ភ្នំពេញ៖ កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីកម្ពុជា- ចិនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្ម នៅកម្ពុជា។

ឯកសារសំខាន់ចំនួន៣នេះរួមមាន៖ ទី១- លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី២ ។ ទី២- វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា ។ ទី៣- ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
ជាមួយគ្នាភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដែរ។

សូមជម្រាបថា ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀល ម៉ោង២៖៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាទ្វេភាគី នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយឯកឧត្តមវ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្រសួងការបរទេស បានអះអាងថា «ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ភាគីទាំងពីរក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ»។
ក្រសួងការបរទេសកម្ពុជា បានអះអាងទៀតថា ការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខការទូតទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ។

សូមជម្រាបថា ឯកឧត្តម វ៉ាង យី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដោយក្នុងនោះឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលជាមួយនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយអនាគតរួមគ្នា លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content