ភ្នំពេញ៖ អ្នកផលិតមាតិកា និងជា Influencer ល្បីៗមកពីប្រទេសអាម៉េរិក បារាំង អង់គ្លេស ចិន ហ្គាណា និង នីហ្សេរីយ៉ា ដែលពួកគាត់បានស្រលាញ់ និងសម្រេចចិត្តរស់នៅកម្ពុជារហូតបានប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនរបស់ខ្លួន និងពិភពលោក។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗនៅប្រទេសកម្ពុជា ដឹកនាំដោយ លោក Jesse McCaul ចូលជួបសម្តែងការគួរសម ដើម្បីស្នើសុំអនុសាសន៍ដឹកនាំបន្តពីលើការផលិតមាតិកា ព្រមទាំងសំណើកិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍ នាទីស្តីការក្រសួង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មលើការផលិត និងចែករំលែកមាតិកាល្អៗពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាកន្លងមកដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្លួន និងប្រជាជនពិភពលោកទាំងមូល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗគ្នា តែមានចិត្តរួមគ្នាស្រលាញ់ និងរស់នៅលើទឹកដីកម្ពុជាទាំងអស់យកចិត្តទុកដាក់ផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា ព្រមទាំងពីសភាពការណ៍ពិតពីនយោបាយ សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការធានាសុខសុវត្ថិភាពភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដល់ Followers រាប់លាននាក់របស់ខ្លួនដែលនៅគ្រប់ទិសទីនៃពិភពលោក។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសន្យារៀបចំលិខិតថ្លែងអំណរគុណ នឹងផ្តល់ជូនអ្នកផលិតមាតិកា និងជា Influencers ទាំងនេះ សម្រាប់ការដឹងគុណពីការចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានពីប្រទេសកម្ពុជា ក៏ដូចជាសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយដែលមាន Followers រាប់លាននាក់ពីគ្រប់ទិសទីនៃពិភពលោក៕












វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content