សិនជិន៖ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដើម្បីជំរុញការកាត់បន្ថយពន្ធគយ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ បានក្លាយជាចំណុចប្រសព្វនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២៦ ដែលរៀបចំនៅទីក្រុងសិនជិន ប្រទេសចិន កាលពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា។
កិច្ចប្រជុំដែលមានការចូលរួមពីមេដឹកនាំនៃខឿនសេដ្ឋកិច្ចសមាជិកទាំង ២១ មិនត្រឹមតែផ្តោតលើរបៀបវារៈពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាវេទិកាសម្រាប់ការចរចាការទូតកម្រិតខ្ពស់ ការស្វែងរកដំណោះស្រាយចំពោះជម្លោះអន្តរជាតិ និងការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាផងដែរ។
ចំណុចដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំង គឺជំនួបត្រីភាគីជាប្រវត្តិសាស្ត្រលើកដំបូងរវាងប្រធានាធិបតីចិន លោក Xi Jinping ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្រៅក្របខណ្ឌផ្លូវការនៃកិច្ចប្រជុំកំពូល APEC កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។
ការជួបជុំគ្នារបស់មេដឹកនាំមហាអំណាចនុយក្លេអ៊ែរទាំង៣ បានបង្កឱ្យមានការប្រៀបធៀបទៅនឹងសន្និសីទយ៉ាល់តា (Yalta Conference) ក្នុងឆ្នាំ១៩៤៥ ដែលមេដឹកនាំមហាអំណាចបានជួបពិភាក្សាអំពីសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២។ ការប្រៀបធៀបនេះក៏បានបង្កើតជាក្តីបារម្ភក្នុងចំណោមប្រទេសតូចៗ និងសម្ព័ន្ធមិត្តអឺរ៉ុបថា ផលប្រយោជន៍ និងជោគវាសនាសន្តិសុខរបស់ពួកគេអាចនឹងមិនត្រូវបានយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងការចរចារវាងមហាអំណាច។
ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា ផលប្រយោជន៍ជាតិដែលមានភាពខុសគ្នារវាងមហាអំណាចទាំង៣ អាចធ្វើឱ្យការសម្រេចបាននូវកិច្ចព្រមព្រៀងទូលំទូលាយមានការលំបាក។ ប៉ុន្តែជំនួបនេះបានបង្ហាញពីការកើនឡើងនៃតួនាទីការទូតដោយផ្ទាល់រវាងមេដឹកនាំមហាអំណាច ក្នុងការពិភាក្សាអំពីបញ្ហាអន្តរជាតិ និងការគ្រប់គ្រងភាពតានតឹងពិភពលោក។
ក្នុងជំនួបនេះ វិបត្តិសន្តិសុខអន្តរជាតិ ជាពិសេសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗដែលមេដឹកនាំបានពិភាក្សា។ លោក Trump ក៏បានជំរុញការពិភាក្សាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យនៃជម្លោះនុយក្លេអ៊ែរផងដែរ។
ចំណែកលោក Putin បានលើកឡើងថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបានបរាជ័យ និងបានបង្ហាញពីទស្សនៈថា ពិភពលោកកំពុងឆ្ពោះទៅរកសណ្តាប់ធ្នាប់ពហុប៉ូល។ សម្រាប់ប្រទេសចិន ការធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាម៉េរិក និងរុស្ស៊ី បានផ្តល់ឱកាសឱ្យទីក្រុងប៉េកាំងបង្ហាញតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងមហាអំណាច និងពង្រឹងឥទ្ធិពលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ឬក្រុមប្រទេសសកលខាងត្បូង (Global South)។
ក្រៅពីវិបត្តិសន្តិសុខ សង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ចក៏ជាបញ្ហាសំខាន់ដែលមហាអំណាចត្រូវដោះស្រាយ។ បទឈប់បាញ់ពន្ធគយដ៏ផុយស្រួយរវាងអាម៉េរិក និងចិន គ្រោងនឹងផុតកំណត់នៅខែមករា ឆ្នាំ២០២៧ ដែលធ្វើឱ្យការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានសារៈសំខាន់។
មន្ត្រីអាម៉េរិកបានជំរុញឱ្យចិនបន្តទិញកសិផលពីអាម៉េរិក និងបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញរ៉ែកម្រ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា និងវិស័យការពារជាតិ។ បញ្ហាទាំងនេះបានបង្ហាញពីការពឹងផ្អែកគ្នាផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទោះបីជាពួកគេកំពុងប្រកួតប្រជែងគ្នាលើឥទ្ធិពលសកលក៏ដោយ។
ជាមួយគ្នានេះ គោលនយោបាយពន្ធគយរបស់លោក Trump និងភាពមិនប្រាកដប្រជានៃទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បានជំរុញឱ្យសមាជិក APEC ផ្សេងទៀត រួមទាំងកាណាដា និងប្រទេសអាស៊ីអាគ្នេយ៍ ពិចារណាពង្រឹងពាណិជ្ជកម្មក្នុងតំបន់ ដើម្បីកាត់បន្ថយហានិភ័យពីការពឹងផ្អែកខ្លាំងលើទីផ្សារអាម៉េរិក។
បន្ថែមពីលើនេះ បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើប ក៏បានក្លាយជាសមរភូមិប្រកួតប្រជែងឥទ្ធិពលមួយទៀតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ប្រទេសទាំងពីរបានព្រមព្រៀងបង្កើតបណ្តាញទំនាក់ទំនងបន្ទាន់ ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានពីការប្រើប្រាស់ AI និងការវាយតម្លៃខុសដែលអាចបង្កឱ្យមានវិបត្តិ។
ទោះជាយ៉ាងណា ភាពខុសគ្នានៅតែមានលើការរឹតត្បិតការនាំចេញបន្ទះឈីបទំនើបរបស់អាម៉េរិក និងការគ្រប់គ្រងបច្ចេកវិទ្យា។ លោក Trump ប្រឆាំងនឹងការដាក់កំហិតជាសកលលើបច្ចេកវិទ្យា ខណៈលោក Xi គាំទ្រការបង្កើតប្រព័ន្ធនវានុវត្តន៍បើកចំហ និងអភិបាលកិច្ចឌីជីថលរួមគ្នានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ជារួម កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ បានបង្ហាញថា សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដោយជម្លោះសន្តិសុខ សង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងបច្ចេកវិទ្យា សុទ្ធតែអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងស្ថិរភាពពិភពលោក។
ទោះបីជាកិច្ចប្រជុំមួយមិនអាចដោះស្រាយវិបត្តិអន្តរជាតិទាំងអស់បានភ្លាមៗក៏ដោយ ការជួបពិភាក្សារវាងមេដឹកនាំមហាអំណាចនៅទីក្រុងសិនជិន បានបង្ហាញពីសារៈសំខាន់នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងភាពតានតឹង និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួមរបស់ពិភពលោក៕






វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content