ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សេវាទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបាន និងកំពុងវិវឌ្ឍន៍ទៅរកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមលើសេវាទូទាត់ថ្មីៗប្រកបដោយនវានុវត្តន៍ ងាយស្រួល សុវត្ថិភាព និងចំណាយតិច។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ផលប៉ះពាល់ជាអវិជ្ជមានពីការរាលដាលជាសកលនៃជំងឺកូវីដ-១៩ បានបន្តអូសបន្លាយមកដល់បច្ចុប្បន្ន។ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នានាមកលើប្រព័ន្ធធនាគារទាំងមូល។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ប្រព័ន្ធធនាគារនៅកម្ពុជាអាចបន្តរក្សាបាននូវភាពរឹងមាំ ភាពធន់ និងជំនឿទុកចិត្តរបស់សាធារណជន ដែលសរបញ្ជាក់ដោយទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការកើនឡើងនៃការដាក់ប្រាក់បញ្ញើ ការប្រើប្រាស់សេវាទូទាត់ដោយ កាបូបអេឡិចត្រូនិក (e-Wallet) ជាដើម។

ជាក់ស្ដែង គិតត្រឹមដំណាច់ឆ្នាំ២០២១ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,២% ឥណទានអតិថិជនមានកំណើន ២២,៧% និងប្រាក់បញ្ញើអតិថិជន មានកំណើន ១៦,៥% ដែលបង្ហាញអំពីជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ។ ទន្ទឹមនេះ ចំនួនគណនីប្រាក់បញ្ញើអតិថិជន និងគណនីឥណទានអតិថិជនបានកើនឡើងដល់ ១២,៧ លានគណនី និង ៣,៤ លានគណនីរៀងគ្នា ដែលបានឆ្លុះបញ្ចាំងពីកំណើននៃការទទួលបានសេវាហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នាផងដែរ លោកជំទាវ ជា សិរី បានបញ្ជាក់ថា ៖
“សេវាទូទាត់សងប្រាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានវិវឌ្ឍន៍ទៅ រកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមលើសេវាទូទាត់ថ្មីៗប្រកបដោយនវានុវត្តន៍ ងាយស្រួល សុវត្ថិភាព និងចំណាយតិច”
លោកជំទាវបានបន្តថា តាមរយៈការទូទាត់បែបឌីជីថល អតិថិជនអាចធ្វើប្រតិបត្តិការដោយផ្ទាល់ដោយប្រើប្រាស់កម្មវិធីទូទាត់ចល័ត ឬនៅតាមបញ្ជរភ្នាក់ងារ និងបណ្តាញទូទាត់ជាច្រើននៅទូទាំងប្រទេសដែលជួយលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែង បង្កើនភាពច្នៃប្រឌិត និងផ្តល់នូវជំនឿទុកចិត្តដល់សាធារណជនក្នុង ការប្រើប្រាស់សេវាទូទាត់សងប្រាក់ៗ ជាក់ស្ដែង នៅក្នុងបរិបទនៃការរាលដាលជំងឺកូដ-១៩ ការប្រើប្រាស់សេវាទូទាត់សងប្រាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអតិថិជនបានផ្លាស់ប្តូរឥរិយាបទពីការទូទាត់ជាសាច់ប្រាក់ មកជាការទូទាត់បែបឌីជីថល។ គិតត្រឹមដំណាច់ឆ្នាំ២០២១ អតិថិជនចុះឈ្មោះបង្កើតគណនីកាបូបអេឡិចត្រូនិក (e-Wallet) មានចំនួន ១៣,៦ លាននាក់ និងភ្នាក់ងារមានចំនួន ៨៦.២៧៨ ទីតាំង។
លោកជំទាវបានថ្លែងទៀតថា ជាមោទនភាពជាតិផងដែរ ប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទូទាត់ និងផ្ទេរប្រាក់ភ្លាមៗពីគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយ តាមរយៈកម្មវិធីធនាគារនៅលើទូរស័ព្ទដៃប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាទូទាត់នេះ បានបង្កើនចំនួនប្រជាជនប្រើប្រាស់សេវាទូទាត់ដល់ប្រមាណ ៨ លាននាក់ ស្មើនឹងប្រមាណ ៨០% នៃប្រជាជនពេញវ័យសរុប។ ជាមួយគ្នានេះ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីសម្រួលរាល់ការទូទាត់តាមកាតធនាគារនៅក្នុងប្រព័ន្ធទូទាត់ក្នុងស្រុក ទន្ទឹមគ្នានឹងការប្រើប្រាស់វីសា ឬម៉ាស្ទើកាត។
ស្របគ្នានឹងការជំរុញការទទួលបានសេវាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើនចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនទូទៅ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ដូចជា -កិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ -កិច្ចសហការជាមួយ ក្រសួងកិច្ចការនារី ដើម្បីអនុវត្តគម្រោង “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនភាពស្ត្រី” ដែលមានគោលដៅក្នុងការបណ្តុះបណ្តាលគ្រូបង្គោលដែលជាស្ត្រីនៅតាមសាលារៀន និងសហគមន៍ ដើម្បីអាចចែករំលែកចំណេះដឹងផ្នែក ហិរញ្ញវត្ថុបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រៅពីនេះ ក៏មានកិច្ចសហការជាមួយអង្គការ UNESCAP ដើម្បីអនុវត្តគម្រោង “ការជំរុញសហគ្រិនភាពរបស់ស្ត្រី (Catalyzing Women’s Entrepreneurship)” ដើម្បីបង្កើតនូវវគ្គបណ្តុះបណ្តាលដល់ស្ត្រី និងសហគ្រិនជាស្ត្រី ក្នុងគោលដៅបង្កើនការយល់ដឹងលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ -កិច្ចសហការជាមួយអង្គការ Good Return ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែក ហិរញ្ញវត្ថុ “តោះ! និយាយពីលុយ” និង តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” និង -ការផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលដៅបន្តពង្រឹងចំណេះដឹងពាក់ព័ន្ធ នឹងវិស័យធនាគារនិងហិរញ្ញវត្ថុ ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ ការធានាឱ្យមានការរីកចម្រើនប្រកបដោយ ប្រសិទ្ធភាព ស្ថិរភាព តម្លាភាព និងការពារអត្ថប្រយោជន៍ជូនប្រជាជន។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងយន្តការគ្រប់គ្រង និងគាំទ្រកិច្ចការពារ អតិថិជនក្នុងការដោះស្រាយបណ្តឹងដោយការសម្របសម្រួលរវាងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈលេខទូរស័ព្ទ Hotline របស់ធនាគារជាតិនៃកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content