ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញាគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ជាផ្លូវការ។
ការប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញាគម្រោង FMIS គឺក្នុងគោលបំណងដើម្បីគាំទ្រ ជំរុញ និងពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងផ្ដល់នូវព័ត៌មានចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងនៅក្នុងរយៈពេលវែង។

ចាប់ពីឆ្នាំ២០១៨ មានក្រសួងចំនួន ១០ ប៉ុណ្ណោះ ក្នុងនោះមានក្រសួងបរិស្ថានផងដែរ បានអនុវត្តប្រព័ន្ធ FMIS ។ ពេលនោះ ការអនុវត្តប្រព័ន្ធFMIS នេះគ្រាន់តែជាការងារបន្ថែមលើការងារមានស្រាប់ដោយមិនមានការកាត់បន្ថយលើការរៀបចំឯកសារចំណាយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ។ នៅខែមេសា ឆ្នាំ២០២១ មានការកែសម្រួលប្រព័ន្ធ FMIS នេះលើមុខងារបៀវត្ស ដោយមិនចំាបាច់រៀបចំឯកសារបៀវត្សបញ្ចូនទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺអនុវត្តទាំងស្រុងក្នុងប្រព័ន្ទFMIS និងនៅខែតុលា ឆ្នាំ២០២២ មានការកែសម្រូលប្រព័ន្ធFMISនេះជាថ្មីបន្តទៀតលើមុខងារចំណាយដែលមានហានិភ័យទាប ដូចជា ចំណាយ (ទឹក អគ្គិសនី សេវាទូរសព្ទ…) ដោយមិនចាំបាច់រៀបចំឯកសារទាំងអស់នេះបញ្ចូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ គឺអនុវត្តទាំងស្រុងក្នុងប្រព័ន្ធ FMIS តែម្តង។
ចំពោះការអនុវត្តនីតិវិធីថ្មីនៃ ប្រព័ន្ធ FMIS លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តកាលចុងខែកក្កដា ឆ្នាំ២០២២ ក្រុមការងារ FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ្តត្ថុ បានចុះសិក្សាពីនិតិវិធីគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត និងចលនាឥណទាននៅក្រសួងបរិស្ថាន ក្នុងគោលបំណងពន្យល់ និងណែនាំពីរបៀបអនុត្តទាំងស្រុងលើមុខងារចំណាយចរន្ត និងចលនាឥណទាន ។
ការអនុវត្តសម្រាប់នីតិវិធីតម្រង់ទិសថ្មីលើការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្កលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMIS ទាំងស្រុងទៅក្រសួង-ស្ថាប័នសរុបចំនួន ៣៤ ដោយជោគជ័យ។ ផ្អែកលើបទពិសោធន៍នេះ ក្រុមការងារ FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តដាក់ឱ្យអនុវត្តនីតិវិធីថ្មី លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ព្រមទាំងអង្គភាពថវិកានៃក្រសួងទាំង ២។

ថ្លែងក្នុងកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថានជាផ្លូវការ” នៅថ្ងៃទី១៧ ខែកញ្ញ ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកែសម្រួលនីតិវិធីអនុវត្តការងារ ដែលនឹងត្រូវអនុវត្តទាំងស្រុងតាមប្រព័ន្ធ FMIS នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយពន្លឿនកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ៖
“នីតិវិធីថ្មីតាមប្រព័ន្ធ FMIS បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ទី១. កាត់បន្ថយចំណាយរដ្ឋបាលបានមួយចំនួនធំ ដែលចំណាយរដ្ឋបាលផ្សេងៗ និងមធ្យោបាយធ្វើដំណើរក្នុងរដ្ឋាភិបាលមានចំនួន ៥០% នៃចំណាយសរុបប្រចាំឆ្នាំ, ទី២. មានភាពលឿន និងរហ័សជាងមុនតាំងពីដំណាក់កាលស្នើសុំ រហូតដល់ការទូទាត់អាណត្តិ, ទី៣. មានតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តថវិកា ដោយអ្នកស្នើសុំអាចមើលដឹងស្ថានភាពនៃការស្នើសុំរបស់ខ្លួនតាមដំណាក់កាលនីមួយៗ”
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា ការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង នឹងប្រែក្លាយប្រព័ន្ធ FMIS ជាមជ្ឈមណ្ឌលទិន្នន័យព័ត៌មានហិរញ្ញវត្ថុស្តង់ដាររបស់រដ្ឋសម្រាប់បំពេញតម្រូវការជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការវិភាគ និងរៀបចំគោលនយោបាយក្នុងការបម្រើប្រយោជន៍ដល់សាធារណៈជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងឱ្យដឹងថា ឯកឧត្តមពិតជាមានមោទនភាព ដែលបានឃើញគម្រោង FMIS ឈានដល់បើកទំព័រថ្មីសមិទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យអនុវត្តនីតិវិធីថ្មី សម្រាប់ការចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន រួមជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជារួមដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបាននូវវឌ្ឍនភាពជាច្រើន ដែលជួយគាំទ្រ និងជំរុញដល់ការអនុវត្តនូវកម្មពិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតសភាចា្យបានលើកឡើងថា ៖
“កិច្ចការរៀបចំនីតិវិធីនេះ ត្រូវបានចាត់ទុកថាជាកិច្ចការអាទិភាពសម្រាប់ការអនុវត្តកម្មពិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី៣ ឈានចូលដំណាក់កាលពី៤ ដើម្បីធានាដល់ការអនុវត្តថវិកាផ្អែកលើសមិទ្ធកម្ម សម្រាប់អង្គភាពថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមគោលដៅដែលបានកំណត់ក្នុងឯកសារពង្រីកការអនុវត្តគម្រោង FMIS ជំហ៊ានទី៣ ឆ្នាំ ២០២១-២០២៥”
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៣ ជាចំណុចនៃការចាប់ផ្តើមអនុវត្តន៍របស់គម្រោង FMIS ជំហ៊ានទី១ និងជាឆ្អឹងខ្នងក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់ការពង្រឹងគណនីភាពហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងកម្មពិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានគន្លឹះចំនួន៨ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅរតនាគាររាជធានី-ខេត្តទាំង២៥ ជាមួយមុខងារស្នូលទាំង៦ នៃប្រព័ន្ធ FMIS។
ជំហ៊ានទី២នៃគម្រោង FMIS ចាប់ផ្តើមនៅឆ្នាំ២០១៧ និងបញ្ចប់នៅឆ្នាំ២០២០ ដោយបានពង្រីកវិសាលភាពប្រើប្រាស់ប្រព័ន្ធនេះទៅកាន់គ្រប់ក្រសួង-ស្ថាប័ននៃរដ្ឋាភិបាល អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង២៥ រាជធានីខេត្ត ព្រមទាំងសម្រេចបានការអនុវត្តមុខងារបន្ថែមចំនួន ២ទៀត គឺមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធិកម្មពេលលេញ។
បច្ចុប្បន្ន ក្រសួងបាន និងកំពុងអនុវត្តគម្រោងជំហ៊ានទី៣ ដែលចាប់ផ្តើមពីឆ្នាំ២០២១ និងគម្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ដែលបានពង្រីកប្រព័ន្ធប្រើប្រាស់ប្រព័ន្ធ FMIS ទៅដល់រដ្ឋបាលរាជធានីខេត្តទាំង២៥ បានពង្រីកការប្រើប្រាស់មុខងារថ្មីៗ ពង្រឹងការប្រើប្រាស់ប្រព័ន្ធដែលរៀបចំជាបណ្តើរៗនូវនីតិវិធីថ្មីសម្រាប់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង និងបន្តពង្រីកការប្រើប្រាស់ទៅកាន់ការដ្ឋាននៅរាជធានីខេត្តបន្ថែមទៀត ដែលបច្ចុប្បន្ន ការដ្ឋានគម្រោងសរុបមានចំនួន ១៥៨ការដ្ឋាន និងអ្នកប្រើប្រាស់ប្រព័ន្ធចំនួន ២ ១៨៩ រូប។ នេះបើយោងតាមយោងតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប។
ដំណើរការនៃការរៀបចំនីតិវិធីថ្មីសម្រាប់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ដោយលែងមានការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានៅក្រៅប្រព័ន្ធតទៅទៀតស្របតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តន៍ការងារតាមប្រព័ន្ធ FMIS ឆ្នាំ២០២០-២០២៥ មានដូចតទៅ ៖ ទី១ អនុវត្តន៍តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារបានសិក្សា និងរៀបចំផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តន៍ការងារតាមប្រព័ន្ធ FMIS ឆ្នាំ២០២០-២០២៥ រួចរាល់នៅដើមឆ្នាំ២០២០ ទី២ បានចាប់ផ្តើមអនុវត្តន៍នីតិវិធីតាមអភិក្រម គឺយកមុខសញ្ញាចំណាយដែលមានភាពទាប ដូចជាចំណាយបៀវត្ស បន្ទុកបុគ្គលិក ទឹក ភ្លើង ទូរគមនាគមន៍ជាដើម ចាប់ឆ្នាំ២០២២ ដែលផ្តើមចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាគំរូ និងគិត្រឹមឆ្នាំត្រីមាសទី៣ ឆ្នាំ២០២២នេះ បានដាក់ឱ្យអនុវត្តន៍ដោយជោគជ័យនូវនីតិវិធីអនុវត្តន៍ការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងនានាលើនីតិវិធីចំណាយបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និងនីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា ៖
“នៅដើមឆ្នាំ២០២២នេះ អនុវត្តន៍តាមការសម្រេចរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្រុមការងារបានអនុវត្តន៍កិច្ចការងារច្រើនក្នុងការរៀបចំនីតិវិធីថ្មីសម្រាប់ចំណាយថវិកាចរន្ត ដែលត្រូវអនុវត្តន៍នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងមូល រួមជាមួយនឹងក្រសួងបរិស្ថានជាគំរូ មុននឹងឈានទៅដល់ការអនុវត្តនៅក្រសួងស្ថាប័នផ្សេងៗទៀត”
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា ក្រុមការងារ FMIS បានព្យាយាមផ្តោតលើអាទិភាពលើការរៀបចំកិច្ចការត្រៀមជាច្រើន ដូចជា ១) ការរៀបចំការអនុវត្ត និងគ្រប់គ្រងផែនការសកម្មភាព ២) បញ្ជ្រាបការយល់ដឹង ការសិក្សារៀបចំ និងវិភាគលើរំហូរនៃនីតិវិធីអនុវត្តន៍ការងារបច្ចុប្បន្ន និងឯកសារតម្រូវការ ៣) ការវិភាគ និងរៀបចំរំហូរនីតិវិធីអនុវត្តន៍ការងារថ្មីក្នុងប្រព័ន្ធ ការប្រជុំពិគ្រោះយោបាល់លើការរៀបចំរំហូរនីតិវិធី និងលើឯកសារស្តង់ដារនីតិវិធីអនុវត្តន៍ការងារ និងឯកសារគតិយុទ្ធទ្រទ្រង់ការអនុវត្ត ៤)ការបណ្តុះបណ្តាល ការកំណត់ឈ្មោះតួនាទីអ្នកប្រើប្រាស់ ការដាក់ដំឡើងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង៥) ការអភិវឌ្ឍកែសម្រួលក្នុងប្រព័ន្ធ និងពិនិត្យក្នុងក្របខណ្ឌអនុវត្តន៍សវនកម្ម និងអធិការកិច្ច។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បច្ចុប្បន្ន គេហៅថា E-Government និងការអភិវឌ្ឍបច្ចេកវិទ្យា ឬសម័យកាលឧស្សាហកម្ម ៤.០ ដូច្ននេះការវិវត្តន៍នៃបច្ចេកវិទ្យាទៅកាន់កិច្ចការសេវាសាធារណៈគឺរឿងធម្មតា។ ចង់មិនចង់ ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់គឺត្រូវតែខិតខំចាប់យកបច្ចេកវិទ្យាទៅប្រើប្រាស់ទៅក្នុងធុរកិច្ច ឬក្នុងកិច្ចការងារប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម។
លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងដូច្នេះថា ៖
“ខ្ញុំគិតថា ប្រព័ន្ធ FMIS មានសារសំខាន់ណាស់ទៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចយើងដឹងស្រាប់គឺថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ ត្ថុជាសេនាធិការផ្ទាល់ បានដាក់ចេញកម្មពិធីគម្រោងគ្រប់គ្រងហិរញ្ញវត្ថុទៅក្នុងគ្រប់ស្ថាប័នសាធារណៈទាំងអស់នៅទូទាំងប្រទេស”
លោកបានបន្តថា ៖
“ការដាក់ដំណើរការកម្មពិធីនេះ ដែលគឺជាប្រព័ន្ធមួយល្អ នោះគឺ ទី១) ជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងស្ថាប័ននីមួយបង្កើតនូវសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ប្រចាំឆ្នាំ ហើយសមស្របទៅតាមថវិការបស់ខ្លួន ដែលបានលើកឡើង ឬស្នើឡើង ទី២) តម្លាភាពក្នុងប្រព័ន្ធការងារ និងទី៣ មន្ត្រីនីមួយៗបំពេញការងារពេញដៃពេញជើងទៅតាមសកម្មភាពដែលខ្លួនបានអនុវត្តន៍ហើយ”
បើទោះបីជាមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អប្រសើរ និងមានតម្លាភាព លោកបណ្ឌិត ហុង វណ្ណៈ នៅតែអំពាវនាវដល់ថ្នាក់នាំក្រសួង និងមន្ត្រីពាក់ព័ន្ធទាំងអស់ពិនិត្យលើការគ្រប់គ្រង និងការអនុវត្តន៍គម្រោងប្រព័ន្ធ FMIS មត់ចត់ ដិតដល់ និងច្បាស់លាស់សំដៅទៅការអនុវត្តគម្រោងនេះឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា FMIS គឺជាការធ្វើសមាហរណកម្មស្វ័យប្រវត្តិកម្មនូវដំណើរការការងារ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបច្ចុប្បន្នកំពុងធ្វើដោយដៃ ដោយគ្របដណ្តប់ទាំងការធ្វើនីយកម្មថវិកា ការអនុវត្តថវិកា គណនេយ្យ របាយការណ៍ ការត្រួតពិនិត្យ និងការធ្វើសវនកម្ម។ ប្រព័ន្ធនេះនឹងគ្របដណ្តប់លើសពីកម្មវិធីកុំព្យូទ័រ និងឧបករណ៍កុំព្យូទ័រ ដោយរាប់បញ្ជូលទាំងធនធានមនុស្ស អង្គភាព និងការគ្រប់គ្រងការផ្លាស់ប្តូរ ដែលនឹងនាំមកនូវនីតិវិធីអនុវត្តការងារថ្មី។
ផលប្រយោជន៍រំពឹងទុកពីប្រព័ន្ធ FMIS នឹងជួយពង្រឹងដល់ការអនុវត្តថវិកាតាមរយៈការចំណាយដោយស្វ័យប្រវត្តិតាមប្រព័ន្ធកុំព្យូទ័រ ការទទួលចំណូល (ការប្រមូល និង ប្រាក់បញ្ញើសម្រាប់ចំណូលមិនមែនសារពើពន្ធ ព្រមទាំងភ្ជាប់ជាមួយប្រព័ន្ធចំណូលពន្ធដារ ពន្ធគយ និងគ្រប់គ្រងបំណុល) គណនេយ្យ និងរបាយការណ៍នៅរតនាគារកណ្តាល និងបណ្តារតនាគារខេត្ត ហើយការផ្តល់នូវតម្លាភាពក្នុងការទទួលនូវរាល់ព័ត៌មានហិរញ្ញវត្ថុតាម online ក៏ជាកត្តារួមចំណែកដ៏ចំបងសម្រាប់ពង្រឹងដល់ការអនុវត្ត PFM ។ ក្រៅពីនេះ FMIS គឺជាកាលានុវត្តភាពសម្រាប់អនុវត្តនូវនីតិវិធីដ៏ល្អបំផុតមួយ ដែលដើរតាមបទដ្ឋានអន្តរជាតិនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content