ភ្នំពេញ៖ អាជីវកម្មត្រីចំហុយខ្នាតគ្រួសារមួយនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងបង្កើតភាពខុសប្លែកក្នុងទីផ្សារម្ហូបអាហារតាមអនឡាញ តាមរយៈការផ្តោតលើគុណភាព អនាម័យ និងការវេចខ្ចប់បែបធម្មជាតិ ដោយប្រើប្រាស់អនុផលព្រៃឈើក្នុងស្រុក ជំនួសឱ្យប្រអប់ស្នោ។
លោក ម៉ម សុទ្ធី ម្ចាស់អាជីវកម្មត្រីចំហុយអនាម័យពិសេស បានចាប់ផ្តើមអាជីវកម្មនេះក្នុងគោលបំណងបង្កើតចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងផ្តល់ជូនអតិថិជននូវផលិតផលត្រីចំហុយស្រស់ ដែលមានអនាម័យ និងប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ។
មុនពេលប្តូរមកដំណើរការនៅរាជធានីភ្នំពេញ អាជីវកម្មនេះធ្លាប់មានទីតាំងនៅខេត្តសៀមរាប ប៉ុន្តែដោយសារបញ្ហាប្រឈមពាក់ព័ន្ធនឹងសង្គ្រាមព្រំដែន ដែលបង្កការលំបាកដល់ការផ្គត់ផ្គង់ត្រី លោកបានសម្រេចផ្អាកអាជីវកម្មនៅទីនោះ និងរៀបចំដំណើរការឡើងវិញនៅតំបន់ព្រែកព្នៅ។
បច្ចុប្បន្ន អាជីវកម្មនេះនៅមានទំហំតូច និងដំណើរការលក់តាមប្រព័ន្ធអនឡាញ ដោយលក់បានប្រមាណពី ៥ ទៅ ១៥ គីឡូក្រាមក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា ម្ចាស់អាជីវកម្មបានប្រកាន់ខ្ជាប់នូវគោលការណ៍ «ធ្វើមួយថ្ងៃ លក់មួយថ្ងៃ» ដើម្បីធានាថាផលិតផលដែលផ្តល់ជូនអតិថិជនមានភាពស្រស់ និងមិនត្រូវបានស្តុកទុកយូរ។
ចំណុចដែលអាជីវកម្មនេះយកចិត្តទុកដាក់ជាពិសេស គឺការរៀបចំវត្ថុធាតុដើម និងការរក្សាអនាម័យក្នុងដំណើរការផលិត។ ត្រីត្រូវបានហូតយកពោះ និងស្រកីចេញឱ្យបានស្អាត ដើម្បីកាត់បន្ថយក្លិនឆ្អាប និងរក្សារសជាតិផ្អែមបែបធម្មជាតិ។ ចំពោះគ្រឿងផ្សំ អាជីវកម្មប្រើប្រាស់ត្រីស្រស់ អំបិល គល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច ដោយមិនប្រើសារធាតុគីមីសម្រាប់រក្សាពណ៌ ឬស្ករឡើយ។
ក្រៅពីគុណភាពផលិតផល ការវេចខ្ចប់ក៏ជាចំណុចដែលអាជីវកម្មនេះយកចិត្តទុកដាក់ផងដែរ។ ជំនួសឱ្យការប្រើប្រអប់ស្នោ ម្ចាស់អាជីវកម្មបានជ្រើសរើសប្រើស្មុគ ស្លឹកចេក និងកញ្ច្រែងល្ពាក់ ដែលជាអនុផលព្រៃឈើក្នុងស្រុក។ ការជ្រើសរើសនេះមានគោលបំណងកាត់បន្ថយការបំពុលបរិស្ថាន ព្រមទាំងជួយបង្កើតចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
លោក សុទ្ធី បានឱ្យដឹងថា ក្រៅពីបញ្ហាប្រឈមក្នុងការផ្គត់ផ្គង់ត្រី អាជីវកម្មនៅទីតាំងថ្មីក៏ជួបការលំបាកលើការស្វែងរកអតិថិជន ទីតាំង និងសេវាកម្មផងដែរ ខណៈបរិមាណលក់នៅមានកម្រិតនៅឡើយ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុសៗគ្នារបស់អតិថិជន អាជីវកម្មបានបែងចែកត្រីកាម៉ុងចំហុយជា ៣ ប្រភេទ រួមមាន ខ្នាតយក្ស ដែលមានត្រីពី ២ ទៅ ៣ ក្បាលក្នុងមួយគីឡូក្រាម តម្លៃ ៥០.០០០ រៀល ខ្នាត VIP តម្លៃ ៣៥.០០០ រៀល និងខ្នាតតូច តម្លៃ ២៥.០០០ រៀលក្នុងមួយគីឡូក្រាម។
លោក សុទ្ធី បានបញ្ជាក់ថា អាជីវកម្មនេះមិនទាន់មានទំហំធំដុំទេ ដោយដំណើរការក្នុងលក្ខណៈគ្រួសារ និងមានបំណងផ្តល់ជូនអ្នកចូលចិត្តទទួលទានត្រីចំហុយនូវផលិតផលក្នុងស្រុកពិតប្រាកដ ដែលផលិតឡើងដោយស្នាដៃកូនខ្មែរ និងប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក។
លោកក៏រំពឹងថា នៅពេលខាងមុខ អាជីវកម្មនឹងអាចទាក់ទាញអតិថិជនបានកាន់តែច្រើន តាមរយៈការរក្សាគុណភាពផលិតផល និងការផ្តល់សេវាកម្មល្អ។
តាមរយៈអាជីវកម្មនេះ លោក សុទ្ធី មានគោលបំណងចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ដែលផលិតឡើងដោយស្នាដៃកូនខ្មែរ ដោយផ្អែកលើគុណភាព សេវាកម្ម និងទំនុកចិត្ត។ ករណីនេះក៏បង្ហាញពីការខិតខំរបស់អាជីវកម្មខ្នាតតូច និងមធ្យម (MSMEs) ក្នុងការបង្កើតតម្លៃបន្ថែម និងស្វែងរកទីផ្សារតាមរយៈការកែច្នៃផលិតផលក្នុងស្រុក ការយកចិត្តទុកដាក់លើអនាម័យ និងការជ្រើសរើសការវេចខ្ចប់ដែលគិតគូរដល់បរិស្ថាន៕









វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content