ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលជាអ្នកកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីទំហំជាង២ពាន់ម៉ែត្រការ៉េ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៧៩ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចចុះបញ្ជី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនបន្ទាប់ពីបានស្នើសុំ និងដោះស្រាយចប់សព្វគ្រប់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅចុងខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កាលពីពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីទំហំសរុប ២ ០៩៤ម៉ែត្រការ៉េ ពីពលរដ្ឋចំនួន ៣គ្រួសារ រួមមានឈ្មោះ វ៉េង សុខ ឈ្មោះឃឹម វណ្ណាត និងឈ្មោះ ស៊ឹម ពិសិដ្ឋ រស់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមក្រសួងបញ្ជាក់ថា ទីតាំងដី ដែលបានស្នើសុំចុះបញ្ជីនេះ ម្ចាស់សំណើទាំង ៣គ្រួសារ បានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងតាំងពីឆ្នាំ ១៩៧៩ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន មានសំណង់លំនៅឋានរឹងមាំ និងមានផ្ទៃដីមួយផ្នែកជាដីទួលអ្នកតា « ទួលលោកតារ៉ាញ់ » ហើយកន្លងមកម្ចាស់សំណើតែងតែអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់ទីតាំងដីនេះ សម្រាប់ជាទីកន្លែងប្រារព្ធពិធីបុណ្យផ្សេងៗ ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដីបន្តថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០០៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានចុះវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធកំណត់ព្រំក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនោះ ដើម្បីឈានទៅចេញបណ្ណកម្មសិទ្ធិ ស្រាប់តែមានពាក្យបណ្ដឹងជំទាស់ពីប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដោយអះអាងថា ទីតាំងដីស្នើសុំចុះបញ្ជីនេះ ជាដីរួមភូមិសម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ និងមានទួលអ្នកតាជាទីសក្ការបូជារបស់ប្រជាពលរដ្ឋក្នុងភូមិ ។
ក្រសួងបន្ថែមថា កន្លងមក ក្រុមការងាររបស់ក្រសួង បានចុះពិនិត្យទីតាំងជាក់ស្ដែង និងបានដឹកនាំកិច្ចប្រជុំដោះស្រាយចំនួន ៤លើក ដែលជាលទ្ធផល ម្ចាស់សំណើទាំង៣គ្រួសារ បានទទួលស្គាល់ថា ទីតាំងដីស្នើសុំចុះបញ្ជីនេះមានទួលអ្នកតាដែលជាទីសក្ការបូជារបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឯកភាពសម្បទានដីទំហំសរុប ១៥៨ម៉ែត្រការ៉េ ដើម្បីរក្សាទុកជាដីទួលអ្នកតា ប្រើប្រាស់ជាប្រយោជន៍រួមក្នុងភូមិ ។ យ៉ាងណាក្ដី ភាគីតំណាងប្រជាពលរដ្ឋ ៧គ្រួសារ នៅតែមិនព្រមទទួលយកការសម្របសម្រួលដោះស្រាយ និងនៅតែបន្តទាមទារផ្ទៃដីទាំងមូលក្នុងភូមិសាស្ត្រនោះ សម្រាប់ទុកប្រើប្រាស់ជាដីរួមភូមិ ក្នុងចេតនាបដិសេធមិនឱ្យម្ចាស់សំណើទាំង ៣គ្រួសារ អាចចុះបញ្ជីទទួលបានបណ្ណកម្មសិទ្ធិលើទីតាំងដីនោះ ទោះបីជាមានការសម្បទានដីមួយផ្នែកពីសំណើទំហំ ១៥៨ម៉ែត្រការ៉េ ដើម្បីរក្សាទុកជាដីទួលអ្នកតាសម្រាប់ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋក្នុងភូមិ និងមានរក្សាទុកផ្លូវចេញចូលមកកាន់ផ្លូវសាធារណៈក៏ដោយ ។
ក្រសួងរៀបចំដែនដី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានថ្លឹងថ្លែង និងពិនិត្យគ្រប់ជ្រុងជ្រោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចរក្សាទុកដីទំហំ ១៥៨ម៉ែត្រការ៉េ ជាដីទួលអ្នកតា មានឈ្មោះថា « ទួលលោកតារ៉ាញ់ » សម្រាប់ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ និងអនុញ្ញាតឱ្យចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់សំណើទាំង ៣គ្រួសារដែលបានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង លើផ្ទៃដីទំហំ ១ ៩៣៦ម៉ែត្រការ៉េ ដែលនៅសល់ពីការសម្បទានដីមួយផ្នែកទំហំ ១៥៨ម៉ែត្រការ៉េ ។
តាមរយៈការដោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភាគីពាក់ព័ន្ធ ចាត់ទុកជាសមិទ្ធផលថ្មីមួយដែលអាចបំបែកសំណុំរឿងនៃទំនាស់ដីធ្លី រ៉ាំរ៉ៃអស់រយៈពេលជាង២ទសវត្សរ៍មកហើយ ពោលគឺតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ។
គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ បានសម្រេចនូវលទ្ធផលដោះស្រាយវិវាទដីធ្លី រាប់ម៉ឺនករណី តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លី ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងបានលើកឡើងថា ទំនាស់ដីធ្លីនៅកម្ពុជា នឹងត្រូវដោះស្រាយឱ្យចប់សព្វគ្រប់ទាំងស្រុង និងមិនឱ្យកើតមានឡើងទៀតទេ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងវាស់វែងចុះបញ្ជី ចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនឱ្យរួចរាល់ ហើយនៅពេលណាម្ចាស់ដីធ្លីមានប្លង់កម្មសិទ្ធិគ្រប់គ្នា នឹងមិនធ្វើឱ្យមានទំនាស់រឿងព្រំដីកើតឡើងទៀតនោះទេ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content