ភ្នំពេញ៖ ទោះបីស្ថាប័នអន្តរជាតិធំៗបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រសើរឡើងនៅឆ្នាំ ២០២៧ បើធៀបនឹងឆ្នាំ ២០២៦ ក៏ដោយ ក៏អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមិនទាន់រំពឹងថា ទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ ឬមានភាពប្រសើរជាងឆ្នាំ ២០២៦ នោះទេ ដោយសារការផ្គត់ផ្គង់នៅតែមានច្រើនជាងតម្រូវការ ការទិញលក់មានកម្រិត និងការរឹតបន្តឹងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។
លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ INVA Real Estate បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្នុងឆ្នាំ ២០២៦ ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាជាពិសេសនៅតំបន់ទីក្រុង បង្ហាញពីការផ្គត់ផ្គង់ច្រើនជាងតម្រូវការ ដែលធ្វើឱ្យសកម្មភាពទិញលក់មានចំនួនតិចតួច។ ទ្រព្យសម្បត្តិដែលមានការទិញលក់ភាគច្រើនជាទ្រព្យដែលម្ចាស់ដាក់លក់ក្នុងតម្លៃក្រោមទីផ្សារ ខណៈទ្រព្យដែលដាក់លក់តាមតម្លៃទីផ្សារស្ទើរតែមិនមានការដោះដូរ។
លោកបន្តថា ទោះបីមានទ្រព្យសម្បត្តិដាក់លក់ក្រោមតម្លៃទីផ្សារច្រើនក៏ដោយ ក៏តម្រូវការទិញនៅតែមានកម្រិតទាប។ សម្រាប់ឆ្នាំ២០២៧ លោករំពឹងថា ចំនួនទ្រព្យសម្បត្តិដែលត្រូវបានដាក់លក់ក្រោមតម្លៃទីផ្សារនឹងកាន់តែច្រើន ដែលធ្វើឱ្យការផ្គត់ផ្គង់កាន់តែលើសតម្រូវការ ហើយបញ្ហាប្រឈមក្នុងការទិញលក់នឹងបន្តកើតមាន។
លោក ចេង វុទ្ធី បានបន្ថែមថា មកដល់ចុងឆ្នាំ ២០២៦ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅមិនទាន់បង្ហាញសញ្ញាប្រសើរឡើងខ្លាំងនៅឡើយ ខណៈការវិនិយោគពីក្រុមហ៊ុនអន្តរជាតិធំៗមកកម្ពុជាក៏មិនទាន់មានភាពលេចធ្លោដែលអាចជំរុញទីផ្សារអចលនទ្រព្យបានដែរ។ ដូច្នេះ លោកមិនទាន់រំពឹងថា វិស័យនេះនឹងងើបឡើង ឬមានស្ថានភាពល្អប្រសើរជាងឆ្នាំ ២០២៦ នៅឆ្នាំ ២០២៧ នោះទេ។
បញ្ហាមួយទៀតដែលលោកកត់សម្គាល់គឺការរឹតបន្តឹងការផ្ដល់ឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការទិញដី និងផ្ទះ។ លោកថា ប្រសិនបើគ្រឹះស្ថានហិរញ្ញវត្ថុបន្តរឹតបន្តឹងការផ្ដល់កម្ចីលើអចលនទ្រព្យ នោះនឹងធ្វើឱ្យទីផ្សារកាន់តែជួបការលំបាក ព្រោះវិស័យអចលនទ្រព្យត្រូវការការគាំទ្រខ្លាំងពីវិស័យហិរញ្ញវត្ថុ។
ចំណែកអ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា ដោយផ្អែកលើស្ថានភាពទីផ្សារអចលនទ្រព្យបច្ចុប្បន្ន អាចត្រូវការពេលពី៣ទៅ៥ឆ្នាំទៀត ទើបទីផ្សារអាចវិលទៅរកស្ថានភាពដូចមុន ឬចាប់ផ្ដើមងើបឡើងវិញ។
អ្នកស្រីបន្តថា បច្ចុប្បន្នមានទ្រព្យសម្បត្តិមួយចំនួនត្រូវបានដាក់លក់បញ្ចុះតម្លៃពី ២០ ទៅ ៣០ ភាគរយ ក្រោមតម្លៃទីផ្សារ ប៉ុន្តែទោះបីមានការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ ក៏អ្នកទិញ ឬអ្នកស្វែងរកទ្រព្យសម្បត្តិទាំងនោះនៅតែមានចំនួនតិចតួចបំផុត។
ដោយឡែក អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ក្នុងរយៈពេលជិត ២ ទសវត្សរ៍កន្លងមកនេះ វិស័យអចលនទ្រព្យបានឆ្លងកាត់វិបត្តិ និងបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏ធ្លាប់មានឱកាសងើបឡើងវិញជាបន្តបន្ទាប់ផងដែរ ពោលគឺវិស័យនេះមានការឡើងចុះទៅតាមស្ថានភាពសេដ្ឋកិច្ច និងទីផ្សារ។
លោកបានបញ្ជាក់ថា ក្រោយពិភពលោកជួបវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨ វិស័យអចលនទ្រព្យបានចាប់ផ្ដើមងើបឡើងវិញជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០១៣ ទើបងើបឡើងពេញលេញ និងបន្តរីកលូតលាស់រហូតដល់ឆ្នាំ ២០១៩។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៩ មក វិស័យនេះបានឆ្លងកាត់បញ្ហាប្រឈមជាបន្តបន្ទាប់ ហើយរហូតមកដល់បច្ចុប្បន្ន នៅតែស្ថិតក្នុងដំណាក់កាលកែសម្រួល និងជួបការលំបាក ដែលតម្រូវឱ្យអ្នកវិនិយោគក្នុងវិស័យនេះចេះបត់បែន និងមានភាពឆ្លាតវៃក្នុងការវិនិយោគ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា វិស័យអចលនទ្រព្យនៅឆមាសទី ១ ឆ្នាំ ២០២៦ បន្តមានកំណើនទាប ដោយត្រូវបានប៉ាន់ស្មានថាកើនឡើងត្រឹមតែ០,១ភាគរយប៉ុណ្ណោះ។ កំណើនទាបនេះបណ្ដាលមកពីកត្តាមួយចំនួន ក្នុងនោះការលក់លំនៅឋានមានការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសលំនៅឋានប្រភេទខុនដូ។
របាយការណ៍ដដែលបានបង្ហាញថា តម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៦ ក៏មានការធ្លាក់ចុះបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៥។ ស្ថានភាពទាំងនេះបង្ហាញថា វិស័យអចលនទ្រព្យកម្ពុជានៅបន្តប្រឈមនឹងសម្ពាធ ហើយអាចបន្តជះឥទ្ធិពលដល់ដំណើរការទីផ្សារនៅឆ្នាំ២០២៧ខាងមុខ ទោះបីការព្យាករកំណើនសេដ្ឋកិច្ចទូទៅមានភាពប្រសើរឡើងក៏ដោយ៕





វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content