សង្គ្រាមនៅអ៊ុយក្រែនបានបន្តអូសបន្លាយអស់រយៈពេលជិត១ឆ្នាំមកហើយទាំងដែលភាគីជម្លោះ និងភាគីពាក់ព័ន្ធហាក់ដូចជាមិនទាន់មើលឃើញពន្លឺនៃច្រកចេញពីវិបត្តិនេះនៅឡើយ។
រយៈពេលកន្លងមកនេះ សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងរយៈពេលឆ្នាំខាងមុខនេះ ជាពិសេសគឺវិបត្តិថាមពលដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ ហើយវានឹងបន្តធ្វើឲ្យឱ្យមានសម្ពាធអតិផរណាកើនឡើង ធ្វើឲ្យមានការថយចុះនៃទំនុកចិត្តអតិថិជនព្រមទាំងអំណាចទិញរបស់ពលរដ្ឋពិភពលោកផងដែរ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវចុងក្រោយដោយ OECD ។
ដោយឡែកគិតជាចំនួនពលរដ្ឋស៊ីវិល និងយោធាដែលបាត់បង់វិញ សង្គ្រាមនេះបានឆក់យកជីវិតមនុស្សអស់រាប់ម៉ឺននាក់មកហើយ ខណៈដែលអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថាវានឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចសកលកាន់តែយូរឆ្នាំបន្ថែមទៀតទោះបីជាក្នុងករណីថា សង្គ្រាមនេះនឹងអាចបញ្ចប់ភ្លាមៗក្នុងពេលនេះក្តី។
បច្ចុប្បន្នសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន ដោយបានបញ្ចេញថវិកាសរុបប្រមាណជា ២៧,៤ ពាន់លានដុល្លាររួចមកហើយចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធីបតី Joe Biden។

ក្នុងនាមជាម្ចាស់ជំនួយធំទីពីរ ចក្រភពអង់គ្លេសបានប្តេជ្ញាចិត្តបញ្ចេញកញ្ចប់ថវិកាប្រមាណជា២,៣ ពាន់លានផោនក្នុងជំនួយយោធាដល់អ៊ុយក្រែនរហូតមកដល់ពេលនេះ ហើយបានសន្យាថានឹងផ្តល់ជំនួយក្នុងទំហំដដែលនេះសម្រាប់ឆ្នាំ២០២៣នេះបន្តទៀត។ ក្រៅពីនោះគេសង្គេតឃើញនៅមានបណ្តាប្រទេសនៅលោកខាងលិច និងសម្ព័ន្ធមិត្តជាច្រើនទៀតសុទ្ធតែបានប្រកាសផ្តល់ជំនួយ និងផ្កត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែនដែលក្នុងនោះរួមមានទាំងអាល្លឺម៉ង់, ប៉ូឡូញ, បារាំង និងកាណាដាជាដើម។
ទោះបីជាយ៉ាងណាក្តី ការបន្តផ្គត់ផ្គង់អាវុធ និងហិរញ្ញវត្ថុពីសំណាក់លោកខាងលិចត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ហាក់ដូចជានឹងជួយជំរុញឲ្យសង្គ្រាមនេះកាន់តែស៊ីពេលកាន់តែយូរជាងនេះទៀត ប៉ុន្តែបើវិភាគពីផលចំណេញវិញគឺមានភាគីតិចតួចប៉ុណ្ណោះដែលអាចទទួលប្រយោជន៍អំពីសង្គ្រាមដ៏រ៉ាំរ៉ៃនេះ ជាពិសេសគឺបណ្តាក្រុមហ៊ុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធរបស់លោលខាងលិច និងអាមេរិក។
អាមេរិកជាអ្នកនាំមុខគេក្នុងការឧបត្ថម្ភអាវុធ ដូចនេះក្រុមហ៊ុនអ្នកផលិតអាវុធអាមេរិកក៏ជាអ្នកដែលរកបានប្រាក់ចំណេញបានច្រើនជាងគេផងដែរ ពីព្រោះថាក្រៅតែពីផលិតលក់ឲ្យអាមេរិកនោះខ្លួនក៏នឹងចែកចាយទៅសម្ព័ន្ធមិត្តដែលកំពុងមានតម្រូវការផងដែរ។
ឧទាហរណ៍ជាក់ស្តែងដូចជាក្រុមហ៊ុន Raytheon និង Lockheed Martin ជាដើម ខណៈដែលគិតត្រឹមតែមីស៊ីលប្រភេទ Javelin anti-tank ប៉ុណ្ណោះដែលត្រូវបានបញ្ជូនឲ្យអ៊ុយក្រែនចំនួន ៦ ៥០០ មានតម្លៃក្នុងមួយគ្រាប់ដល់ទៅ ៧៨ ០០០ដុល្លារ ខណៈដែលប្រព័ន្ធបាញ់មីស៊ីល Stinger anti-aircraft វិញដែលមានចំនួន ១ ៤០០ដើមមានតម្លៃនីមួយៗដល់ទៅ ៣ ៨០០ដុល្លារទាំងដែលអាវុធរាប់រយមុខផ្សេងទៀតអាមេរិកធ្លាប់បាន និងបន្តសន្យាផ្តល់ជូនអ៊ុយក្រែន ហើយចុងក្រោយមានទាំងរថក្រោះធុនធ្ងន់ M1 Abraham ដែលមានតម្លៃដល់ទៅជិត៧លានដុល្លារក្នុងមួយគ្រឿងទៀតផង។ សម្រាប់ទីផ្សារនៅអឺរ៉ុបវិញ ក្រុមហ៊ុនល្បីៗជាអ្នកជំនាញផលិតអាវុធលក់ដូចជា BAE System និង Thales កំពុងសម្ងំកើបលុយរាប់ពាន់លានដុល្លារជាមួយនឹងកុងត្រាផលិតអាវុធទៅឲ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្ត ហើយក្រៅពីនោះគេក៏សង្កេតឃើញមានក្រុមហ៊ុនផលិតអាវុធផ្សេងទៀតដូចជា Dynamit របស់អាល្លឺម៉ង់ជាដើមផងដែរ។ ដូច្នេះ ដរាបណាសង្គ្រាមមិនអាចបញ្ចប់នោះសកលលោកនឹងបន្តផលប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ហើយបណ្តាក្រុមហ៊ុនអ្នកផលិតអាវុធទាំងនោះក៏នឹងបន្តប្រមូលលុយប្រាក់ចំណេញឥតគណនាបន្តទៀតដដែល៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content