ភ្នំពេញ៖ ទោះម្នាស់ទឹកឃ្មុំទទួលបានទិន្នផលល្អ និងមានគុណភាពប្រសើរនៅដើមរដូវប្រមូលផលឆ្នាំនេះក៏ដោយ កសិករកម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃលក់ និងកង្វះទីផ្សារស្រូបយកផលិតផលម្នាស់ ខណៈការប្រមូលផលពីតំបន់ដាំដុះសំខាន់ៗក្នុងពេលស្របគ្នា បានបង្កបញ្ហាតម្លៃ។
ការជំរុញវិនិយោគលើរោងចក្រកែច្នៃ ការរៀបចំពេលវេលាប្រមូលផល និងការធានាទីផ្សារជាមុន ត្រូវបានចាត់ទុកថាជាចំណុចសំខាន់សម្រាប់ជួយស្រូបយកទិន្នផល និងរក្សាប្រាក់ចំណូលកសិករឱ្យមានស្ថិរភាព។
តម្លៃលក់បោះដុំម្នាស់ទឹកឃ្មុំបានធ្លាក់មកត្រឹម ៨០០ ទៅ ៩០០ រៀលក្នុងមួយគីឡូក្រាម ខណៈម្នាស់ដែលមានទម្ងន់ចាប់ពី ០,៤ ដល់ ១,២ គីឡូក្រាមក្នុងមួយផ្លែ អាចលក់បានត្រឹម ៣៥០ ទៅ ៥០០ រៀល នៅពេលលក់លាយបញ្ចូលគ្នា។ ស្ថានភាពនេះបង្ហាញថា ការទទួលបានទិន្នផលល្អមិនទាន់ធានាថា កសិករអាចរកប្រាក់ចំណូលបានសមស្របនោះទេ ប្រសិនបើទីផ្សារមិនអាចស្រូបយកផលិតផលបានទាន់ពេលវេលា។
អ្នកស្រី ឈិន ចន្ធូ កសិករដាំម្នាស់ទឹកឃ្មុំលើផ្ទៃដីជាង ៤ ហិកតា នៅឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន AMS ថា ម្នាស់ក្នុងរដូវនេះហុចផលល្អ និងមិនមានការខូចខាតគួរឱ្យកត់សម្គាល់ ប៉ុន្តែការធ្លាក់ចុះនៃតម្លៃលក់បានធ្វើឱ្យប្រាក់ចំណូលមិនដូចការរំពឹងទុក។
អ្នកស្រីបានឱ្យដឹងថា ក្នុងមួយហិកតា អ្នកស្រីដាំម្នាស់ប្រមាណ ៦០.០០០ ដើម ហើយម្នាស់លេខ១ទទួលបានប្រមាណ ២៧.០០០ ផ្លែក្នុងមួយហិកតា។ ការប្រមូលផលត្រូវធ្វើឡើងជាដំណាក់កាល ដោយបែងចែកម្នាស់ជា ៤ ប្រភេទ ចាប់ពីលេខ១ ដល់លេខ៤ ដើម្បីបន្តផ្គត់ផ្គង់ទីផ្សារ និងស្របតាមស្ថានភាពទិន្នផលក្នុងចម្ការ។
អ្នកស្រីបញ្ជាក់ថា នៅពេលតំបន់ផលិតកម្មជាច្រើនប្រមូលផលក្នុងពេលតែមួយ ទីផ្សារអាចមានការផ្គត់ផ្គង់លើសតម្រូវការបណ្តោះអាសន្ន ដែលធ្វើឱ្យតម្លៃធ្លាក់ចុះ។ ខេត្តបាត់ដំបង កំពង់ចាម ស្ទឹងត្រែង និងត្បូងឃ្មុំ ជាតំបន់ផលិតម្នាស់ទឹកឃ្មុំសំខាន់ៗ ដែលមានរដូវប្រមូលផលប្រហាក់ប្រហែលគ្នា។
ទោះទីផ្សារបោះដុំផ្តល់តម្លៃទាបក៏ដោយ ការលក់ទៅផ្សារទំនើប និងម៉ាតអាចទទួលបានតម្លៃខ្ពស់ជាង ដោយម្នាស់មួយផ្លែអាចលក់បានពី ៤.០០០ ទៅ ៥.០០០ រៀល។ ប៉ុន្តែបរិមាណបញ្ជាទិញនៅមានកម្រិតទាប ដោយមានត្រឹម ១២០ ទៅ ១៥០ ផ្លែប៉ុណ្ណោះ។ ដូច្នេះ ការលក់ទៅឱ្យឈ្មួញនាំចេញទៅប្រទេសវៀតណាម នៅតែជាច្រកទីផ្សារសំខាន់សម្រាប់ជួយស្រូបយកទិន្នផល និងកាត់បន្ថយហានិភ័យនៃការសល់ ឬរលួយចោល។
លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មទំនើបខេត្តកំពង់ចាម បានឱ្យដឹងថា តម្លៃម្នាស់លេខ ១ បានធ្លាក់ពី ២២.០០០ ទៅ ២៤.០០០ រៀល មកនៅត្រឹម ១៨.០០០ រៀលក្នុងមួយឡូត៍ ខណៈការលក់ទៅផ្សារទំនើបអាចទទួលបានតម្លៃប្រមាណ ២៥.០០០ រៀលក្នុងមួយឡូត៍។
លោកបន្ថែមថា សហគមន៍មានផ្ទៃដីដាំម្នាស់ ១៣ ហិកតា ដោយដាំពី ៦០.០០០ ទៅ ៧០.០០០ ដើមក្នុងមួយហិកតា។ នៅពេលការថែទាំបានល្អ ម្នាស់លេខ១អាចទទួលបានផលប្រមាណ ៣០.០០០ ផ្លែក្នុងមួយហិកតា ខណៈផលិតផលដែលនៅសល់ត្រូវបានចាត់ថ្នាក់ជាលេខ២ លេខ៣ និងលេខ៤។ ការបែងចែកប្រភេទនេះអាចជួយឱ្យកសិកររៀបចំការប្រមូលផលជាដំណាក់កាល ប្រសិនបើម្នាស់មិនចេញផ្លែក្នុងពេលតែមួយ។
លោក ហេង វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខេត្តមានផ្ទៃដីដាំម្នាស់ប្រមាណ ២០០ ហិកតា។ មន្ទីរបានបណ្តុះបណ្តាលកសិករឱ្យអនុវត្តប្រព័ន្ធកសិកម្មល្អ (GAP) និងជួយសម្របសម្រួលស្វែងរកអ្នកទិញ ប៉ុន្តែតម្លៃកសិផលនៅតែអាស្រ័យលើទីផ្សារសេរី ដែលអាជ្ញាធរមិនអាចកំណត់ដោយផ្ទាល់បានឡើយ។
លោកបានលើកឡើងថា ការបង្កើនទិន្នផលតែមួយមុខមិនគ្រប់គ្រាន់ដើម្បីធានាប្រាក់ចំណូលកសិករទេ ប្រសិនបើខ្វះប្រព័ន្ធកែច្នៃ និងបណ្តាញទីផ្សារដែលអាចស្រូបយកផលិតផលបានទាន់ពេលវេលា។ ការប្រមូលផលច្រើនក្នុងរយៈពេលខ្លីអាចបង្កសម្ពាធបន្ថែមលើតម្លៃ និងប្រាក់ចំណេញរបស់អ្នកដាំដុះ។
ក្នុងន័យនេះ ការជំរុញវិនិយោគបង្កើតរោងចក្រ ឬសិប្បកម្មផលិតទឹកផ្លែឈើ ម្នាស់កំប៉ុង និងផលិតផលម្នាស់កែច្នៃផ្សេងៗ អាចជួយស្រូបយកទិន្នផលដែលលើសតម្រូវការទីផ្សារផ្លែឈើស្រស់។ ការកែច្នៃក៏អាចបង្កើតច្រកទីផ្សារបន្ថែមសម្រាប់ម្នាស់ដែលមិនអាចលក់បានទាន់ពេលក្នុងទីផ្សារផ្លែឈើស្រស់ ដោយកាត់បន្ថយការពឹងផ្អែកលើការលក់បោះដុំតែមួយមុខ។
ទន្ទឹមនឹងនេះ ការជំរុញបច្ចេកទេសដាំដុះដើម្បីឱ្យម្នាស់ចេញផ្លែមិនជាន់ពេលគ្នា អាចជួយកាត់បន្ថយការប្រមូលផលក្នុងបរិមាណច្រើនក្នុងរយៈពេលខ្លី និងធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារមានភាពបន្តបន្ទាប់។ ការពង្រីកកិច្ចសន្យាកសិកម្ម និងការស្វែងរកអ្នកទិញជាមុន ក៏អាចជួយឱ្យកសិកររៀបចំផែនការផលិត និងប្រមូលផលបានសមស្របទៅនឹងតម្រូវការទីផ្សារ។
បញ្ហាម្នាស់ទឹកឃ្មុំនៅកម្ពុជាបង្ហាញពីគម្លាតរវាងសមត្ថភាពផលិត និងសមត្ថភាពទីផ្សារស្រូបយកផលិតផល។ ការពង្រឹងវិស័យកែច្នៃ ការរៀបចំរដូវប្រមូលផល និងការធានាទីផ្សារជាមុន គឺជាចំណុចសំខាន់ដែលអាចជួយកាត់បន្ថយហានិភ័យនៃការធ្លាក់ថ្លៃ និងធ្វើឱ្យកសិករទទួលបានប្រាក់ចំណូលកាន់តែមានស្ថិរភាព៕







វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content