ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន ៦ បន្ថែមទៀត បានដាក់ពាក្យស្នើសុំលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តចំនួនពីរ នៅភូមិឦសាន ។ ការស្នើសុំរបស់ក្រុមហ៊ុនវិនិយោគនេះ ធ្វើឡើងតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន ដែលបានដាក់ចេញកាលពីជិត ១ ឆ្នាំមុន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីដើមសបា្តហ៍នេះ គម្រោងវិនិយោគទាំង ៦ គម្រោងនេះ មានទុនវិនិយោគសរុប ១១៦ លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
ថ្មីៗនេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក៏បានជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងវិនិយោគផ្ទាល់ ដើម្បីឱ្យដឹងពីស្ថានភាព និងបញ្ហាប្រឈមរបស់ក្រុមហ៊ុន ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការប្រឹក្សាយោបល់តាមការស្នើសុំរបស់ក្រុមហ៊ុននីមួយៗ ក្នុងគោលបំណងជំរុញការវិនិយោគ និងការពង្រីកការវិនិយោគ ជាពិសេសការទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនដែលកំពុងវិនិយោគលើការដាំដុះដំណំាកសិកម្ម ឱ្យឈានទៅរកការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់។

គួររម្លឹកថា គម្រោងវិនិយោគទាំង ៦ គម្រោង ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីមានគម្រោង ៥ នៅក្នុងខេត្តស្ទឹងត្រែង និង មានគម្រោង ១ នៅក្នុងខេត្តក្រចេះ ដោយមានសកម្មភាពវិនិយោគលើវិស័យទេសចរណ៍, កសិកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃគ្រាប់ស្វាយចន្ទី និងការវិនិយោគចិញ្ចឹមជ្រូកសាច់។
លោកពេជ្រ សម្បត្តិ សមាជិកក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន បានរំលេចអំពីតួនាទី និងភារកិច្ច ព្រមទាំងសារៈសំខាន់របស់ ក្រុមការងារជំរុញការវិនិយោគ្នុងភូមិភាគឦសាន ក្នុងនាមជាច្រកចេញចូលតែមួយ ការដោះស្រាយបញ្ហាការវិនិយោគជាកញ្ចប់នៅហ្នឹងកន្លែង ព្រមទាំងគូសបញ្ជាក់អំពីភាពម្ចាស់ការពីតំណាងរដ្ឋបាលខេត្តនីមួយៗក្នុងការចូលរួមទាក់ទាញ ការជំរុញ ការគាំពារ និង ការថែទាំការវិនិយោគនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបណ្ឌិតសភាចារ្យផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា តាមរយៈកម្មវិធីជំរុញការវិនិយោគខេត្តព្រះសីហនុ និងកម្មវិធីជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានធ្វើឱ្យកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗនិងគម្រោងពង្រីកការវិនិយោគជាបន្តបន្ទាប់ ហើយជាក់ស្ដែងកាលពីឆ្នាំ ២០២៥ កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប៦៣០ គម្រោងជាមួយទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារអាម៉េរិក។ តាមរយៈកម្មវិធីជំរុញការវិនិយោគនៅតំបន់ទាំងពីរនេះ រំពឹងថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីៗ ក៏ដូចជាគម្រោងពង្រីកការវិនិយោគបន្ថែមនៅក្នុងឆ្នាំ២០២៦នេះ។
លោកឧញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ថា កត្តាអចលនទ្រព្យជាពិសេសតម្លៃដីនៅកម្ពុជានៅមានកម្រិតទាប បើធៀបនឹងបណ្ដាប្រទេសនានា ទើបធ្វើឱ្យវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាជាប្រទេសមានសក្ដានុពលស្ទើរគ្រប់វិស័យ ដូចជាកសិកម្ម កសិ-ឧស្សាហកម្ម ហិរញ្ញវត្ថុ អចលនទ្រព្យ និងទេសចរណ៍។
លោកឧកញ៉ាបន្តថា វិនិយោគិនបរទេសមកពីជុំវិញពិភពលោក មុននឹងសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា ក៏គេបានសិក្សាច្បាស់លាស់ហើយ ដោយកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដូចជាលើកទឹកចិត្តផ្នែកពន្ធ ជាពិសេសការដាក់ចេញនូវកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ និងក្នុងភូមិភាគឦសានធ្វើឱ្យវិនិយោគិនមានចំណាប់អារម្មណ៍ និងស្វែងរកការវិនិយោគទាន់មានឱកាសទទួលបានការលើកទឹកចិត្ត៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content