សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច

ភ្នំពេញ៖ កម្ពុជា បាន​ និងកំពុងអភិវឌ្ឍ «សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី» ទំហំ ៦០០ ហិកតា លើកដំបូងបង្អស់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ ដោយគម្រោងនេះបង្កើតឡើងដើម្បីប្រមូលផ្តុំរោងចក្រ សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ឃ្លាំងស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងបង្កើនតម្លៃបន្ថែមដល់ទីផ្សារ។

បន្ថែមពីលើសួនឧស្សាហកម្មស្វាយចន្ទី ខេត្តកំពង់ធំ ក៏ទទួលបានគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះខ្នាតធំ ទំហំ ៣០០ហិកតា ដែលកំពុងសិក្សារួមគ្នាដោយរដ្ឋបាលខេត្ត និងក្រុមហ៊ុន Royal Group Phnom Penh SEZ ក្នុងគោលបំណងទាក់ទាញការវិនិយោគផ្ទាល់ បង្កើតការងារជូនប្រជាពលរដ្ឋ និងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច។

ពាក់ព័ន្ធនឹងគម្រោងសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនេះ លោក លី ហ្គាលី នាយកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពង់ធំ បានប្រាប់ AMS Economy ថា គម្រោងនេះបានដំណើរការហើយ ដោយបច្ចុប្បន្ននេះ បានរៀបចំធ្វើការឈូសឆាយសម្អាតដីទំហំ ១៥០ ហិកតា សម្រាប់ជំហានដំបូង ។ គម្រោងសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនេះនឹងផ្ដល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតឱកាសការងារឱ្យប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ ជាពិសេស ស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ ក្រុងស្ទឹងសែន ដែលប្រជាពលរដ្ឋអាចធ្វើការងារនៅក្នុងតំបន់នោះ។ ទីតាំងគម្រោងគឺនៅកៀកនឹងផ្លូវជាតិលេខ៦២ និងកៀកផ្លូវជាតិលេខ៦A ដែលផ្តល់ភាពងាយស្រួលក្នុងការរកកម្លាំងពលកម្ម ងាយស្រួលក្នុងការធ្វើដំណើរពីស្រុកនីមួយៗមកធ្វើការ និងចំណាយពេលប្រហែលជា ១៥ នាទី ទៅ ២០ នាទីប៉ុណ្នោះ គឺអាចធ្វើដំណើរមកដល់។

លោកបានបញ្ជាក់ថា៖

«គម្រោងនៅក្នុងទីតាំងសួនកសិ-ឧស្សាហកម្មចន្ទី គឺរដ្ឋាភិបាលបានផ្តល់ QIP (គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវបានចុះបញ្ជីជាផ្លូវការ និងទទួលបាន វិញ្ញាបនបត្រចុះបញ្ជីស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការវិនិយោគ)។ មានន័យថា រាជរដ្ឋាភិបាលចេញ QIP ឱ្យទៅក្រុមហ៊ុន ហើយក្រុមហ៊ុនដែលទទួលបានសិទ្ធិចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹង ទទួលបានភាពងាយស្រួលក្នុងការដឹកជញ្ជូនចេញទៅតាមផ្លូវគោក និងផ្លូវទឹក ។ រាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់ការលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការបញ្ចុះថ្លៃអគ្គិសនីផងដែរ»។

យោងតាមច្បាប់ស្តីពីវិនិយោគ (ឆ្នាំ២០២១) ការទទួលបានស្ថានភាពជា QIP គឺជាមធ្យោបាយចម្បងសម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីទទួលបាននូវការលើកទឹកចិត្តផ្នែកពន្ធដារដ៏ច្រើនសន្ធឹកសន្ធាប់ និងការការពារនានាពីរាជរដ្ឋាភិបាល។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ AMS Economy ថា នៅពេលដែលសួនឧស្សាហកម្មស្វាយ​ចន្ទីក្នុងខេត្តកំពង់ធំលេចចេញជារូបរាង វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច ព្រោះតាមរយៈសួនឧស្សាហកម្មនេះវានឹងផ្ដល់តម្លៃបន្ថែមជូនដល់កសិករ និងបង្កើតការងារដល់ពលរដ្ឋនៅក្នុងសហគមន៍។ លើសពីនេះ ក្រុមហ៊ុនដែលវិនិយោគនៅក្នុងសួនឧស្សាហកម្មនេះ ក៏នឹងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ផងដែរ ហើយតាម​រយៈសួនឧស្សាហកម្មនេះដែរ វានឹងជួយកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស និងបង្កើនផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក។

លោកបានបន្តថា ៖

«ការបង្កើតកសិ-ឧស្សាហកម្មចន្ទី ជាដំណឹងល្អសម្រាប់កសិករក្នុងវិស័យនេះ។ ឆ្នាំ២០២៦ នេះ ពិតជាឆ្នាំមាសសម្រាប់ពួកគាត់ ដោយសារទាំងទិន្នផលកើនឡើងដល់ ២៥% ហើយតម្លៃទៀតសោតក៏មានស្ថិរភាពល្អ ដែលធ្វើឱ្យជីវភាពរស់នៅ និងការវិនិយោគលើដំណាំនេះទទួលបានផលចំណេញខ្ពស់គួរជាទីគាប់ចិត្ត។ ដោយឡែក គម្រោងតំបន់សេដ្ឋកិច្ចពិសេសស្វាយចន្ទីកំពង់ធំ ត្រូវឆ្លងកាត់ដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ទម្លាប់ និងការទាក់ទាញវិនិយោគិនបរទេស ដែលអាចប្រើពេលយូរ»។

កញ្ញា ​សឿន ​សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង ​យល់​ឃើញ​ថា៖​ ការមានសួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី គឺជារឿងល្អសម្រាប់ការអភិវឌ្ឍវិស័យចន្ទី និងបង្កើតការងារជូនដល់ពលរដ្ឋ។

កញ្ជាក់ថា ៖​

«វាប្រៀបដូចអេកូស៊ីស្ទិម ទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុក ហើយនៅ​ពេល​ដែលមាន​សួនឧស្សាហកម្មស្វាយចន្ទីរួម នឹងមានភាពងាយស្រួល ពីព្រោះនៅក្នុងសួន យើងអាច​ធ្វើ​អ្វីៗបានទាំងអស់ មិនថាកែច្នៃ​ ឬក៏កែច្នៃផលិតផលអ្វីផ្សេងៗទៀតចេញពីស្វាយចន្ទី»។

​យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា  ការនាំចេញគ្រាប់ឆៅក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ ទៅកាន់ប្រទេសវៀតណាម មានចំនួនដល់ទៅ ៩៧ ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១,៦៩១ លានដុល្លារ​។ នេះជាតួលេខដ៏ធំធេង ដែលបញ្ជាក់ពីសក្តានុពលខ្ពស់របស់កម្ពុជាក្នុងការផលិតគ្រាប់ស្វាយចន្ទីឆៅ។ សូមជម្រាបថា នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ២០២៤។

ជាមួយគ្នានេះ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ ខេត្តកំពង៉ធំ បានទទទួលគម្រោងធំមួយទៀត គឺបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ (Kampong Thom Special Economic Zone – KTSEZ) ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា (Joint Venture Agreement) ជាមួយរដ្ឋបាលខេត្តកំពង់ធំ។

គម្រោងនេះមានគោលបំណងអភិវឌ្ឍតំបន់កសិ-ឧស្សាហកម្មកែច្នៃ តាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» (Farm-to-Factory Agro-Processing Zone) ដែលនឹងលើកកម្ពស់ឧស្សាហកម្មជំនួសការនាំចូល និងឧស្សាហកម្មដែលផ្តោតលើការនាំចេញ ដោយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងឧស្សាហូបនីយកម្មជនបទ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករតាមរយៈកិច្ចអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល។

ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំនេះ គឺស្របទៅតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម ការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងការអភិវឌ្ឍតំបន់ប្រកប​ដោយតុល្យភាព។ គម្រោងនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ក្នុងការពង្រឹងវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា បង្កើតឱកាសការងារនៅតំបន់ជនបទ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជាទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍ថា៖ គម្រោងនេះ គឺជាការបោះជំហានចូលទៅក្នុងវិស័យថ្មីមួយសម្រាប់ក្រុមហ៊ុនណហើយវា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ជនបទ ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ដែលក្រុមហ៊ុនបានកសាងអស់រយៈពេលជាង ២ទសវត្សរ៍កន្លងមក។ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ក្រុមហ៊ុនមានគោលបំណងបង្កើតឱកាសការងារប្រកបដោយចីរភាព ផ្តល់ប្រភពចំណូលមានស្ថិរភាពដល់សហគមន៍ជនបទ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។

ដោយផ្អែកលើបទពិសោធន៍ជាង ២ទសវត្សរ៍ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានគោលបំណងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ឱ្យក្លាយជាតំបន់កសិ-ឧស្សាហកម្មកែច្នៃតាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» ឈានមុខគេ រួមចំណែកពង្រឹងខ្សែសង្វាក់តម្លៃកសិកម្ម ទាក់ទាញការវិនិយោគប្រកបដោយគុណភាព និងបង្កើតឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាកសិករ និងសហគមន៍ជនបទនៅកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា៖ ខេត្តកំពង់ធំ មានសក្តានុពលធំជាងគេគឺវិស័យកសិកម្ម ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅជាង៦០ម៉ឺនហិកតា រួមមានដូចជា ដំណាំស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្វាយ ទុរេន និងដំណាំផ្សេងៗទៀត លើសពីនេះ កំពង់ធំ ក៏ជាទីតាំងដែលសមស្របសម្រាប់ការធ្វើវារីវប្បកម្ម ហើយម្យ៉ាងវិញទៀត គឺជាចំណុចកណ្ដាលនៃប្រទេស ដែលមានលក្ខណៈងាយ​ស្រួលសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ងាយស្រួលប្រមូលផលិតផលកសិកម្មមកពីបណ្តាខេត្តផ្សេងៗ និងខេត្តជុំវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *