ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅលើកកម្ពស់សេវាទឹកស្អាតប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ការទទួលបានសេវាទឹកស្អាតមិនត្រឹមតែជាសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ តែវាមានសារៈសំខាន់ចំពោះសុខភាពសាធារណៈ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ កិច្ចសហការនេះគឺជាគំរូមួយដែលបង្ហាញថា ការវិនិយោគចំគោលដៅអាចជំរុញការផ្លាស់ប្តូរជាដុំកំភួន ជាពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ។
លោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNOPS បានបញ្ជាក់ថា កិច្ចសហការនេះគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។ ភាពជាដៃគូនេះនឹងផ្តោតលើការបង្កើតដំណោះស្រាយនវានុវត្តន៍ដែលអាចពង្រីកទៅតំបន់ផ្សេងៗ ដើម្បីលើកកម្ពស់សេវាទឹកស្អាត និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
អនុស្សរណៈយោគយល់នេះនឹងក្លាយជាមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងផ្លូវការរួមរវាងភាគីទាំងពីរ ក្នុងការរៀបចំផែនការ ការរចនា និងអនុវត្តគម្រោងនានា ដែលលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលធានានិរន្តរភាព និងបរិយាប័ន្ន៕