ភ្នំពេញ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែវិច្ឆិកា នេះ បានឈានចូលថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយនៃការជួបជុំ ចែករំលែកបទពិសោធន៍ រកដំណោះស្រាយលើការផលិត និងបង្កើនច្រវាក់ផ្គត់ផ្គង់នៅលើទីផ្សារ។ តាមរយៈវេទិការយៈពេល ២ថ្ងៃនេះ សម្រាប់វិស័យស្វាយចន្ទី បានរកឃើញនូវចំណុចខ្វះខាតរបស់ខ្លួនដែលត្រូវអនុវត្ត និងកែលម្អ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។
ថ្លែងនៅវេទិកានេះ ក្នុងវគ្គ “ការធ្វើទីផ្សារជាមួយសហភាពអឺរ៉ុប” ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា លោក អាន ដារ៉ា មានប្រសាសន៍ថា ឆ្លងកាត់កិច្ចពិភាក្សាស៊ីជម្រៅកន្លងមកនេះ រូបលោកផ្ទាល់ក្នុងនាមសហព័ន្ធបានមើលឃើញនូវចំណុចត្រូវពង្រឹងបន្ថែម ជាពិសេស លើបច្ចេកទេសកែច្នៃចន្ទី និងបញ្ហាកង្វះទុន។

លោកថា ៖ «ទី១ កសិករ ឬម្ចាស់សិប្បកម្មកែច្នៃ តាមរយៈសហព័ន្ធ នឹងតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយផ្ទាល់ជាមួយស្ថាប័នផ្ដល់ហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះទុន។ ទី២ ជំរុញឱ្យអ្នកកែច្នៃពង្រឹងសមត្ថភាពបន្ថែម ដើម្បីបំពេញទៅតាមស្មារតីគោលនយោបាយជាតិ ស្ដីពីចន្ទីរបស់កម្ពុជា»។
ជុំវិញការលើកឡើងនេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សំហេង បូរ៉ា បានគូសបញ្ជាក់ថា បញ្ហាប្រឈមដែលបានលើកឡើងដោយសហព័ន្ធស្វាយចន្ទីកម្ពុជា ក៏ដូចជាអ្នកកែច្នៃផ្ទាល់ ក្នុងនាមក្រសួងនឹងរិះរកមធ្យោបាយដោះស្រាយឱ្យកាន់តែប្រសើរ។ ប៉ុន្ដែតាមរយៈវេទិកានៅពេលនេះ មានវត្ថុបំណងធំក្នុងការពង្រីកទីផ្សារទាំងនៅក្នុងស្រុក ទីផ្សារអន្ដរជាតិ ជាពិសេស ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

ឯកឧត្ដម សំហេង បូរ៉ា បន្ថែមថា ៖ «ក្រសួងនឹងស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានា ដើម្បីធ្វើជាមូលដ្ឋានក្នុងការដោះស្រាយ និងលើកកម្ពស់ ជំរុញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្ដរជាតិ។ ទន្ទឹមគ្នានេះ កម្ពុជាក៏ចង់ឃើញពីការប្ដេជ្ញាចិត្ដបន្ថែមលើការជួយជ្រោមជ្រែងពីដៃគូពាក់ព័ន្ធ ដោយមិនសំដៅតែទៅលើ EU ឬ GIZ នោះទេ គឺត្រូវចូលរួមទាំងវិស័យឯកជន សហគមន៍ និងសភាពាណិជ្ជកម្ម នៃប្រទេសផ្សេងៗទៀត»។
សូមជម្រាបជូនថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមប្រធានបទ “ពីកម្ពុជាទៅកាន់ពិភពលោក” បានផ្តោតលើការពង្រីកឱកាសពាណិជ្ជកម្មជាមួយទីផ្សារអឺរ៉ុប។ វេទិកានេះ រៀបចំដោយ GIZ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ រួមជាមួយក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ ជួបជាមួយអ្នកទិញ វិនិយោគិន និងអ្នកជំនាញក្នុងវិស័យចន្ទី ក៏ដូចជាផលិតផលម្រេច ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារអឺរ៉ុប បច្ចេកទេសកែច្នៃផលិតផល ការបំពេញតាមស្តង់ដារគុណភាព និងមធ្យោបាយពង្រីកការនាំចេញរយៈពេល ២ថ្ងៃពេញ ដែលបញ្ចប់នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ៕








វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content