ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១ ឆ្នាំ ២០២៥ ដល់ត្រីមាសទី ២ ឆ្នាំ២០២៦ ដែលមានទំហំត្រឹមជាង ៥ រយលានរៀល (ប្រមាណ ១៤ ម៉ឺនដុល្លារអាមេរិក)។ សូមបញ្ជាក់ថា តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងខែតុលា ឆ្នាំ២០២៦ ក៏បានកើនដល់តម្លៃ ៣.៩ ពាន់លានរៀល (ជិត ១លានដុល្លារអាមេរិក)។
ខណៈពេលកំណត់ត្រាពីទំហំជួញដូរនៅតែបន្ត នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានបង្ហាញពីក្ដីរំពឹងថា និន្នាការនៃការជួញដូរនៅលើផ្សារមូលបត្រនឹងនៅតែបន្តមានការកើនឡើង ឬថេរ ដោយនៅចន្លោះជិត ១លានដុល្លារក្នុង១ថ្ងៃដដែល។

លោកបានបញ្ជាក់ប្រាប់ AMS ថា បច្ចុប្បន្ននេះ វិនិយោគិនភាគច្រើននៅតែរង់ចាំមើលរបាយការណ៍នៅត្រីមាសទី៣នេះ ដើម្បីធ្វើជាទិន្នន័យក្នុងការស្វែងយល់ពីសកម្មភាពរបស់បណ្តាក្រុមហ៊ុនដែលបានចុះបញ្ជី។
យោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា CSX នាពេលថ្មីៗនេះបានបង្ហាញថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិបន្តរងសម្ពាធពីភាពមិនប្រាកដប្រជានៃបញ្ហាភូមិសាស្ត្រនយោបាយ ហើយទីផ្សារភាគហ៊ុនធំៗមួយចំនួនក្នុងតំបន់ ក៏ចដូចជាពិភពលោកកំពុងធ្លាក់ចុះខ្លាំង ប៉ុន្តែបែរជាទីផ្សារមូលបត្រកម្ពុជាបង្ហាញពីភាពធន់ និងមានសន្ទុះងើបឡើងយ៉ាងរឹងមាំគួរឱ្យកត់សម្គាល់។ សន្ទស្សន៍ CSX គឺអាចរក្សាបានស្ថិរភាពយ៉ាងល្អចាប់តាំងពីដើមឆ្នាំ២០២៦ មុនពេលបង្ហាញពីសន្ទុះនៃការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងខែសីហា និងបានស្ទុះឡើងដល់ចំណុចខ្ពស់បំផុតក្នុងកម្រិត ៦៥០.៦២ ពិន្ទុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ (ដែលជាពិន្ទុខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ)។
យ៉ាងណាក៏ដោយ បើទោះបីជាសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាមានការធ្លាក់ចុះមកវិញបន្តិច ដោយសារការទាញយកប្រាក់ចំណេញ (Profit-taking)ពីសំណាក់វិនិយោគិនមួយចំនួនកាលពីដើមខែតុលា ក៏សន្ទស្សន៍ ផ្សារមូលបត្រ នៅតែបន្តឈរយ៉ាងរឹងមាំក្នុងកម្រិត ៦០០ ពិន្ទុ ដែលនេះបានឆ្លុះបញ្ចាំងថា វិនិយោគិនជាច្រើនទៀតនៅតែជឿជាក់ និងបន្តវិនិយោគទុនបន្ថែមចូលក្នុងទីផ្សារ។ ភាពរឹងមាំនេះ កើតចេញពីប្រតិបត្តិការអាជីវកម្មជាក់ស្តែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់បណ្តាក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា ដែលមិនងាយរងផលប៉ះពាល់ពីវិបត្តិខាងក្រៅឡើយ និងបានប្រែក្លាយទីផ្សារមូលបត្រក្នុងស្រុកទៅជាទីជម្រកវិនិយោគដ៏មានសុវត្ថិភាព និងជាឱកាសកំណើនផលចំណេញសម្រាប់វិនិយោគិន។
និន្នាការវិជ្ជមាននេះសរបញ្ជាក់យ៉ាងច្បាស់ថា វិនិយោគិនកំពុងចាត់ទុកទីផ្សារមូលបត្រកម្ពុជាជាវេទិកាហិរញ្ញវត្ថុដ៏សំខាន់ ដែលមិនត្រឹមតែសម្រាប់ការវិនិយោគបែបសន្សំ និងកសាងប្រភពចំណូលរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពបង្ហាញថា ការវិនិយោគលើភាគហ៊ុននៅកម្ពុជាពិតជាអាចបង្កើតឱកាសចំណេញខ្ពស់ផងដែរ។
លោក ទ្រី តៃហ៊ី ក៏បានបញ្ជាក់ដែរថា ផ្សារមូលបត្រកម្ពុជា CSX នឹងមានសកម្មភាពបន្ថែមទៀតជាច្រើនដើម្បីផ្សព្វផ្សាយ និងជំរុញការវិនិយោគលើទីផ្សារស្របពេលដែល CSX ក៏បានត្រៀមគោលដៅការងារសម្រាប់ឆ្នាំ២០២៧ រួចរាល់ផងដែរ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content