ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) បានបំបែកកំណត់ត្រាជួញដូរថ្មីក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយតម្លៃជួញដូរមធ្យមប្រចាំថ្ងៃកើនដល់ ៥.៨ ពាន់លានរៀល ឬប្រមាណ ១.៤៥ លានដុល្លារអាម៉េរិក ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅលើទីផ្សារ។
យោងតាមទិន្នន័យទីផ្សារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ តម្លៃជួញដូរមធ្យមប្រចាំថ្ងៃក្នុងខែកញ្ញា បានកើនប្រមាណ ៦៣% បើធៀបនឹងកំណត់ត្រាចាស់ដែលសម្រេចបានក្នុងខែមេសា ឆ្នាំ២០២២ ដែលមានតម្លៃជួញដូរមធ្យមប្រចាំថ្ងៃ ៣.៦ ពាន់លានរៀល ឬប្រមាណ ០.៨៩ លានដុល្លារអាម៉េរិក។
ក្នុងខែកញ្ញា ចំនួនការដាក់បញ្ជាជាមធ្យមប្រចាំថ្ងៃបានកើនដល់ជាង ១.២ ម៉ឺនបញ្ជា ខណៈចំនួនភាគហ៊ុនជាមធ្យមជិត ៧.៥ លានភាគហ៊ុន ត្រូវបានដាក់បញ្ជាលើទីផ្សារជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនដល់ ៦៥០.៦២ ពិន្ទុ ឬកើនឡើង ២០.២៦% ក្នុងខែកញ្ញា ដែលតាមរបាយការណ៍បានបង្ហាញពីការជឿជាក់លើទីផ្សារ និងការបន្តកើនឡើងនៃសាច់ប្រាក់ដែលត្រូវបានដាក់បញ្ចូលទៅក្នុងទីផ្សារ។
ការចូលរួមរបស់វិនិយោគិនក៏បានកើនឡើងដល់កម្រិតខ្ពស់ផងដែរ។ ចំនួនគណនីជួញដូរដែលបានបើកថ្មីក្នុងខែកញ្ញា មានចំនួន ៤.១៦២ គណនី ដែលជាចំនួនខ្ពស់បំផុតរបស់ផ្សារមូលបត្រកម្ពុជា បំបែកកំណត់ត្រាចាស់ចំនួន ៤.០៣៤ គណនី ដែលសម្រេចបានក្នុងខែកញ្ញា ឆ្នាំ២០១៨។
ចំណែកចំនួនវិនិយោគិនសកម្មក្នុងខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ៩.៨០៦ នាក់ ដែលជាកម្រិតខ្ពស់បំផុតផងដែរ។ របាយការណ៍បានបញ្ជាក់ថា ការកើនឡើងនៃតម្លៃ និងបរិមាណជួញដូរដល់កម្រិតប្រវត្តិសាស្ត្រថ្មីនេះ បានកើតចេញពីការបន្តចូលរួមយ៉ាងសកម្មរបស់ទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់។
តាមរបាយការណ៍ ការរក្សាបាននូវវឌ្ឍនភាពនេះបង្ហាញថា សកម្មភាពទីផ្សារនាពេលកន្លងមកមិនមែនជានិន្នាការរយៈពេលខ្លីនោះទេ ប៉ុន្តែជាផលកើតចេញពីការចូលរួម និងការជឿជាក់របស់វិនិយោគិននៅក្នុងទីផ្សារ។
ការបន្តចូលរួមរបស់វិនិយោគិន ត្រូវបានចាត់ទុកថាជាកម្លាំងស្នូល និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍផ្សារមូលបត្រឱ្យកាន់តែរឹងមាំ ព្រមទាំងជួយបង្កើនប្រភពទុនសម្រាប់សហគ្រាសក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content