តួលេខកាលពីក្នុងឆ្នាំ២០២០ បានបង្ហាញថា ពិភពលោកទទួលរងនូវកាកសំណល់ជាគ្រឿងអេឡិចត្រូនិកដល់ទៅជាង ៥៣លានតោន ប៉ុន្តែក្នុងនោះមានតែ១៨ភាគរយប៉ុណ្ណោះដែលអាចយកមកធ្វើការកែច្នៃឡើងវិញ។
OECD (The Organisation for Economic Co-operation and Development) ក៏បានរកឃើញដែរថា កាកសំណល់ជាប្លាស្ទិកដល់ទៅរាប់រយលានតោន បានកកើតឡើងជារៀងរាល់ឆ្នាំ ហើយមានតែ៩ភាគរយប៉ុណ្ណោះដែលបានកែច្នៃឡើងវិញ។ មានមនុស្សតិចតួចណាស់ដែលមើលឃើញកាកសំណល់ទាំងនោះគឺជាទ្រព្យ ឬធនធានដែលមាននៅលើភពផែនដីស្រាប់ក្នុងការទាញយកអត្ថប្រយោជន៍ ប៉ុន្តែបែរជាបន្តបោះបង់វាចោល ហើយមិនព្យាយាមក្នុងការប្រើប្រាស់គំនិតកែច្នៃប្រឌិតថ្មីទៅវិញ។
ទោះបីជាយ៉ាងណាក្តី មានអ្នកជំនាញខ្លះបាន និងកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនការងារអភិវឌ្ឍរបស់ខ្លួនធ្វើយ៉ាងណាអាចបង្កើនការកែច្នៃកាកសំណល់របស់ពិភពលោកទាំងនោះឲ្យអាចមកជាវត្ថុដ៏មានប្រយោជន៍ឡើងវិញ។ ជាក់ស្តែងអាជីវកម្មថ្មីមួយដែលមានឈ្មោះថា Topolytics កំពុងមានភាពទាក់ទាញពីចំណាប់អារម្មណ៍របស់អ្នកធ្វើការងារនៅក្នុងវិស័យនេះយ៉ាងខ្លាំងដោយអាចជួយសម្រួលកិច្ចការងារគ្រប់គ្រងកាកសំណល់បានមួយផ្នែកធំ និងមិនធ្លាប់មានអ្នកណាអាចធ្វើបាននៅឡើយ។
Topolytics ដោយប្រើប្រាស់បច្ចេកវិទ្យា AI បានអភិវឌ្ឍបានជាកម្មវិធីដ៏ឆ្លាតវ៉ៃមួយដែលមានឈ្មោះថា WasteMap អាចជួយឲ្យបណ្តា ក្រុមហ៊ុនអាជីវកម្មទាំងអស់ធ្វើការគ្រប់គ្រងនូវកាកសំណល់របស់ពួកគេបានងាយស្រួល និងល្អប្រសើរខ្លាំងជាងមុន។ បច្ចេកវិទ្យារបស់ Topolytics នេះ អាចធ្វើការត្រួតពិនិត្យទៅលើដំណើរការនៃការប្រមូល និងការកែច្នៃកាកសំណល់ដោយពេលវេលាច្បាស់លាស់ផងដែរ។
WasteMap អាចផ្តល់ជាសញ្ញាបានយ៉ាងត្រឹមត្រូវ និងតាមពេលវេលាច្បាស់លាស់ទៅក្រុមអ្នកប្រមូលសំរាម និងទៅដល់ក្រុមអ្នកជំនាញកែច្នៃសំរាមផងដែរ ដែលវាបានបង្កើតទៅជាប្រព័ន្ធត្រួតពិនិត្យដំណើរការកាកសំណល់ចាប់រាប់ពីពេលដែលត្រូវបានគេបោះចោលរហូតទៅដល់ពេលវាត្រូវបានកែច្នៃឡើងវិញយ៉ាងមានតម្លាភាព និងប្រសិទ្ធភាពបំផុត។ បច្ចុប្បន្ន Topolytics បានដាក់ឲ្យអនុវត្តនូវមុខងារចំនួន ៣ សម្រាប់ WasteMap ក្នុងការធ្វើកិច្ចសហការជាមួយគ្នាដោយក្នុងនោះមាន WasteMap សម្រាប់បណ្តាក្រុមហ៊ុនអ្នកផលិតកាកសំណល់ WasteMap សម្រាប់ក្រុមអ្នកកែច្នៃ ឬទិញកាកសំណល់ និង WasteMap សម្រាប់រដ្ឋាភិបាលផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content