ភ្នំពេញ ៖ កម្ពុជាគ្រោងនឹងពង្រីកព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុដើម្បីទទួលជើងហោះហើរបន្ថែម ខណៈបច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុទទួលបានជើងហោះហើរក្រោម១០ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ។
បើតាមកិច្ចជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Emmanuel Menanteau ប្រធានប្រចាំតំបន់ក្រុមហ៊ុន VINCI បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងពង្រីកបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធក្នុងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ដោយនឹងសាងសង់ចំណតអ្នកដំណើរថ្មីនៅក្នុងអាកាសយានដ្ឋានមួយនេះ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ ។

គម្រោងសាងសង់ចំណតអ្នកដំណើរថ្មីនេះ នឹងអាចបង្កើនជើងហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃអាកាសយានដ្ឋានអន្តរជាតិមួយនេះទទួលបានជើងហោះហើរត្រឹមតែ៦ជើងប៉ុណ្ណោះ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានប្រមាណ១២០ជើង និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរចំនួន៤២ជើងក្នុងមួយថ្ងៃ ។
នៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីពាក់ព័ន្ធទាក់ទាញភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុកាន់តែច្រើន ជាពិសេសជំរុញភ្ញៀវដើរកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនដោយសម្ដេចប្រកាសបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តនេះកាន់តែច្រើន ។
នៅមុនវិបត្តិកូវីដ១៩ ខេត្តព្រះសីហនុជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគមួយក្នុងចំណោមតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ហើយព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ក៏មានភាពមមាញឹក ដោយមានជើងហោះហើរមកពីគោលផ្សេងៗចុះចតនៅព្រលានយន្តហោះមួយនេះ ជាពិសេសមកពីព្រលានយន្តហោះមួយចំនួនក្នុងប្រទេសចិន ព្រលានយន្តហោះមកពីប្រទេសម៉ាឡេស៊ីជាដើម ។ រហូតដល់ឆ្នាំ២០២០ គ្រាដែលពិភពលោកបានជួបវិបត្តិកូវីដ១៩ ព្រលានយន្តហោះក៏បានធ្លាក់ចុះនូវសកម្មភាពអ្នកដំណើរ និងជើងហោះហើរជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន VINCI របស់ប្រទេសបារាំង រួមទាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញនិង សៀមរាបចាស់ផងដែរ ប៉ុន្តែក្រោយមកព្រលានយន្តហោះសៀមរាបចាស់ក៏បានបិទដោយសារតែព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរបើកដំណើរការជំនួសវិញ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content