អ្នកស្រាវជ្រាវសេដ្ឋកិច្ច ៖ ការចូលរួមទិញផលិតផលក្នុងស្រុកនឹងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា ការចូលរួមគ្នាទិញផលិតផលក្នុងស្រុកនឹងចូលរួមចំណែកជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារក្នុងស្រុក ជំរុញចរន្តលុយ និងផលិតកម្មក្នុងស្រុកឱ្យមានដំណើរការក្នុងសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) បានថ្លែងប្រាប់ AMS ថា ជាការពិតណាស់ ការចូលរួមគ្នាទិញផលិតផលក្នុងស្រុកជួយដល់សេដ្ឋកិច្ចសង្គមច្រើនណាស់។ នេះគេហៅថា ចរន្តលុយក្នុងស្រុក ជួយជំរុញផលិតកម្មស្រុកមានដំណើរការជាប្រចាំ និងមិនធ្វើឱ្យផលិតកររាំងស្ទះផលិតកម្ម អាចធានា និងជំរុញឱ្យការគ្រប់គ្រងគុណភាព និងការពារដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ហើយនឹងបង្កើតឱ្យមានផលចំណេញដល់សេដ្ឋកិច្ច។

លោកបណ្ឌិតបានឱ្យដឹងថា ទាក់ទងនឹងចរន្តលុយតាមរយៈការទិញផលិតផលក្នុងស្រុក លុយនឹងចរាចរច្រើន ដែលកាត់បន្ថយការនាំរូបិយបណ្ណអន្តរជាតិនៅក្រៅប្រទេស ហើយនឹងចូលជំរុញការផលិតកម្មក្នុងស្រុកមានដំណើរការ ដែលជាចំណែកជួយជំរុញឱ្យសេដ្ឋកិច្ចមានកំណើន តាមរយៈការបង្កើតការងារក្នុងស្រុក និងការអភិវឌ្ឍផ្សេងៗ ទាក់ទងនឹងផលិតកម្មក្នុងស្រុកជាដើម។

លោកបណ្ឌិតបានថ្លែងបន្តថា ៖

«ចំណុចមួយការចូលរួមគ្នាទិញ វាបង្កើតនូវអត្តសញ្ញាណជាតិរបស់យើង ដោយសារកាលណាយើងផលិតផលផ្ទាល់ខ្លួនរបស់យើង ផលិតផលហ្នឹងនឹងក្លាយជាអត្តសញ្ញាណជាតិមួយ ដែលយើងឱ្យតម្លៃ ហើយការឱ្យតម្លៃនេះទៀតនឹងធ្វើឱ្យផលិតផលរបស់យើងអាចធ្វើការនាំចេញទៅក្រៅប្រទេស»។

លោកបណ្ឌិតបានឱ្យដឹងទៀតថា ៖

«ផ្ទុយទៅវិញ បើយើងមិនប្រើប្រាស់ និងមិនលើកស្ទួយផលិតផលក្នុងស្រុក អ្វីៗទាំងអស់គឺយើងខាតបង់ច្រើន ទំាងសេដ្ឋកិច្ច និងផលិតកម្មរបស់យើង ដោយសារតែយើងប្រើប្រាស់ផលិតផលបរទេស ជាជាងការប្រើប្រាស់ផលិតផលក្នុងស្រុក»។

លោកបានលើកឡើងពីគំរូប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ជាដើម ប្រទេសទំាងពីរនេះបានលើកកម្ពស់ផលិតផលស្រុកច្រើន ដែលនាំឱ្យការធ្លុះធ្លាយសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរមានអត្រាទាប។ រីឯប្រទេសកម្ពុជាមានការធ្លុះធ្លាយសេដ្ឋកិច្ចច្រើន សម្រាប់ការនាំចូលផលិតផលច្រើនពីក្រៅប្រទេស ដូច្នេះការលើកកម្ពស់ និងការប្រើប្រាស់ផលិតផលក្នុងស្រុកចូលរួមច្រើនណាស់ដល់កំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋាភិបាលកម្ពុជា តាមក្រសួងពាណិជ្ជកម្មប្តេជ្ញាជំរុញចរាចរផលិតសក្តានុពលរបស់កម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស នាពេលកន្លងមក តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា  ក្រសួងពាណិជ្ជកម្ម បាន និងកំពុងប្រឹងប្រែងជំរុញចរាចរផលិតសក្តានុពលរបស់កម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្ត ជាច្រើន។

ការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តទាំងនេះរួមមានជាអាទិ៍៖

– ការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងនោះរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែងជាដើម។

– ការធ្វើកំណែទម្រង់ស្ថាប័ន រួមមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងការបង្កើតក្រុមការងារជាសសរស្តម្ភក្រោមក្រសួងពាណិជ្ជកម្ម។

– ការដាក់ដំណើរការគម្រោងឌីជីថល Go4Cam, CambodiaTrade.com និងការបង្កើតផ្សារពាណិជ្ជកម្មផ្សារភ្ជាប់ទៅនឹងសហគ្រាសមីក្រូ តូចនិងមធ្យម។

– ការចរចាបង្កើតទីផ្សារបន្ថែមតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កម្ពុជា-កូរ៉េ (CKFTA) និងអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី មួយចំនួនទៀត។ និង

– ការអនុវត្តយុទ្ធនាការលើកស្ទួយផលិតកម្ពុជា តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម និងជាពិសេសការចូលរួមកែប្រែវិបត្តិឱ្យក្លាយជាឱកាស ក្នុងការជំរុញផលិតផលជាតិក្នុងអំទ្បុងពេលបិទខ្ទប់។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនជាសំខាន់ផងដែរថា ៖

«តាមរយៈការបន្តអនុវត្តនូវយន្តការខាងលើនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារនេះទ្បើងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារដើម្បីជាទិសដៅអនុវត្តការងារបន្តដូចខាងក្រោម៖

– ក្រុមការងារតាមវិស័យនីមួយៗ ត្រូវបន្តសហការ និងគាំទ្រគ្នា (cross-learning) ដើម្បីអាចឱ្យការងារកាន់តែមានភាពប្រទាក់ក្រទ្បាគ្នា និងបំពេញបន្ថែមគ្នាទៅវិញទៅមក

– អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំ និងជាពិសេស លទ្ធផលនៃកិច្ចពិភាក្សា ដោយក្នុងបរិការណ៍នេះ គ្រប់សមាជិកនៃក្រុមការងារសុទ្ធតែមានបទពិសោធន៍ឆ្លងកាត់ និងដោះស្រាយបញ្ហានានាក្នុងអំទ្បុងពេលនៃវិបត្តិកូវីដ-១៩នេះ ហើយបរិយាកាសទីផ្សារមានការវិវត្តយ៉ាងឆាប់រហ័ស (ជាពិសេសតម្លៃលើទីផ្សារ) បង្កទ្បើងដោយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺឆ្លង និងការប្រកួតប្រជែងគ្នានៃមហាអំណាចសេដ្ឋកិច្ច – គោលបំណងចម្បងនៃការបង្កើតក្រុមការងារនេះទ្បើង រួមមាន៖ (១) ការជួយដល់បងប្អូនកសិករក្នុងការដាក់លក់ផលិតផលទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស (២) ការជួយដល់អ្នកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឱ្យទទួលបានទំនិញប្រកបដោយគុណភាព និងក្នុងតម្លៃកាន់តែប្រសើរ និង (៣) ការជួយដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនានា ដើម្បីអាចធ្វើពាណិជ្ជកម្មបានយ៉ាងរលូន និងមានភាពប្រកួតប្រជែង អនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។