គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្រប​ខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ៖ អង្គប្រជុំបានសម្រេចជាគោលការ​ណ៍​ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤៨ គម្រោង ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិត បានបន្តថា៖ ក្នុងចំណោមគម្រោងវិនិយោគ និងធុរកិច្ចទាំង ៤៨ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគជិត៥០០លានដុល្លារអាម៉េរិក ។ គម្រោងទាំងនេះរួមមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយ​មីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក,គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម,និងគម្រោ​ង​អាទិភាពផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមកបានចំនួន ៦ គម្រោងដែលអនុញ្ញាតឱ្យ​ម្ចាស់​គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤,ក្រុមការ​ងា​របានសម្រេចជាគោលការ​ណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ២១៣ គម្រោង រួចមកហើយ គិតត្រឹមខែ ធ្នូ ឆ្នាំ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ១០១, គម្រោងថ្មី មានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោងមានស្រាប់ មានចំនួន ៤ ។

គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគ លើសពី ១០០ លានដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង ។

លោកបណ្ឌិតបានលើកឡើងថា៖

«ការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលនេះរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ »។

សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ថា៖កម្មវិធីពិសេសនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ដោយឥតងាករេ ក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។កម្មវិធីពិសេសនេះ នឹងចូលរួមចំណែកប្រែក្លាយមុខមាត់ និង អនាគត ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជា ការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកប​ដោយប្រសិទ្ធភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖

«កម្មវិធីពិសេសនេះបង្កើតឡើងសំដៅដោះស្រាយគម្រោងវិនិយោគជាប់គាំង និងបញ្ហាប្រឈមនានា របស់វិស័យឯកជន ជាមួយនឹងការសម្របសម្រួលនៅនឹងកន្លែង និង ការផ្តល់ការគាំទ្រ ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានាដោយផ្តោតលើការអភិវឌ្ឍតំបន់ឧស្សាហកម្មនិងហេដ្ឋា រចនា​សម្ព័ន្ធពាក់ព័ន្ធក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្តនិងភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ »។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានប្រាប់ EMS Economy នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ថា ៖ ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានូវការលើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាលដល់គម្រោងវិនិយោគ និងធុរកិច្ចនេះ មានការទាក់ទាញវិនិយោគិនបរទេស និងក្នុងស្រុក ទទួលបានគម្រោងថ្មីៗ និងជួយស្តារគម្រោងជាប់គាំងនានា។

អ្នកឧកញ៉ាបានលើកឡើងថា៖

«ការលើកទឹកចិត្តពិសេសនេះមានប្រសិទ្ធភាពទាក់ទាញដ៏ល្អប្រសើរ និងទទួល​បានការចាប់អារម្មណ៍ពីអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពហុបំណង បណ្តុំដោយកំពង់ផែ  ឆ្នេរសមុទ្រ  ទេសចរណ៍ ឧស្សាហកម្ម»។

អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម  បានឱ្យដឹងថា៖ បន្ថែមពីលើការលើកទឹកចិត្តពិសេសនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្មីៗនេះ ទើបបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា  cdcIPM ដែលជាច្រកស្វាគមអ្នកវិនិយោគមកកាន់កម្ពុជា និងផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគ ពន្លឿននីតិវិធីផ្តល់សេវាពាក់ព័ន្ធ និងបង្កើនទំនុកចិត្តជូនវិនិយោគិនប្រក​ប​ដោយតម្លាភាពប្រសិទ្ធភាព និងនិរន្តរភាព​។

ជាងនេះទៅទៀត រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងថែទាំអ្នកវិនិយោគ។តាមរយៈយុទ្ធសាស្ត្រនេះឃើញថាក្រុមហ៊ុនជាច្រើនដូចជាអាមេរិក ជប៉ុននិងក្រុមហ៊ុនបរទេសផ្សេងៗបានពង្រីកក្រុមហ៊ុនជាបន្តបន្ទាប់។

អ្នកឧកញ៉ា លឹម ហេង បានបន្តថា៖

« ដើម្បីទាក់ទាញ និងរក្សាការវិនិយោគ សភាពាណិជ្ជកម្ម  ទទួលនូវកង្វល់ បញ្ហាប្រឈម សំណូមពរ របស់វិស័យឯកជន ដាក់ជូនរដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយ»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ កម្មវិធីលើកទឹកចិត្តពិសេសនេះ ជាគោលនយោបាយដ៏សំខាន់របស់រដ្ឋាភិបាល ដើម្បីលើកទឹកចិត្តវិនិយោគិនគ្រប់ជាតិសាសន៍ទាំងអស់ដែលមានបំណងមកវិនិយោគ និងកំពុងវិនិយោគនៅកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ឱ្យដឹងថា៖ គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ដែលមានទុនវិនិយោគសរុប ជិត៥០០ លានដុល្លារនេះ នឹងអាចរួមចំណែកទៅក្នុងការជំរុញ និងកែប្រែមុខមាត់ទីក្រុងព្រះសីហនុ ជាពិសេសជួយរុញឱ្យមានការហក់ឡើងសេដ្ឋកិច្ចសង្គមមួយកម្រិតទៀតព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា៖

«គម្រោងវិនិយោគ និងធុរកិច្ចពហុវិស័យនេះ គឺជាគំរូ និងជាសម្មត្តិកម្មមួយបង្ហាញទៅដល់វិនិយោគិនដទៃទៀតឱ្យចាប់អារម្មណ៍មកវិនិយោគនៅខេត្តព្រះសីហនុនិងខេត្តផ្សេងៗទៀតដោយ​សារតែការទទួលបានផលប្រយោជន៍ពីគម្រោងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ។ កញ្ចប់លើកទឹកចិត្តពិសេសនេះ ជាឱសថដ៏ស័ក្តិសិទ្ធសម្រាប់ការទាក់ទាញនិងបន្តការវិនិយោគនៅកម្ពុជា»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *