ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានជូនជាចំណងដៃនូវថ្លូវថ្មីចំនួនខ្សែទៀតតភ្ជាប់ពីខេត្តកែបមកកាន់ផ្លូវជាតិលេខ៣ ឆ្ពោះទៅរាជធានីភ្នំពេញ បានសម្រេចជិត១០០ភាគរយហើយ ដោយផ្លូវនេះគឺជាកាត់ថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកែប ដោយមិនចាំបាច់ទៅកាន់ទីរួមខេត្តកំពត ឬកាត់តាមផ្លូវលេខ៣១ តានី ទូកមាសទៀតនោះទេ ។

ការសាងសង់ផ្លូវថ្មីនេះបានជំរុញឱ្យសកម្មភាពទិញលក់ និងតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនោះមានកំណើនមួយកម្រិតទៀត ហើយរំពឹងថាសក្ដានុពលតាមបណ្ដោយផ្លូវថ្មីនេះ នឹងធ្វើឱ្យមានការវិនិយោគដីធ្លីបន្ថែមទៀត ជាពិសេសកសិកម្ម ឧស្សាហកម្ម និងលំនៅឋាន ។
លោក លឹម រដ្ឋា ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពត-កែប បានមានប្រសាសន៍ឱ្យដឹងតាមនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថា តាមពិតទៅផ្លូវនេះ បានចាប់ផ្ដើមសាងសង់យូរហើយ ដែលរហូតមកដល់ពេលនេះ គឺគេបានចាក់កៅស៊ូស្ទើរតែរួចរាល់ទាំងស្រុងទៅហើយដែរ។
លោកបន្តថា ៖
“តាមរយៈការអភិវឌ្ឍផ្លូវមួយនេះ បានធ្វើឱ្យតម្លៃដីធ្លីនិងការទិញលក់ដីធ្លីនៅតាមបណ្ដោយផ្លូវមួយនេះមានសកម្មភាពល្អប្រសើរ ដោយកាលពីមុនអ្នកទិញដីមានឱកាសទទួលបានការទិញលក់ក្នុងតម្លៃទាបត្រឹមតែមួយម៉ែត្រការ៉េ ៦ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ តម្លៃដីធ្លី១០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក៏នៅតែពិបាករកដែរ។”

លោកបន្តទៀតថា ៖
“ចាប់តាំងពីគម្រោងផ្លូវនេះបានចាប់ផ្ដើមអភិវឌ្ឍន៍រហូតមកដល់ចាក់កៅស៊ូ និងជិតរួចរាល់ ដីនៅតំបន់ខ្លះបានដូរម្ចាស់បួនប្រាំនាក់ទៅហើយ ដែលមានន័យថាសកម្មភាពទិញលក់យកចំណេញគឺមានភាពផុសផុលខ្លាំង ប៉ុន្តែសម្រាប់ដីដែលមានទីតាំងឆ្ងាយពីផ្លូវបន្តិច ឬហៅថាដីនៅជាប់ផ្លូវក្នុង គឺអាចទិញបានក្នុងតម្លៃទាបជាងដីនៅជាប់ផ្លូវធំ ឬយើងអាចរកទិញពីម្ចាស់ដើមបាន។”
លោក ជិន ណារិន ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតដែរនោះក៏បាននិយាយថា មួយរយៈចុងក្រោយនេះ នៅតំបន់ឆ្នេរ ជាពិសេស កំពត និង កែប ហាក់មានសក្ដានុពលកាន់តែខ្លាំង ដោយមានគម្រោងធំៗមួយចំនួនបានសម្លឹងរកឱកាសវិនិយោគ និងអភិវឌ្ឍន៍ដែលជាការទាក់ទាញវិនិយោគិនជាតិអន្តរជាតិកាន់តែខ្លាំងឡើងថែមទៀតមកកាន់ទឹកដីនៃតំបន់ឆ្នេរសមុទ្រ។

លោកបន្តថា ក្នុងរយៈពេលចុងក្រោយនេះដែរ ឃើញថារាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងលើកកម្រិតគុណភាពផ្លូវចាស់ៗដូចជាផ្លូវជាតិលេខ៣១ ផ្លូវ៣៣ និងផ្លូវថ្មីពីខេត្តកែបទៅភ្នំពេញដែលធ្វើឱ្យការធ្វើដំណើរពីរាជធានីភ្នំពេញ មកាន់ទឹកដីនៃខេត្តកំពត និងកែបកាន់តែងាយស្រួល ។
រាជរដ្ឋាភិបាលក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតនៅក្នុងទឹកដីនៃខេត្តកំពត និងកែប ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកែប និងខេត្តកំពត ហើយគម្រោងទាំងនោះ គេរំពឹងថានឹងធ្វើឱ្យសក្ដានុពលអចលនវត្ថុ និងទេសចរណ៍ នៅតំបន់ឆ្នេរទាំងពីរនេះកាន់តែមានភាពទាក់ទាញបន្ថែមផងដែរ ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content