អស់រយៈពេល ១១៧ឆ្នាំមកហើយគិតចាប់តាំងតែពីឆ្នាំ១៩០៤ នៅពេលដែលបុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Frederick Henry Royce និងបុរសម្នាក់ទៀតមានឈ្មោះថា Charles Stewart Rolls បានចាប់ផ្តើមស្ថាបនាក្រុមហ៊ុន Rolls-Royce ជាលើកដំបូងឡើងដែលវាត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តប្រណីតធំបំផុតរបស់ប្រទេសអង់គ្លេស។

លោក Royce កើតនៅថ្ងៃទី២៧ ខែមីនាឆ្នាំ១៨៦៣ នៅជិតតំបន់ Peterborough រដ្ឋ Cambridgeshire ប្រទេសអង់គ្លេស។ គាត់បន្តធំធាត់នៅក្នុងគ្រួសារដែលមានមធ្យោបាយជីវភាពខ្សត់ខ្សោយខ្លាំង ហើយនៅទីបំផុតគាត់ក៏បានចាប់យកអាជីពជាអ្នកធ្វើការងារផ្នែកអគ្គិសនី។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨៨០ គាត់បានបង្កើតអាជីវកម្មមួយដែលមានជំនាញបង្កើតម៉ាស៊ីនភ្លើង។ នៅដើមទសវត្សរ៍ឆ្នាំ១៩០០ បន្ទាប់ពីទិញរថយន្តដំបូងផ្ទាល់ខ្លួនមកលោក Royce បានចាប់ផ្តើមរចនារថយន្តផ្ទាល់ខ្លួនរបស់គាត់ដោយសម្រេចចិត្តថាធ្វើវាឲ្យល្អជាងនេះ។
លោក Royce ដែលបន្ទាប់មកបានជួបជាមួយនឹងអ្នកជំនាញទីផ្សារ និងចែកចាយរថយន្តអង់គ្លេស ឈ្មោះលោក Charles Rolls ហើយក៏បានឈានទៅដល់ការយល់ព្រមគ្នាក្នុងការលក់រថយន្តថ្មីរបស់លោក Royce ។ ដោយសារតែមើលឃើញឱកាសទីផ្សារខ្លាំងក្រោយមកបុរសពីរនាក់បានបង្កើតក្រុមហ៊ុន Rolls-Royce Limited ឡើងតែម្តង។

ក្នុងឆ្នាំ១៩១០ លោក Charles Rolls បានស្លាប់នៅអាយុ ៣២ឆ្នាំ ខណៈពេលកំពុងបើកយន្ដហោះផ្ទាល់ខ្លួន។ លោក Royce បានបន្តការងារជាមួយក្រុមហ៊ុននេះទាំងនៅក្នុងកំឡុងសង្គ្រាមលោកលើកទី១ក៏ដោយ ហើយថែមទាំងទទួលបានកុងត្រាផលិតម៉ាស៊ីនយន្តហោះចម្បាំងផងដែរ។ នៅអំឡុងឆ្នាំ១៩១៤ ក្រុមហ៊ុនបានក្លាយទៅជាអ្នកផលិតម៉ាស៊ីនយន្តដែលមានឈ្មោះថា Eagle ហើយម៉ាស៊ីនរបស់ខ្លួនត្រូវបានប្រើប្រាស់ស្ទើរពាក់កណ្តាលនៃយន្តហោះរបស់ក្រុមសម្ព័ន្ធមិត្តរបស់អង់គ្លេសនៅក្នុងសង្គ្រាម។
នៅឆ្នាំ១៩៣១ ក្រុមហ៊ុនបានចូលរួមក្នុងការប្រកួតប្រជែងក្នុងការអភិវឌ្ឍ និងផលិតម៉ាស៊ីនសម្រាប់យន្តហោះដែលអាចបើកលើទឹកបានដែលវាត្រូវបានហោះឈ្មោះថាម៉ាស៊ីននោះថា R ហើយគ្រានោះខ្លួនបានបំបែកឯកទក្តកម្មដោយអាចឲ្យយន្តហោះបើកបរក្នុងល្បឿនលឿនបំផុតលើលោកដល់ទៅ ៤០០ mph ឬ ៦៤៣ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Mercedes កើតឡើងដោយរបៀបណានិងធ្វើតេស្តនៅពេលណា?
នៅថ្ងៃទី២២ ខែវិច្ឆិកាកាលពីក្នុងឆ្នាំ១៩០០ រថយន្តដំបូងដែលត្រូវបានផលិតក្រោមឈ្មោះយីហោ Mercedes ត្រូវបានគេយកគំរូដំបូងបំផុតសម្រាប់ការបើកសម្ពោធទីផ្សាររបស់ខ្លួននៅទីក្រុង Cannstatt ប្រទេសអាល្លឺម៉ង់។ រថយន្តនេះត្រូវបានផលិតឡើង ជាពិសេសសម្រាប់អ្នកទិញ ម្នាក់ដែលមានឈ្មោះ Emil Jellinek គឺជាសហគ្រិនដែលមានចំណង់ចំណូលចិត្តចំពោះរថយន្តដែលមានល្បឿនលឿន និងឆើតឆាយ។
Jellinek បានដាក់ឈ្មោះរថយន្តថ្មីនេះតាមកូនស្រីរបស់គាត់ឈ្មោះ Mercédès Jellinek ដែលឈ្មោះភាសាអេស្ប៉ាញបានបកប្រែទៅជា “Mercy” ។ ក្រោយមកក្រុមហ៊ុនបានបន្តធ្វើពាណិជ្ជកម្មជាមួយនឹងស្លាកសញ្ញាឈ្មោះ Mercedes ចាប់ផ្តើមពីឆ្នាំ១៩០២ មកទល់បច្ចុប្បន្ន។

កាលពីដំបូងឡើយនៅឆ្នាំ១៨៨៦ ក្រុមវិស្វករអាល្លឺម៉ង់២នាក់ គឺលោក Gottlieb Daimler និង Wilhelm Maybach បានផលិតបាននូវរថយន្ដមុនដំបូងគេបង្អស់របស់ពិភពលោក ប៉ុន្តែមិនទាន់មានប្រើប្រាស់ម៉ាស៊ីនប្រភេទ Four Stroke Engine ឡើយរហូតដល់ឆ្នាំ១៨៨៩ ទើបបុរសទាំង២នាក់នេះអាចផលិតបានរថយន្តថ្មីដែលប្រើប្រាស់នូវកម្លាំងម៉ាស៊ីនប្រភេទនេះឡើងបាន និងបានបង្កើតបានជាក្រុមហ៊ុនមួយដែលមានឈ្មោះថា Daimler Motoren Gesellschaft ឬ D-M-G។ នៅឆ្នាំ១៨៩៦ លោក Emil Jellinek បានឃើញស្ពតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនរថយន្ត D-M-G នៅក្នុងកាសែតរបស់អាល្លឺម៉ង់ទើបលោកបានសម្រេចចិត្តធ្វើដំណើរទៅដល់រោងចក្ររបស់វានៅក្នុងទីក្រុង Cannstatt តែម្តង ដើម្បីធ្វើការកម្ម៉ង់ទិញដោយរថយន្តដំបូងនោះអាចធ្វើដំណើរបានតែត្រឹម ១៥ម៉ាលក្នុងមួយម៉ោងប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content