បើទោះជាស្ថិតក្នុងស្ថានភាពដែលការបោះឆ្នោតក្នុងប្រទេសថៃនៅមិនទាន់អាចបង្កើតបានជារដ្ឋាភិបាលរួមនៅឡើយក្តី ប៉ុន្តែបច្ចុប្បន្នភាពថៃត្រូវបានគេទទួលស្គាល់ថានៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅក្នុងតំបន់។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សេដ្ឋកិច្ចថៃគឺជាសេដ្ឋកិច្ចធំជាងគេបំផុតទី២បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ហើយគិតជា GDP សម្រាប់ពលរដ្ឋម្នាក់កាលពីឆ្នាំ២០២២ ប្រមាណជា ៧៦៥១ដុល្លារដែលឈរនៅបន្ទាប់ពីសិង្ហបុរី, ប្រ៊ុយណេ និងម៉ាឡេស៊ី។
សេដ្ឋកិច្ចថៃមួយចំណែកធំគឺពឹងផ្អែកសំខាន់ទៅលើការនាំចេញទំនិញដ៏ចម្រុះដែលផលិតក្នុងប្រទេស ខណៈដែលកាលពីឆ្នាំ២០២១វាមានទំហំដល់ទៅ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ហើយកាលពីឆ្នាំ២០២២ប្រទេសដែលមានទំនោរក្នុងការកែប្រែខ្លួនទៅជាប្រទេសឧស្សាហកម្មមួយនេះទទួលបានផលិតផលក្នុងស្រុកសរុប ឬ GDP ដល់ទៅ៥៣៦ពាន់លានដុល្លារ ឬស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៩ដែលមានទំហំ GDP ធំជាងគេបំផុតនៅតំបន់អាស៊ីទាំងមូល។
រូបិយវត្ថុក្នុងប្រទេសដែលស្គាល់ថាជាប្រាក់បាត (Baht) តំណាងឲ្យប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងម៉ាំរបស់ប្រទេស ហើយកាលពីឆ្នាំ២០១៧ប្រាក់បាតធ្លាប់ជាប់ចំណាត់ថ្នាក់ទី១០ជារូបិយបណ្ណដែលត្រូវបានប្រើប្រាស់ញឹកញាប់ជាងគេបំផុតក្នុងទីផ្សារសកលលោក។
វិស័យឧស្សាហកម្មកំពុងឆ្ពោះទៅរកភាពរីកចម្រើនឥតឈប់ឈរដោយមានចំណែកនៅក្នុង GDP ប្រទេសដល់ទៅ ៣៩,២ភាគរយ ខណៈដែលវិស័យកសិកម្មមានចំណែក ៨,៤ភាគរយនៃ GDP ហើយវិស័យដឹកជញ្ជូន និងទំនាក់ទំនងមានប្រមាណជា១៣,៤ភាគរយ និង៩,៨ភាគរយរៀងគ្នា ហើយចុងក្រោយគឺវិស័យសំណង់មានចំណែក៤,៣ភាគរយ។
ចំពោះទំហំទុនបម្រុងអន្តរជាតិវិញ ថៃក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ពោលគឺក្រោមតែសិង្ហបុរីមួយប៉ុណ្ណោះ ដោយតួលេខចុងក្រោយកាលពីខែកក្កដា ឆ្នាំ២០១៨ ទំហំប្រាក់បម្រុងសរុបមានប្រមាណជា ៣៧,៨៩៨ពាន់លានដុល្លារ។ បច្ចុប្បន្ននេះ ប្រទេសថៃគឺជាប្រទេសស្ថិតនៅក្នុងបញ្ជីនៃបណ្តាប្រទេសដែលកំពុងអភិវឌ្ឍលឿន ឬជាប្រទេសដេលមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ (Upper-middle income economy) ហើយក៏កំពុងទាញយកអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗដូចជា ASEAN, RCEP, WTO, APEC និង IOR-ARC ជាដើម៕