ក្រវាញ គឺជាឈ្មោះរុក្ខជាតិប្រចាំតំបន់ជួរភ្នំក្រវាញ ដែលវាដុះតាមធម្មជាតិដោយឯកឯង។ រុក្ខជាតិ ប្រភេទនេះច្រើនតែដុះនៅតំបន់ព្រៃទឹកភ្លៀង ដែលមានលក្ខណៈជីវសាស្ត្រត្រជាក់ ហើយសើម និងមានអត្ថប្រយោជន៍ច្រើនដូចជា អាចធ្វើជាម្ហូប អាចធ្វើជាឱសថព្យាបាលជំងឺផ្សេងៗតាមបែបបុរាណថែមទៀតផង។ បន្ថែមលើនេះ ដើមក្រវាញ ក៏មានតម្រូវការទីផ្សារខ្លាំងផងដែរ ដោយការភាគច្រើនគឺយកទៅចម្អិនធ្វើជាម្ហូបអាហារតាមបណ្តាភោជនីយដ្ឋាន។
ដោយសារតែបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចបានលើកឡើងខាងលើនេះ ប្រជាសហគមន៍ដែលរស់នៅតាមតំបន់មានដុះរុក្ខជាតិក្រវាញ តែងអាស្រ័យផលលើរុក្ខជាតិនេះ ដោយការដកយកទៅលក់ឱ្យឈ្មួញកណ្ដាល។ ហេតុនេះហើយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រវាញក៏ចេះតែសល់តិចទៅៗ ហើយប្រជាជនដែលអាស្រ័យផល ក៏ត្រូវចូលព្រៃកាន់តែជ្រៅជាងមុនដើម្បីអាចដកក្រវាញបាន។
ដោយឡែកនៅពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាសហគមន៍នីមួយៗចេះពីវិធីដាំដុះក្រវាញ ដើម្បីផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង ដែលមិនចាំបាច់ព្រួយបារម្ភថានឹងអស់ក្រវាញដកតទៅទៀត។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានក៏បានជួយស្វះស្វែងរកដំណោះស្រាយ ស្វែងយល់ពីរបៀបដាំដុះរុក្ខជាតិប្រភេទនេះ ដើម្បីលើកស្ទួយជីវភាពប្រជាជនមូលដ្ឋានប្រកបដោយបរិយាប័ន្ន។
ជាដំណាក់កាលដំបូង ក្រសួងបានចាប់ផ្ដើមដោយគាំទ្រលើការដាំដុះនៅក្នុងសហគមន៍ចំនួនពីរ គឺសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ និងសហគមន៍អូរជាំ។ មួយក្នុងចំណោមសហគមន៍ទាំងពីរ គឺសហគមន៍អូរជាំ ដែលស្ថិតក្នុងខេត្តបាត់ដំបង គឺជាសហគមន៍ដែលមានប្រជាជនរស់នៅប្រមាណជា ៣០០គ្រួសារ។ ភាគច្រើននៃប្រជាជននៅក្នុងសហគមន៍មានមុខរបរជាកសិករ និងអាស្រ័យផលអនុផលធនធានធម្មជាតិ។
ប្រធានសហគមន៍អូរជាំ លោក គីម សុង បានឱ្យដឹងថា សហគមន៍របស់លោកទទួលបានការជ្រោមជ្រែងពីក្រសួងបរិស្ថានក្នុងការដាំដុះក្រវាញលើដីសហគមន៍ចំនួន ៥ហិកតា ដែលការដាំដុះនេះ គឺស្ថិតក្នុងដំណាក់កាលសាកល្បងសិន។

លោក គីម សុង បានមានប្រសាសន៍បញ្ជាក់ថា ៖
“យើងបានចែកកូនក្រវាញចំនួន ៤០ភាគរយទៅឱ្យប្រជាជនចំនួន២០គ្រួសារដាំដែរ ហើយក្រៅពីនោះគណកម្មការសហគមន៍យើងជាអ្នកដាំ។ ការដាំក្រវាញទាំងនោះគឺបានមកពីការណែនាំរបស់ក្រសួងខ្លះ និងរៀនមើលពីខាងថៃខ្លះ ហើយបើសិនជាសហគមន៍អាចដាំបានជោគជ័យ នឹងបន្តផ្សុំាកូនបន្តទៀតដើម្បីពង្រីកដីដាំដុះនៅតាមសហគមន៍”
ប្រធានសហគមន៍រូបនេះបានឱ្យដឹងទៀតថា លោកចង់ឱ្យការដាំក្រវាញក្លាយទៅជាមុខរបរគោលរបស់សហគមន៍តែម្ដង ដោយការប្រែក្លាយខ្លួនទៅជាអ្នកផ្គត់ផ្គង់កូនក្រវាញផ្ដាច់មុខ។ ម្យ៉ាងទៀត លោកមានបំណងចង់ក្លាយជាប្រភពសំខាន់ក្នុងការផ្គត់ផ្គង់ក្រវាញទៅកាន់ឈ្មួញកណ្ដាល ឬទៅកាន់ភោជនីយដ្ឋាន។
យ៉ាងណាមិញ ដោយសារតែនេះជាដំណាក់កាលដំបូង លោកក៏មិនទាន់ដាក់ការសង្ឃឹម១០០ភាគរយនោះដែរ ព្រោះវាទាមទារការមើលថែ និងរៀនសូត្រច្រើន។ ម្យ៉ាងទៀត ក្រវាញក៏មិនមែនជាប្រភេទរុក្ខជាតិដែលងាយស្រួលដាំនោះដែរ។ សម្រាប់ដំណាក់កាលនេះ គឺមានតែខំប្រឹងដាំ និងមើលថែឱ្យល្អ ហើយប្រសិនបើធ្វើបាន វាក៏មិនខុសពីការបង្កើតមុខរបរថ្មីជូនប្រជាជនក្នុងសហគមន៍ដែលអាចជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content