ភ្នំពេញ៖ធនាគារ ABA បន្តឈានមុខគេលើនវានុវត្តន៍ធនាគារឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់នូវមុខងារ សោមុខសុវត្ថិភាព(FacePass Secure) ដែលជាបច្ចេកវិទ្យាសម្គាល់មុខនៅលើ ABA Mobile ដែលជាអេបទូរស័ព្ទរបស់ធនាគារ។ មុខងារនេះមានសារៈសំខាន់ជួយបង្កើនសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ FacePass ត្រូវបានដាក់ចេញនៅឆ្នាំ ២០២៤ ហើយការដាក់ឱ្យប្រើប្រាស់ និងកំណើននៃការប្រើប្រាស់សម្រាប់ប្រតិបត្តិការសំខាន់ៗ បានធ្វើឱ្យវាក្លាយជាមុខងារសុវត្ថិភាពដ៏សំខាន់នាពេលបច្ចុប្បន្ន។
គួរជម្រាបថា៖ ABA Mobile គឺជាអេបធនាគារលើទូរស័ព្ទដំបូងគេនៅកម្ពុជា ដែលដាក់បញ្ចូលឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាសម្គាល់មុខមាត់។
សោមុខសុវត្ថិភាព (FacePass Secure) ឥឡូវនេះ អាចធានាសុវត្ថិភាពសម្រាប់ប្រតិបត្តិការដែលមានទឹកប្រាក់ច្រើន, ការផ្លាស់ប្តូរពត៌មានសំខាន់ៗ, eKYC (ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជនលើអេឡិចត្រូនិក)អំឡុងពេលបើកគណនីភ្លាមៗនិងការបើកដំណើរការអេប (App Reactivation)ជាដើម។ វាធានាថាមានតែម្ចាស់គណនី ABA ប៉ុណ្ណោះ ដែលអាចបន្តការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន។
ការប្រើប្រាស់ FacePass កាន់តែទូលំទូលាយនិងពេញនិយមដោយជាង ៩០%នៃអ្នកប្រើប្រាស់ ABA Mobile បានភ្ជាប់ការប្រើប្រាស់សោមុខ។ចំណុចពិសេសគឺមានសុវត្ថិភាពខ្ពស់និងមានលក្ខណៈឯកជន។ ទិន្នន័យមុខមាត់របស់អ្នកប្រើប្រាស់ត្រូវបានអ៊ិនគ្រីប និងរក្សាទុកនៅលើម៉ាស៊ីនមេសុវត្ថិភាពរបស់ធនាគារ ABA ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិនិងការការពារឯកជនភាពរបស់អតិថិជន។គ្មានទិន្នន័យណាមួយត្រូវបានចែករំលែកជាមួយភាគីទី៣ឬផ្ញើចេញក្រៅប្រទេសកម្ពុជាឡើយ។

គួរបញ្ជាក់ថា៖ FacePass និង Face ID មានភាពខុសគ្នា។ សោមុខ គឺជាមុខងារសុវត្ថិភាពរបស់ធនាគារ ABA នៅលើកម្មវិធីទូរស័ព្ទ ABA ដូច្នេះសូមកុំយល់ច្រឡំជាមួយ Face ID នៅគ្រឿងអេឡិចត្រូនិករបស់ Apple។ ខណៈ Face ID គឺជាមុខងារផ្ទៀងផ្ទាត់ឧបករណ៍សម្រាប់ iPhone មុខងារសោមុខឯណោះវិញ ដំណើរការលើឧបករណ៍ iOS និង Android ដែលបំពាក់ដោយកាមេរ៉ាខាងមុខមានសមត្ថភាពសម្គាល់មុខផ្ទាល់។ នេះធានាថា៖ស្មាតហ្វូនទំនើបណាមួយក៏ដោយ ក៏អាចបើក សោមុខ សម្រាប់ប្រតិបត្តិការធនាគារប្រកបដោយសុវត្ថិភាពបានដែរ ដោយមិនគិតពីម៉ាកនោះទេ ហើយមានតែម្ចាស់គណនី ABA ពិតប្រាកដប៉ុណ្ណោះ ដែលអាចធ្វើការផ្ទៀងផ្ទាត់បាន។
លោក Zokhir Rasulov ប្រធានផ្នែកឌីជីថលនៃធនាគារ ABA បានលើកឡើងថា៖
«សោមុខសុវត្ថិភាព បង្ហាញពីការបោះជំហានដ៏សំខាន់ខាងសុវត្ថិភាពធនាគារលើទូរស័ព្ទ និងបទពិសោធន៍អ្នកប្រើប្រាស់។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជន ខណៈផ្តល់អាទិភាពដល់ភាពងាយស្រួល»។
លោកបានលើកជាឧទាហរណ៍ថា៖ ប្រសិនបើអ្នកផ្ទេរចំនួនទឹកប្រាក់ធំជាងការកំណត់ជាមុនរបស់អ្នក FacePass នឹងតម្រូវឱ្យមានការផ្ទៀងផ្ទាត់មុខដោយផ្ទាល់។ នេះមានន័យថា គ្មាននរណាម្នាក់អាចបំពេញប្រតិបត្តិការដោយគ្មានវត្តមានរបស់អ្នកបានទេ ទោះបីជាគេស្គាល់លេខកូដរបស់អ្នកក៏ដោយ។
លោកស្រី ផេង ផាវីតា ដែលជាអតិថិជនម្នាក់របស់ធនាគារ ABA បាននិយាយថា៖ គាត់បានប្រើ FacePass ជិតមួយឆ្នាំហើយ។វាដំណើរការរហ័ស ងាយស្រួលនិងជារនាំងការពារសន្តិសុខមួយដ៏សំខាន់។មុខងារនេះ សុវត្ថិភាពមែនទែន ព្រោះអ្នកមិនមែនជាម្ចាស់គណនី មិនអាចចូលគណនីបានទេ ទោះជាអ្នកបន្លំបានដឹងPIN របស់យើងក៏ដោយ។
ធនាគារ ABA សូមអំពាវនាវ លើកទឹកចិត្តឱ្យអ្នកអានបង្កើត សោមុខ នៅក្នុងអេប ABA Mobile ឥឡូវនេះ ដើម្បីទទួលបាននូវបទពិសោធន៍ដែលរហ័ស និងសុវត្ថិភាពលើប្រតិបត្តិការធនាគារ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content