ភ្នំពេញ ៖ ផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥ កាត់តាមខេត្តកំពង់ស្ពឺ និងកណ្ដាល បានក្លាយជាផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូនទំនិញដ៏សំខាន់មួយសម្រាប់ការនាំចេញ និងនាំចូលប្រទេស ហើយផ្លូវនេះដែរ ក៏មានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏មានសក្ដានុពល និងរួមចំណែកបង្កើនមុខរបរ អាជីវកម្ម ក៏ដូចជាប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ។
ជាការកត់សម្គាល់ ចាប់តាំងពីផ្លូវជាតិលេខ៥១ បានសាងសង់រួចរាល់ ឃើញថាមានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យតូចធំជាច្រើន ជាពិសេសនៅតាមបណ្ដោយផ្លូវនេះតែម្ដង ដូចជាគម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ច មានភាពទាក់ទាញខ្លាំងជាងគេ បន្ទាប់មកមានគម្រោងអភិវឌ្ឍន៍ដីឡូត៍ និងលំនៅឋានតម្លៃសមរម្យ ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកជាច្រើនបានបោះទុនវិនិយោគសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនបានសម្លឹងមើលឃើញពីសក្ដានុពលនៃផ្លូវជាតិដ៏សំខាន់នេះ ហើយបានផ្ដល់ជាទស្សនទានសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស អាចពិចារណាក្នុងការដាក់ទុនវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ដោយលើកឡើងថា ផ្លូវនេះ ជាផ្លូវដែលអាចតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ទៅកាន់កំពង់ផែខេត្តកំពត និងតំបន់សក្ដានុពលជាច្រើនទៀតក្នុងប្រទេសកម្ពុជា ។
តាមរយៈការបង្កើតក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក៏នឹងធ្វើឱ្យសក្ដានុពលនៃវិស័យអចលនទ្រព្យនៅតាមបណ្ដោយផ្លូវជាតិលេខ៥១នេះមានសន្ទុះមួយកម្រិតផងដែរ ហើយនៅពេលអនាគត រំពឹងថាការវិនិយោគលើលំនៅឋាន ឧស្សាហកម្ម សហគ្រាសនានា នឹងមានកំណើនបន្ថែមទៀត ។

សូមជម្រាបដែរថា ផ្លូវជាតិលេខ៥១ ត្រូវបានអភិវឌ្ឍយ៉ាងយកចិត្តទុកទៅលើគុណភាព ដោយក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុប ៣៧,៩៥ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឧដុង្គ នៃចំណុចប្រសព្វផ្លូវជាតិលេខ៥ ឆ្ពោះទៅថ្នល់ទទឹងនៃចំណុចប្រសព្វផ្លូវជាតិលេខ៤ ក្នុងទទឹងផ្លូវ១២ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ ផ្លូវនេះមានភូមិសាស្រ្តស្ថិតនៅក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដោយមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវលេខ៤១ ភ្ជាប់ទៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤២ តភ្ជាប់ទៅភ្នំពេញ និងផ្លូវលេខ១៤៤០ ឆ្ពោះទៅក្រុងច្បារមនខេត្តកំពង់ស្ពឺ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content