បរទេស ៖ នៅទីបំផុតប្រទេសជប៉ុនដែលធ្លាប់តែអនុវត្តនូវរដ្ឋធម្មនុញ្ញសន្តិភាព ឬ pacifist constitution តាំងតែពីឆ្នាំ១៩៤៧នោះ បានដកខ្លួនចេញទាំងស្រុងហើយចេញពីកិច្ចព្រមព្រៀងនេះ។ តាមរយៈការប្រកាសអំពីផែនការនាំចេញអាវុធជាលើកដំបូងទៅក្រៅប្រទេសហើយនោះ អតិថិជនដំបូងរបស់ជប៉ុនក៏ជាមហាអំណាចអាមេរិកដែលត្រូវបានគេស្គាល់គ្រប់គ្នាថាជាអ្នកទំលាក់នុយក្លេអ៊ែរ២លើកលើទឹកដីដែនកោះនេះដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២ផងដែរ។
កុងត្រាលក់អាវុធមិនធ្លាប់មានរបស់ជប៉ុនលើកនេះគឺធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងទីក្រុងតូក្យូដែលវានឹងត្រូវទទួលខុសត្រូវដោយក្រុមហ៊ុនផលិតក្នុងស្រុកគឺ Mitshubishi Heavy Industries ដោយការនាំចេញនូវមីស៊ីលប្រភេទ Patriot ទៅឲ្យសហរដ្ឋអាមេរិកក្នុងពេលដែលឃ្លាំងអាវុធរបស់មហាយក្សមួយនេះកំពុងខ្វះខាតដោយសារផ្តល់ជំនួយយោធាកន្លងមកទៅឲ្យប្រទេសអ៊ុយក្រែន។

កាសែត RT រុស្សីសរសេរថា ទោះបីជាមីស៊ីលទាំងនោះនឹងមិនបានបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែនដោយផ្ទាល់ ប៉ុន្តែតាមរយៈការបញ្ជាទិញពីអាមេរិកនោះរដ្ឋាភិបាលក្រុងគៀវនឹងអាចទទួលបានសព្វាវុធប្រភេទនេះបន្ថែមទៀតក្នុងបេសកកម្មវាយបករបស់ខ្លួនប្រឆាំងទៅនឹងប្រទេសរុស្ស៊ី។
ផែនការយោធាដែលមិនធ្លាប់មាននេះធ្វើឡើងនៅក្នុងថ្ងៃតែមួយដែលគណៈរដ្ឋមន្ត្រីជប៉ុនបានប្រកាសអនុម័តកញ្ចប់ថវិកាយោធាថ្មីដែលមានទំហំកើនឡើងដល់ទៅ១៦ភាគរយជាកំណត់ត្រាថ្មីរបស់ជប៉ុនផងដែរសម្រាប់ឆ្នាំ២០២៤ ឬប្រហែលជា ៧,៩៥ទ្រីលានយេន ឬត្រូវជា ៥៥,៨ពាន់លានដុល្លារ។
រំលឹកដែរថា លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio កាលពីខែធ្នូ ឆ្នាំ២០២២កន្លងមកធ្លាប់បានប្រកាសអំពីផែនការមេក្នុងការកសាងកម្លាំងយោធារយៈពេល៥ឆ្នាំដែលវានឹងអាចធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសចំណាយលើវិស័យការពារជាតិច្រើនជាងគេលំដាប់ទី៣របស់ពិភពលោកនៅពីក្រោយតែសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះ។
ការចំណាយដ៏ធំបែបនេះ ធ្លាប់ត្រូវបានគេគិតថាជារឿងដែលមិនអាចទៅរួចឡើយ ស្ថិតក្រោមរដ្ឋធម្មនុញ្ញដែលរៀបចំតាក់តែងដោយសហរដ្ឋអាមេរិកដែលរដ្ឋាភិបាលទីក្រុងតូក្យូ បានលះបង់សិទ្ធិក្នុងការធ្វើសង្រ្គាម ប៉ុន្តែបែរជាអាចមានអាវុធលើសពីតម្រូវការសម្រាប់កម្រិតការពារជាតិទៅវិញ។

អ្វីដែលអ្នកជំនាញនយោបាយអាចព្យាករណ៍បានក្រោយពេលកិច្ចព្រមព្រៀងនេះអាចធ្វើឡើងបានជោគជ័យហើយនោះ វានឹងក្លាយទៅជាការត្រួសត្រាយផ្លូវសម្រាប់ជប៉ុនក្នុងការក្លាយខ្លួនជាទីតាំងផលិតអាវុធសំខាន់ៗផ្សេងទៀត ដូចជា F-15 ក្រោមអជ្ញាបណ្ណដែលអនុញ្ញាតឲ្យដោយអាមេរិក ហើយអាចលក់វាបានទៅកាន់ប្រទេសអាមេរិកវិញព្រមទាំងអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តី នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជាតិរបស់ចិនស៊ិនហួ ឬ Xinhua បានចុះផ្សាយនូវចំណងជើងធំៗថាយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ជប៉ុនកំពុងស្ថិតនៅលើផ្លូវដ៏គ្រោះថ្នាក់មួយ “Japan’s security strategy moving on dangerous path”។
ស៊ិនហួបានសរសេរថា ៖ មានអ្នកវិភាគជាច្រើនបានជឿជាក់ថា កញ្ចប់ថវិកាជាតិថ្មីរបស់ជប៉ុន និងការដកទណ្ឌកម្មនៃការនាំចេញអាវុធរបស់ជប៉ុនគឺជាទង្វើដ៏គ្រោះថ្នាក់ដែលបំពានរដ្ឋធម្មនុញ្ញសន្តិភាពក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន ហើយវានឹងអាចធ្វើឱ្យមានភាពចលាចលក្នុងតំបន់កាន់តែធ្ងន់ធ្ងរ និងបង្កើនការព្រួយបារម្ភនៅក្នុងសហគមន៍អន្តរជាតិទៀតផង។
អ្នកវិភាគមួយចំនួនទៀតបាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងធ្វើរឿងមួយដែលហួសពីកម្រិតរបស់ខ្លួន។ ការចំណាយលើវិស័យការពារជាតិខ្ពស់នឹងបង្វែរធនធានហិរញ្ញវត្ថុចេញផុតពីវិស័យដែលសំខាន់ និងទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន ហើយវានឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់ប្រជាជនជប៉ុន។
លោក Atsushi Koketsu សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Yamaguchi នៃប្រទេសជប៉ុនបានចង្អុលបង្ហាញថា ជាមួយនឹងថវិកាការពារជាតិដ៏ច្រើនបែបនេះ គេគ្រាន់តែអាចនិយាយបានថា ប្រទេសជប៉ុនបានដកខ្លួនចេញពីប្រទេសអព្យាក្រឹតភាពដែលគ្មានអាវុធ និងដើរចេញពីរដ្ឋធម្មនុញ្ញសន្តិភាព ហើយចាប់យកប្រទេសបែបយោធានិយមជំនួសមកវិញ ប៉ុន្តែវិធីសាស្រ្តនេះអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការមិនទុកចិត្ត និងការប្រុងប្រយ័ត្នរបស់ប្រទេសអាស៊ីផ្សេងទៀតចំពោះប្រទេសជប៉ុនជាមិនខាន៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content