ប៉េកាំង ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តួរលេខដែលចិនបាននាំចេញរថយន្តទៅកាន់ទីផ្សារអន្តរជាតិបានឡើងដល់ ២,៥ លានគ្រឿងកាលពីឆ្នាំ២០២២ កន្លងទៅនេះ ដែលធ្វើឱ្យចិនក្លាយជាអ្នកនាំចេញរថយន្តធំជាងគេទី ៣ របស់ពិភពលោកបន្ទាប់ពីជប៉ុន និងអាល្លឺម៉ង់។
តួលេខរបស់ចិនគឺនៅពីក្រោយជប៉ុន និងអាល្លឺម៉ង់ ប៉ុន្តែនាំមុខសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលជាសញ្ញានៃការលេចចេញជាគូប្រជែងដ៏រឹងមាំចំពោះក្រុមហ៊ុនផលិតរថយន្តធំៗ។
បច្ចុប្បន្ននេះ ម៉ាកយីហោរថយន្តចិនស្ថិតក្នុងចំណោមផលិតផលដែលលក់ដាច់បំផុតនៅមជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ នៅទ្វីបអឺរ៉ុប ម៉ូដែលរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla និង អតីតម៉ាកយីហោអឺរ៉ុបដែលគ្រប់គ្រងដោយចិន ដូចជា Dacia Spring និង BMW iX3 ក៏ត្រូវបានរាប់បញ្ចូលថាជាថយន្តដែលផលិតនៅចិនផងដែរ ខណៈដែលម៉ាកយីហោក្នុងស្រុកជាច្រើនដូចជា BYD និង Nio ក៏ទទួលបានប្រជាប្រិយភាពផងដែរ។ ក្រៅពីនេះ សូម្បីតែ ម៉ាករថយន្ត BYD និង Nio ដែលមានរោងចក្រនៅចិន ក៏បានកំពុងឈ្នះទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសអូស្ត្រាលីជាដើម។
យោងតាមទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញថា ការនាំចេញយានយន្តរបស់ចិនដីគោកមានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឡើងដល់ ៥៤,៤ ភាគរយ និង មានចំនួនដល់ទៅ ៣,១១ លានគ្រឿងកាលពីឆ្នាំ ២០២២ កន្លងទៅនេះ ដែលធ្វើឱ្យប្រទេសនេះក្លាយជារថយន្តធំបន្ទាប់ពីប្រទេសជប៉ុន។
កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តនៅជប៉ុនបានដឹកជញ្ជូនរថយន្តចំនួន ៣,២ លានគ្រឿងទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ១១ ខែដំបូង ខណៈដែលប្រទេសអាឡឺម៉ង់បានលក់រថយន្តចំនួន ២,៦១ លានគ្រឿង និង បានកើនឡើង ១០ ភាគរយ៕