សារាយសមុទ្រជាប្រភេទរុក្ខជាតិសមុទ្រដែលមានប្រភេទខ្លះអាចបរិភោគបាន ប៉ុន្តែខ្លះទៀតមិនអាចនោះទេ ហើយវាថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្សទៀតផង ខណៈដែលសារាយសមុទ្រអាក្រក់អាចបញ្ចេញសារធាតុអាម៉ូញាក់ក្លិនស្អុយ និងឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វាត ដែលអាចបង្កទៅជាបញ្ហាជាច្រើនដល់មនុស្សដូចជាបញ្ហាស្បែក ខួរក្បាល សួតហើយពេលខ្លះអាចបណ្តាលឱ្យមានអាការក្អួតចង្អោរ ពិបាកដកដង្ហើមជាដើម។

នៅឆ្នេរសមុទ្រនៃប្រទេសម៉ិចស៊ីកូ មានបញ្ហាសារាយសមុទ្រអាក្រក់ដូចបានលើកឡើងខាងលើបង្កជាបញ្ហាដល់ការរស់នៅរបស់ពលរដ្ឋជាច្រើនឆ្នាំកន្លងមកហើយ ដោយសារសារាយសមុទ្ររាប់ម៉ឺនតោនបានអណ្តែតមកគាំងនៅតាមច្រាំងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានរស់នៅក្បែរខាងផងនិងបានធ្វើឲ្យមានការខាតបង់ដល់សកម្មភាពកំសាន្ត និងការចំណាយលុយដល់ទៅរាប់សិនលានដុល្លារជារៀងរាល់ឆ្នាំដើម្បីសំអាតវាចេញ។
ក្នុងពេលដែលមនុស្សគ្រប់គ្នាមើលឃើញថា សារាយសមុទ្រទាំងនោះជាបញ្ហា ប៉ុន្តែបុរសជនជាតិម៉ិចស៊ីកូម្នាក់ដែលមានឈ្មោះ Omar Vazquez បែរជាបានមើលឃើញឱកាសដ៏កម្រពីធនធានធម្មជាតិមួយនេះទៅវិញបន្ទាប់ពីលោកបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងការរកឃើញពីដំណោះស្រាយ និងបានចាប់ផ្តើមអនុវត្តការងារនេះប្រើប្រាស់ធនធានដែលអត់ប្រយោជន៍សោះរបស់សារាយទៅជាផលិតផលថ្មីមួយដែលអាចផ្តល់ផលចំណេញ និងអត្ថប្រយោជន៍ដល់បរិស្ថានរស់នៅទៀតផង។

ចាប់តាំងតែពីឆ្នាំ២០១៨ រហូតមក លោកបានបន្តអាជីវកម្មកែច្នៃសារាយសមុទ្រអាក្រក់ទាំងនោះទៅជាដុំឥដ្ឋដ៏រឹងម៉ាំដែលអាចយកទៅសាងសង់ជាផ្ទះផង ហើយមានភាពធន់ខ្លាំងទៅនឹងអាកាសធាតុផង ដែលសូម្បីតែខ្យល់ព្យុះ hurricane ក៏អាចទប់ទល់បាន។
ដុំឥដ្ឋរបស់គាត់ត្រូវបានអតិថិជនប្រើប្រាស់មានចំនួនកើនឡើង ប៉ុន្តែក្នុងកម្រិតលំនៅដ្ឋានដែលមានតម្លៃធូរថ្លៃប៉ុណ្ណោះ ដែលមកទល់ពេលនេះផ្ទះរាប់សិបខ្នងមកហើយដែលត្រូវបានសាងសង់ឡើងដោយដុំឥដ្ឋនេះ។ ក្រៅតែពីអាចទាញចំណូលបានពីការលក់ និងសាងសង់លំនៅដ្ឋានហើយនោះ Omar មិនបានចំណាយថ្លៃដើមសម្រាប់សារាយនោះទេ ផ្ទុយទៅវិញគាត់បានទទួលប្រាក់កម្រៃជាច្រើនពីសណ្ឋាគារដែលស្ថិតនៅក្បែរឆ្នេរជាថ្នូរទៅនឹងប្រមូលយកវាចេញពីឆ្នេរ និងឲ្យផុតពីភ្នែករបស់ភ្ញៀវទេសចរថែមទៀតផង។

ក្រុមការងាររបស់ Omar បច្ចុប្បន្នមានចំនួនប្រហែលជាជិត១០នាក់អាចប្រមូលសារាយសមុទ្រអាក្រក់បានទៅដល់ជាង៤០តោនជារៀងរាល់ថ្ងៃ។ ពេលដឹកជញ្ជូនទៅដល់រោងម៉ាស៊ីនផលិតដុំឥដ្ឋរបស់ Omar សារាយទាំងនោះត្រូវបានរៀបចំយ៉ាងត្រឹមត្រូវតាមរូបមន្តដែលគាត់បានស្រាវជ្រាវដើម្បីលាយជាមួយនឹងល្បាយដី។ ដំបូងឡើយ Omar អាចផលិតបានឥដ្ឋប្រមាណជា ៣០០០ដុំប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នគាត់បានប្រើប្រាស់ម៉ាស៊ីនធំជាងមុនដែលអាចផលិតបានទៅដល់៨០០០ដុំក្នុងមួយថ្ងៃ។
គួរឲ្យដឹងដែរថា ដុំឥដ្ឋដែលមិនមានក្លិនរបស់ Omar មានលក្ខណៈអំណោយផលបំផុតសម្រាប់បរិស្ថាន និងនិរន្តភាពក្នុងការប្រើប្រាស់ដោយមិនត្រឹមតែអាចរក្សាកំដៅនៅខែរងារនោះទេ វាអាចជួយកាត់បន្ថយកំដៅនៅរដូវក្តៅខ្លាំង ហើយដុំឥដ្ឋដែលមានល្បាយពីសារាយអាក្រក់ដល់ទៅ៤០ភាគរយនេះអាចយកមកកែច្នៃវិញបានម្តងហើយម្តងទៀតជារៀងរហូតទៀតផង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content