ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស ហើយលក់ជូនបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម SME ក្នុងស្រុកជាមួយតម្លៃទាប ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមផលិត និងលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃសមរម្យ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC) បានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីលើកស្ទួយ ផលិតផលក្នុងស្រុក ក្រោមកិច្ចសហការរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដោយមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្ម អ្នកតំណាងសហគ្រាស និងអ្នកសារព័ត៌មានចំនួន ៦៧នាក់ មកពី ៤៧ស្ថាប័ន។

ថ្លែងនៅក្នុងអង្គវេទិកា លោកឧកញ៉ា តែ តាំងប៉ បានទទួលស្គាល់ថា បច្ចុប្បន្ន ផលិតផលជាតិដែលផលិតនៅក្នុងស្រុក និងដាក់លក់នៅលើទីផ្សារ ពិតជាមានតម្លៃខ្ពស់បន្តិចមែនដោយសារតែថ្លៃដើមផលិតនៅមានកម្រិតខ្ពស់ដែលបង្ខំឱ្យទាំងអ្នកកែច្នៃ និងអ្នកផលិតលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃខ្ពស់ ដើម្បីជៀសវាងភាពប្រឈមនឹងការខាតបង់។
លោកឧកញ៉ាបញ្ជាក់ថា ៖ «យើងនាំចូលវត្ថុធាតុដើមចាំបាច់មួយចំនួនមកពីក្រៅប្រទេស ព្រោះក្នុងស្រុកយើងអត់មាន ហើយបើយើងនាំចូលម្ដងក្នុងបរិមាណច្រើននឹងមានតម្លៃទាប ដោយសារគេបញ្ចុះតម្លៃ ប៉ុន្តែបើយើងទៅទិញគេក្នុងបរិមានតិច នោះតម្លៃនឹងខ្ពស់។ នៅប្រទេសចិនគេលក់វត្ថុធាតុដើមជាជ័រ ក្នុង១តោន ៦០០ដុល្លារ ហើយនៅប្រទេសវៀតណាម និងប្រទេសថៃ ក៏លក់ក្នុងតម្លៃត្រឹម ៦៥០ដុល្លារក្នុង១តោន ទាំងនេះដោយសារតែគេនាំចូលម្ដងខ្ទង់ម៉ឺនតោនដែលទទួលបានតម្លៃទាប ព្រោះគេទិញម្ដងច្រើនៗ មិនមែនក្រុមហ៊ុន ១០ ទៅនាំយកវត្ថុធាតុដើមនៅ ១០ប្រទេស ដែលធ្វើឱ្យតម្លៃវត្ថុធាតុដើមខ្ពស់នោះទេ»។

ក្នុងន័យនេះ ដើម្បីអាចជួយលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈការជួយកាត់បន្ថយតម្លៃថ្លៃដើមផលិតឱ្យទាប សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មានផែនការបង្កើតគណៈកម្មការមួយដើម្បីជួយសម្របសម្រួល និងគៀរគរអ្នកវិនិយោគដែលមានធនធានគ្រប់គ្រាន់នាំចូលវត្ថុធាតុដើមពីក្រៅប្រទេសយកមកលក់ជូនបងប្អូនក្នុងវិស័យ SME ក្នុងតម្លៃធូរថ្លៃ ដើម្បីអាចមានលទ្ធភាពក្នុងសង្វាក់ផលិតកម្មប្រកបដោយភាពប្រកួតប្រជែង៕






វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content