សេដ្ឋកិច្ច ៖ វិបត្តិសកលនៅតែបន្ត ហើយក្នុងនោះ ជម្លោះនៅអ៊ុយក្រែនគឺជាកិច្ចការងារដ៏អាទិភាពបំផុតសម្រាប់ពិភពលោកដោះស្រាយបន្ទាប់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ។
ថ្វីត្បិតតែជម្លោះមិនសូវមានការវិវត្តមកល្អប្រសើរឡើងវិញក្តី ប៉ុន្តែគេសង្កេតឃើញថាស្ថានភាពក៏មិនមានកំដៅជាងបច្ចុប្បន្ន ដោយក្នុងនោះមានអ្នកវិភាគសេដ្ឋកិច្ច និងអ្នកនយោបាយជាច្រើនមើលបានឃើញថា លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះគឺជាកត្តាកំណត់ជោគវាសនារបស់អ៊ុយក្រែន ក៏ដូចជាការវិលត្រឡប់នៃពិភពលោកកាលពីមុនមានជម្លោះ។
ជាកស្តែងការស្រាវជ្រាវ និងស្ទាបស្ទង់ដែលត្រូវបានធ្វើឡើងដោយទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះបានដកស្រង់នូវការយល់ឃើញរបស់ក្រុមមន្ត្រីរដ្ឋាភិបាល, ក្រុមអ្នកជំនាញឯកជនរបស់អាមេរិក និងអឺរ៉ុបថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន និងកំពុងតែរង់ចាំ និងកំណត់យកការបោះឆ្នោតជាតិអាមេរិកនៅឆ្នាំក្រោយគឺជាកត្តាសំខាន់សម្រាប់រុស្ស៊ីក្នុងការសម្រេចចិត្ត និងរៀបចំផែនការថ្មីចំពោះជម្លោះជាមួយនឹងអ៊ុយក្រែន។
ពួកគេក៏មានការព្រួយបារម្ភដែរថា ប្រសិនក្នុងករណីដែលបេក្ខភាពបក្សសាធារណៈលោក Joe Biden នឹងបរាជ័យទៅឲ្យបក្សប្រជាធិបតេយ្យនោះ លោក Putin នឹងអាចបង្កើនឥទ្ធិពល មានអំណាចកាន់តែខ្លាំងក្លាក្នុងជំហចរចា និងទាមទារនៅក្នុងជម្លោះមួយនេះ។ ទោះបីជាយ៉ាងណាក្តី សហរដ្ឋអាមេរិកនៅតែមិនទាន់មានព័ត៌មានច្បាស់លាស់អំពីផ្នត់គំនិតរបស់លោក Putin នៅឡើយថា តើគាត់កំពុងព្យាយាមអូសទាញសង្រ្គាមនេះឲ្យកាន់តែយូរដោយចេតនា ពីព្រោះគាត់សង្ឃឹមថាជ័យជំនះនៃការបោះឆ្នោតនឹងត្រូវបានផ្តល់ទៅឲ្យលោក Donald Trump ឬប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យណាម្នាក់។
ការស្ទង់មតិរបស់ទូរទស្សន៍ CNN ដែលធ្វើឡើងដោយ SSRS តាំងតែពីដើមខែសីហា បានរកឃើញថា ប្រជាជនអាមេរិកភាគច្រើនបានបង្ហាញនូវគោលជំហប្រឆាំងនឹងសភាដែលផ្តល់មូលនិធិបន្ថែមដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណៈដែលមតិសាធារណជនកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយថា តើសហរដ្ឋអាមេរិកបាន ឬមិនទាន់បានធ្វើកិច្ចការងារគ្រប់គ្រាន់នៅឡើយនៅក្នុងជម្លោះមួយនេះ។
មន្ត្រីអាមេរិកម្នាក់ក្នុងចំណោមមន្ត្រីទាំង៤នាក់ដែលបានលើកឡើងអំពីបញ្ហានេះនិយាយថា ពួកគេគ្មានការសង្ស័យឡើយថា លោក Putin កំពុងព្យាយាមរារាំងការវិវត្តទៅនៃសង្គ្រាមរហូតដល់ការបោះឆ្នោតឆ្នាំ២០២៤ជាមុនសិន ហើយលោក Putin ដឹងច្បាស់ថា លោក Donald Trump ដែលជាបេក្ខភាពប្រជែងនៅបក្សប្រជាធិបតេយ្យនោះនឹងមានទំនោរក្នុងការជួយគាំទ្រដល់រុស្ស៊ី។
គួរឲ្យដឹងដែរថា ការបោះឆ្នោតថ្នាក់ជាតិនៅសហរដ្ឋអាមេរិកនឹងប្រារព្ធឡើងនៅឆ្នាំ២០២៤ ពោលគឺចំថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា៕