ងៃ។
សម្រាប់សៀមរាប ការបន្ថែមការតភ្ជាប់ផ្លូវអាកាសពីទីផ្សារឥណ្ឌាតាមរយៈក្រុងកុលកាតា ត្រូវបានរំពឹងថានឹងផ្តល់ជម្រើសធ្វើដំណើរបន្ថែមសម្រាប់អ្នកដំណើរ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់អង្គរ៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content