ភ្នំពេញ៖ កម្ពុជានឹងមានសេវាហោះហើរតាមរដូវថ្មីពីសាធារណរដ្ឋកូរ៉េ និងបង្កើនជើងហោះហើរពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដើម្បីពង្រឹងការតភ្ជាប់អន្តរជាតិ និងគាំទ្រកំណើនវិស័យទេសចរណ៍។
ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានស្វាគមន៍ចំពោះសេវាហោះហើរថ្មីទាំងនេះ ដែលនឹងជួយពង្រឹងការតភ្ជាប់របស់កម្ពុជាជាមួយទីផ្សារទេសចរណ៍សំខាន់ៗនៅតំបន់អាស៊ីឦសាន។
តាមប្រភពដដែល ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways នឹងចាប់ផ្តើមសេវាហោះហើរតាមរដូវលើផ្លូវសេអ៊ូល-អ៊ីនឈន់ និងសៀមរាប ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧។ ក្រុមហ៊ុននឹងដំណើរការជើងហោះហើរជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800 ដែលស្របពេលនឹងរដូវកាលទេសចរណ៍កំពូលរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្កើនជើងហោះហើរលើផ្លូវគុនមីង-សៀមរាប ពី ៣ ជើង ដល់ ៤ ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ជើងហោះហើរនេះដំណើរការនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។
ការបន្ថែមជើងហោះហើរពីគុនមីង ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន នឹងជួយបង្កើនជម្រើសធ្វើដំណើររបស់អ្នកដំណើរ ខណៈសេវាហោះហើរតាមរដូវពីកូរ៉េខាងត្បូងនឹងបន្ថែមការតភ្ជាប់តាមផ្លូវអាកាសជាមួយទីផ្សារទេសចរណ៍សំខាន់មួយទៀតក្នុងតំបន់។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានលើកឡើងថា ការពង្រីកសេវាហោះហើរទាំងនេះនឹងរួមចំណែកបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ខេត្តសៀមរាប ព្រមទាំងពង្រឹងជំហររបស់ខេត្តក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ពីការប្តេជ្ញាបន្តសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ លើកកម្ពស់ការចូលទីផ្សារ និងពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ដើម្បីជំរុញការតភ្ជាប់ផ្លូវអាកាស និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content