បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាយុទ្ធសាស្ត្រដែលមានទំហំទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនអាម៉េរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងទាំងនោះរួមមាន ការសម្រេចជាស្ថាពររបស់ក្រុមហ៊ុន Boeing និង GE Aerospace ក្នុងការលក់យន្តហោះប្រភេទ Boeing 787 ចំនួន ២០ គ្រឿងក្នុងតម្លៃ ១២ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល នឹងជំរុញការផ្តល់ហិរញ្ញប្បទានរបស់អាម៉េរិកជាង ២ ពាន់លានដុល្លារ ដើម្បីជួយឱ្យហ្វីលីពីនមានលទ្ធភាពទិញគ្រឿងសព្វាវុធ ឬសម្ភារៈយោធាផងដែរ ហើយអាម៉េរិកនឹងផ្តល់ថវិកាចំនួន ៤០០ លានដុល្លារផ្សេងទៀត ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធានៅសមុទ្រចិនខាងត្បូង។ បន្ថែមពីនេះ ក្រុមហ៊ុន Subic Grain នឹងសាងសង់ឃ្លាំងស្តុកប្រេងឥន្ធនៈតម្លៃ ៤០ លានដុល្លារនៅឈូងសមុទ្រ Subic Bay ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាអាមេរិក និងពាណិជ្ជកម្មនៅទីនោះ។ ហ្វីលីពីនក៏នឹងធ្វើទំនើបកម្មអាកាសយានដ្ឋាន Basco ដើម្បីពង្រឹងការចល័តកម្លាំងយោធា ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ថៃគ្រោងនឹងចំណាយថវិការហូតដល់ ១២៣ លានដុល្លារ ដើម្បីទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័តកម្រិតខ្ពស់ (HIMARS) ពីអាម៉េរិក។ ចំពោះឥណ្ឌូនេស៊ីវិញ ក្រុមហ៊ុន Latitude Energy និងមូលនិធិវិនិយោគជាតិ Danantara កំពុងចរចាលើគម្រោងធ្យូងថ្មដែលមានតម្លៃ ២ ពាន់លានដុល្លារ ដោយប្រើប្រាស់បច្ចេកវិទ្យារបស់អាម៉េរិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាម៉េរិក Navajo Transitional Energy Company បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំ ដែលមានតម្លៃ ១០០ លានដុល្លារ ដើម្បីផ្គត់ផ្គង់ធ្យូងថ្មទៅឱ្យក្រុមហ៊ុន Tenaga Nasional Berhad ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអគ្គិសនីជាតិម៉ាឡេស៊ី ។
ក្រៅពីវិស័យទាំងនេះ អាម៉េរិកក៏បានសន្យាគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) នៅក្នុងម៉ាឡេស៊ី និងប្រ៊ុយណេផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនទូរគមនាគមន៍ Unified National Networks របស់ប្រ៊ុយណេគ្រោងនឹងផ្តល់សិទ្ធិដេញថ្លៃមជ្ឈមណ្ឌលទិន្នន័យ (Data Centre) ទៅឱ្យក្រុមហ៊ុនអាម៉េរិក Vertiv។ ភាគីប្រ៊ុយណេ នឹងចំណាយថវិកាជិត ១ ពាន់លានដុល្លារ ដើម្បីទិញសម្ភារៈ និងបច្ចេកវិទ្យាពីក្រុមហ៊ុនផ្គត់ផ្គង់របស់អាម៉េរិក។ ដោយឡែក និយ័តករទូរគមនាគមន៍របស់ម៉ាឡេស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា សម្ព័ន្ធក្រុមហ៊ុនអាម៉េរិកនឹងជួយរដ្ឋាភិបាលម៉ាឡេស៊ីក្នុងការអភិវឌ្ឍប្រព័ន្ធ AI Cloud អធិបតេយ្យរបស់ខ្លួន ដោយទីក្រុងវ៉ាស៊ីនតោនផ្តល់ជំនួយគាំទ្រចំនួន ៥០ លានដុល្លារអាមេរិកសម្រាប់គំនិតផ្តួចផ្តើមនេះ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content